ព័ត៌មានជាតិ

កម្ពុជា ជំពាក់បំណុល បរទេសជាង ៩ប៊ីលានដុល្លារ តែមានលទ្ធភាពសង ព្រោះនៅកម្រិតទាប (Video)

ភ្នំពេញ ៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រហូតមកដល់ពេលនេះ កម្ពុជាបានជំពាក់បំណុលបរទេស ជាង៩ប៊ីលានដុល្លារ ហើយក៏មានលទ្ធភាពសង ព្រោះបំណុលនេះ នៅកម្រិតទាប បើធៀបនឹងបណ្ដាប្រទេសផ្សេងៗ។

ការលើកឡើងរបស់ លោក ផាន់ ផល្លា បែបនេះ ឆ្លើយសំណួររបស់ លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល ក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។

លោក ផាន់ ផល្លា បានថ្លែងថា «ខ្ញុំសូមបញ្ជាក់ថា បំណុលយើងទាំងមូល ប្រទេសកម្ពុជាយើង គឺយើងមានជាង៩ប៊ីលានដុល្លារ យើងនៅមានលទ្ធភាពសងគេ អត់មានបញ្ហាទេ ហើយបំណុលរបស់យើង មកដល់ថ្ងៃនេះ នៅកម្រិតទាប»។

លោកបន្ដថា តាមការវាយតម្លៃរបស់ IMS ធនាគារពិភពលោក (WB) និងស្ថាប័នមីក្រូហេរិញ្ញវត្ថុ អន្ដរជាតិផ្សេងៗទៀត បានធៀបបំណុលរបស់កម្ពុជា ទៅជាមួយប្រទេសផ្សេងៗទៀត គឺកម្ពុជានៅកម្រិតទាបនៅឡើយ ខណៈកម្ពុជា មិនទាន់ដល់កម្រិតវ័ណ្ឌក ដូចបណ្ដាប្រទេសមួយចំនួនឡើយ។

នាឱកាសនោះដែរ លោក ផាន់ ផល្លា បានលើកឡើងទៀតថា ចំពោះវិស័យទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងអ្នកពាក់ព័ន្ធបាននិងកំពុងពិភាក្សាគ្នា ដើម្បីជួយប្រតិបត្តិករវិស័យទេចរណ៍ ក្នុងខេត្តមួយចំនួន ដែលនឹងលេចជារូបរាងនៅខែមករា ឆ្នាំ២០២២។ លោកថា ចំពោះវិស័យទេចរណ៍ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត នាដោយបានជួយយ៉ាងច្រើន ៕

To Top