ព័ត៌មានជាតិ

១១ខែ រកឃើញយានយន្ដ មានកំហុស នៅកំពង់ផែព្រះសីហនុ ជាង ៤០០ គ្រឿង ពិន័យ ជិត៣០០លានរៀល (Video)

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មន្ដ្រីជំនាញត្រួតពិនិត្យយានយន្ដគោលដៅ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ចំនួន១៤៩៣៧ គ្រឿង ក្នុងនោះ រកឃើញមានកំហុស ចំនួន៤៦៤គ្រឿង និងពិន័យបានចំនួន ២៨៥ ២២៥ ០០០រៀល។

ថ្មីៗនេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងជាប្រធានក្រុមការងារ ត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅគោលដៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នក បើករថយន្តដឹកទំនិញ ចេញ-ចូល កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។

ជាលទ្ធផល ក្រុមការងារត្រួតពិនិត្យរឹតបន្តឹង ការអនុវត្តច្បាប់ ស្តីពីចរាចណ៍ផ្លូវគោក នៅគោលដៅដើម ទីកំពង់ផែស្វ័យតក្រុងព្រះសីហនុ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្តសរុប ចំនួន១៤៩៣៧ គ្រឿង ក្នុងនោះបានរកឃើញយានយន្ត មានកំហុសសរុប ចំនួន៤៦៤គ្រឿង និងយានយន្តត្រឹមត្រូវមានចំនួន ១៤៤៧៣គ្រឿង ទឹកប្រាក់ពិន័យបានចំនួន ២៨៥ ២២៥ ០០០រៀល ។

ទាក់ទងការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត លោក សេង ឈួន បានថ្លែងថា យានយន្តកុងតឺន័រមួយចំនួនត្រូវបាន រកឃើញមានបញ្ហាបច្ចេកទេស និងប្រើប្រាស់ឯកសារ មិនត្រឹមត្រូវ ក្នុងនោះរួមមាន ៖ គន្លឹះកុងតឺន័រខូច ឬមិនដំណើរការ សម្បកកង់រថយន្តសឹកខ្លាំង ការប្រើប្រាស់បណ្ណបើកបរខុសប្រភេទយាន និងវិញ្ញាបនបត្រត្រួតលក្ខណៈបច្ចេកទេស របស់រថយន្តហួសសុពលភាពជាដើម។

លោកក៏បានអំពាវនាវ ឲ្យអ្នកបើកបរយានយន្តដឹកកុងតឺន័រទាំងអស់ គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អនុវត្តលក្ខខណ្ឌបច្ចេកទេស យានយន្តឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រើប្រាស់ បណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានដែលខ្លួនបើកបរ ធ្វើយ៉ាងណា ដើម្បីជៀសវាងគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុ ដែលបង្កពីការធ្វេសប្រហែស មិនយកចិត្តទុកដាក់ មិនគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

To Top