គិតរហូតដល់ថ្ងៃទី១៣ ខែធ្នូ ម៉ោងនៅក្នុងតំបន់អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបលើសពី៥០លាននាក់ករណីស្លាប់សរុបជិត៨សែននាក់ ដែលបានឈរនៅលំដាប់ថ្នាក់ទីមួយលើពិភពលោក។ នៅពេលដែលសាកលវិទ្យាល័យJohns Hopkins របស់អាមេរិកប្រកាសតួលេខថ្មីបំផុតដូចពោលខាងលើច្បាស់ជាដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋអាមេរិកក្រៅពីការឈឺចាប់និងក្រៀមក្រំក៏មានការខឹងសម្បារយ៉ាងខ្លាំងដែរ ។ រីឯអ្នកនយោបាយអាមេរិកដែលគ្រប់ពេលវេលាតែងតែស្រែកថា“ប្រជាធិបតេយ្យ”និង“សិទ្ធិមនុស្ស” ទាំងនោះមិនដឹងថាពួកគេមានអំណះអំណាងអ្វី មកនិយាយពាក្យពីរនេះជាប់មាត់?
៥០លាននាក់និង៨សែននាក់តើតួលេខដ៏ធ្ងន់ធ្ងរទាំងពីរនេះមានន័យយ៉ាងដូចម្ដេច? តួលេខទីមួយស្មើនឹង១ភាគ៥នៃចំនួនករណីអ្នកឆ្លងជំងឺកូវីដ១៩ សរុបដែលបានរកឃើញនៅទូទាំងពិភពលោក ហើយតួលេខទីពីរជាចំនួនសរុបអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដែលច្រើនជាងផលបូក នៃចំនួនអ្នកស្លាប់ក្នុង សង្រ្គាមលោកលើកទីមួយសង្គ្រាមលោកលើកទីពីរ សង្គ្រាមកូរ៉េខាងជើង សង្គ្រាមរៀតណាម សង្គ្រាមអ៊ីរ៉ាក់ និងសង្គ្រាមអាហ្វហ្គានីស្ថានទៅទៀត ។
បើរំលឹកឡើងវិញពីដំណើរទាំងស្រុងដែលជំងឺកូវីដ១៩ ផ្ទុះឡើង និងរីករាលដាលនៅអាមេរិក មជ្ឈដ្ឋានខាងក្រៅអាចប្រទះឃើញដោយងាយៗថា ចាប់ពីពេលដំបូងមកការងារបង្ការជំងឺកូវីដ១៩ ក៏រងការខកខានដោយសារអ្នកនយោបាយទាំងឡាយគិតពិចារណាតែផលប្រយោជន៍ផ្នែកនយោបាយ ។ ដើម្បីធ្វើការបោះឆ្នោតសកល ប្រធានាធិបតីអាមេរិកអាណត្តិមុនបានបដិសេធការបង្ការជំងឺកូវីដ១៩ ដោយវិទ្យាសាស្ត្រហើយតម្កល់ផលប្រយោជន៍ផ្នែកនយោបាយលើសពីអាយុជីវិតរបស់ប្រជាជន។ដោយឡែកដើម្បីបង្វែរទំនាស់ទៅកាន់បរទេសអ្នកដឹកនាំអាមេរិកអាណត្តិបច្ចុប្បន្នបែរជាធ្វើអ្វីដែលហៅថា ការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ តាមវិធីនយោបាយក្នុងន័យទម្លាក់កំហុសឱ្យប្រទេសផ្សេងៗ ប្រការទាំងនេះបានរារាំងយ៉ាងខ្លាំងនូវដំណើរការនៃការបង្ការជំងឺកូវីដ១៩ របស់អាមេរិក ។ ប្រព័ន្ធសារព័ត៌មានអាមេរិកជាច្រើនបានលើកឡើងថា បើសិនជាអាមេរិកអាចទប់ទល់នឹងជំងឺឆ្លងដោយវិទ្យាសាស្ត្របាននោះមនុស្សជាច្រើននឹងមិន ចាំបាច់លះបង់អាយុជីវិតនោះទេ ។
ក្រៅពីនេះមានសហគ្រាសជាច្រើនបានបិទទ្វារ ដែលធ្វើឱ្យប្រជាពលរដ្ឋអាមេរិកជាច្រើននាក់បានបាត់បង់ការងារក្នុងរយៈពេលយូរ ។ រីឯគោលនយោបាយរូបិយវត្ថុរបានរំញោចឱ្យអតិផរណាមានកម្រិតកាន់តែខ្ពស់សន្ទស្សន៍ CPI របស់អាមេរិកក្នុងខែវិច្ឆិកា បានកើនឡើង៦.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៤០ឆ្នាំចុងក្រោយនេះ ច្បាស់ណាស់សភាពការណ៍បែបនេះធ្វើឱ្យប្រជាពលរដ្ឋអាមេរិកមានការព្រួយបារម្ភនិងអស់សង្ឃឹមកាន់តែខ្លាំងឡើង ។
ការរីករាលដាលនៃជំងឺកូវីដ១៩ លើកនេះបានលាតត្រដាងនូវបដិវាទកម្មលើគ្រប់វិស័យរបស់អាមេរិក ដូចជាលើវិស័យនយោបាយសេដ្ឋកិច្ចនិងសង្គមជាដើម ដែលបានក្លាយជាកែវពង្រីកបង្ហាញពីគុណវិបតិ្តរបស់ប្រជាធិបតេយ្យបែបអាមេរិក ។ ដូចកាសែត «Le Monde» របស់ប្រទេសបារាំងបានចុះផ្សាយលើកឡើងថា វិបត្តិជំងឺកូវីដ១៩ បានលាតត្រដាងនូវភាពផុយស្រួយរបស់របបប្រជាធិបតេយ្យបែបអាមេរិក ។
៥០លាននាក់និង៨សែននាក់ ដែលជាតួលេខដ៏ធ្ងន់ធ្ងរទាំងពីរនេះបានផ្តល់ការព្រមានម្តងទៀតដល់អ្នកនយោបាយនៅវ៉ាស៊ីនតោន។ ពួកគេគួរតែផ្ដោតទៅលើសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនជាកិច្ចការអាទិភាពនិងចាត់ទុកប្រជាជនជាចម្បងយ៉ាងពិតប្រាកដ ៕