ព័ត៌មានជាតិ

កម្ពុជា ផ្តល់ទីជម្រកដ៏រឹងមាំ សម្រាប់សត្វត្រយងចង្កំកស (Video)

ភ្នំពេញ៖ បើតាមលទ្ធផលជំរឿនឆ្នាំ២០២១ ដែលបង្ហាញដោយលោក នេត ភត្រា្ត អ្នកនាំពាក្យក្រសួងបរិស្ថាន គឺកម្ពុជាជាទីកន្លែងផ្តល់ជម្រកដ៏រឹងមាំ សម្រាប់សត្វត្រយងចង្កំកស។

ក្នុងហ្វេសប៊ុកលោក នេត ភត្រ្តា នាថ្ងៃ១៣ ធ្នូនេះបានរៀបរាប់ថា ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយ ដែលត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះមានដើមកំណើត នៅតំបន់មួយចំនួននៃ ភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះ បានធ្លាក់ចុះយ៉ាងខ្លាំង នៅចុងសតវត្សទី២០។ សព្វថ្ងៃនេះ ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថា មានប្រមាណជាង ១០០០ក្បាប៉ុណ្ណោះ ដែលក្នុងនោះមានប្រមាណជាង ៦៧០ក្បាលជាសត្វពេញវ័យ។

មកដល់ពេលនេះ កម្ពុជាបានផ្តល់ទីជម្រកដ៏រឹងមាំ សម្រាប់សត្វត្រយងចង្កំកស ដោយសារកម្ពុជាមានវត្តមាន សត្វប្រភេទនេះច្រើនជាងគេ នៅទូទាំងពិភពលោក។ សត្វត្រយងចង្កំកស ដែលរស់នៅកម្ពុជា មានវត្តមាននៅដែន ជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គ នៃដែនជម្រកសត្វព្រៃសំបូរ ។

ទោះជាយ៉ាងណាក៏ដោយ ក៏មានកត្តាគំរាមកំហែងមួយចំនួនដូចជា៖ ការបាត់បង់ទីជម្រក ការកាប់ដើមឈើដែល ពួកវាកាច់សម្បុកនិងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្ស។

ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយ អង្គការដៃគូក្នុងការ អភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿន សត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំ នៅទីតាំងសំខាន់ៗចំនួនបួន ចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផលជំរឿនដំបូងមាន សត្វត្រយងចង្កំកសចំនួន ៣១០ក្បាលប៉ុណ្ណោះ។ តាមរយៈការធ្វើជំរឿនបួនឆ្នាំបន្ទាប់ទៀត ចំនួនសត្វនេះបានកើនឡើងដល់ ៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ មកតិចជាង ៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។

នៅឆ្នាំ២០២១ ក្រសួងបរិស្ថាននិងអង្គការដៃគូរួមមាន៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ ការអភិរក្សជីវចម្រុះ (ACCB) និង ក្រុមហ៊ុន Rising Phoenix បានសហការគ្នាក្នុងការ ធ្វើជំរឿងសត្វត្រយងចង្កំកស នៅតំបន់សំខាន់ៗទូទាំងកម្ពុជា ដោយបានធ្វើជំរឿន ចំនួនបួនខែ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងរដូវវស្សាដែលទទួលបាន លទ្ធផលចំនួនដល់ទៅ ៧៥៤ក្បាល នៅខែសីហា។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើង បន្តិចម្តងៗនៃចំនួនប្រភេទសត្វ ដែលជិតផុតពូជមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធដែលសហការនិងចូលរួម ការងារអភិរក្សសត្វស្លាបប្រភេទនេះ។

គួរបញ្ជាក់ផងដែរថា តាមរយៈលទ្ធផលជំរឿនខាងលើ ដែនជម្រកសត្វព្រៃសៀមប៉ាង ជាទីជម្រកដ៏សំខាន់ សម្រាប់សត្វត្រយងចង្កំកស ដោយកត់ត្រាបានចំនួនសរុប ៣៧៣ក្បាល។ ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ ជាទីតាំងសំខាន់បន្ទាប់ដោយ កត់ត្រាបានចំនួន២៥២ក្បាល។ ដោយឡែកនៅដែនជម្រកសត្វព្រៃ ផ្សេងទៀតបានបង្ហាញពី លទ្ធផលកើនឡើងផងដែរ ៕

To Top