នយោបាយ

លោក មាជ សុវណ្ណារ៉ា៖ សវនាការលោក កឹម សុខា គឺកម្ពុជា ដើរឆ្ពោះទៅរកបើកច្រក ពង្រឹងនយោបាយ ការទូតជាថ្មីឡើងវិញ (Video)

" "

ភ្នំពេញ៖ អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) លោក មាជ សុវណ្ណារ៉ា បានថ្លែងថា នៅដើមឆ្នាំ២០២២ខាងមុខនេះ កម្ពុជាដើរឆ្ពោះទៅរក ការបើកច្រកពង្រឹងនយោបាយ ការទូតជាថ្មីឡើងវិញ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីតុលាការ បានប្រកាសបន្តបើកសវនាការលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខ។

" "

លោក មាជ សុវណ្ណារ៉ា តាមរយៈបណ្តាញទំនាក់ទំនង​ សង្គមហ្វេសប៊ុកនាថ្ងៃ១៤ ធ្នូនេះ បានលើកឡើងថា “រឿងសវនាការលោក កឹម សុខា មេបក្សជំទាស់ដ៏ធំបំផុត​ នៅកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដើមឆ្នាំក្រោយ គឺជាផ្លូវមួយឆ្ពោះទៅរក​ ការបើកច្រក ពង្រឹងនយោបាយការទូតជាថ្មីឡើងវិញ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ដើរតួជាអន្តរការីទូត ក្នុងការដោះវិបត្តិនយោបាយភូមា នៅខែមករា និងអាស៊ាន ជំនួបជាមួយ ប្រធានាធិបតីអាមេរិក នៅខែកុម្ភៈ ឆ្នាំ២០២២ ក្នុងខណៈដែលប្រទេសមួយនេះ បានជួបនូវវិបត្តិជម្លោះនយោបាយ ជាប់គាំងរំលោភធ្ងន់ធ្ងរ ដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយរងការរិះគន់ ពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រឿងចាប់មេបក្សសង្រ្គោះជាតិ លោក កឹម សុខា ដាក់គុក រំលាយបក្សសង្រ្គោះជាតិ ជាដើមនោះ” ។

" "

លោកថា របបនយោបាយថ្មី នៃកម្ពុជា ឆ្ពោះទៅកាន់ប្រធានអាស៊ាន ក្នុងភូមិសាស្រ្តនយោបាយតំបន់ ដែលកម្ពុជា ជាអ្នកទទួលរងនូវថ្មបាក់ ដោះស្រាយវិបត្តិខ្លួនឯងផង និងវិបត្តិអាស៊ាន រឿងរបបយោធាភូមាផង ក្នុងរង្វង់សម្ពាធឥទ្ធិពលចិន-អាមេរិក ។ ដូច្នេះដោយកម្ពុជាគ្មានជម្រើស ក្រៅពីរក្សាគោលនយោបាយការទូត និងសេដ្ឋកិច្ច ស្ថិតក្នុងនៅចន្លោះគន្លៀត នៃមហាអំណាចយក្សចិន និងអាមេរិក ។

សូមបញ្ជាក់ថា នៅថ្ងៃ១៤ ធ្នូ នេះ លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីខកខាន ក្នុងការឡើងសវនាការ អស់រយៈពេលជិត២ឆ្នាំ៕

To Top