ព័ត៌មានជាតិ

១១ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ ជាង២ពាន់លានដុល្លារ (Video)

ភ្នំពេញ ៖ ក្នុងរយៈពេល១១ ខែឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ ចំនួន ២ ៥៦០.១២លានដុល្លារ ស្មើនឹង១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ដរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ធ្នូ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ខែវិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន ប្រមាណជា ២៤៤.៥២ លានដុល្លារ ស្មើនឹង ១០.៩០% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ឃើញថា កើនឡើងប្រមាណជា ១២.១៧ លានដុល្លារ ស្មើនឹង ៥,២៤%។

លោកបញ្ជាក់ថា «សរុបរយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០ ៣៦៨.៥០ ប៊ីលានរៀល (ប្រមាណជា ២ ៥៦០.១២ លានដុល្លារ) ស្មើនឹង ១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»។

លោកបន្ថែមថា តើកត្តាអ្វីដែលធ្វើឲ្យលទ្ធផល ប្រមូលចំណូលពន្ធកើនឡើង ក្នុងខែវិច្ឆិកា និងឈានទៅសម្រេចលើសផែនការឆ្នាំ២០២១ រហូតដល់១៤.១៣% ក្នុងរយៈពេលត្រឹមតែ ១១ខែ ឆ្នាំ២០២១? ដោយសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈចាត់វិធានការ ជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពធន់របស់សហគមន៍ ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិ ឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញ នៅក្នុងខែវិច្ឆិកាកន្លងទៅ ៕

To Top