ព័ត៌មានជាតិ

បទវិភាគ៖ “ប្រជាធិបតេយ្យ” ដែលអាមេរិកបង្ខិតបង្ខំ ឱ្យអនុវត្តនៅ បរទេសនោះ គ្រាន់តែជាលេស សម្រាប់ធ្វើអនុត្តរភាពប៉ុណ្ណោះ

វិមានបញ្ចកោណអាមេរិក បានថ្លែងនៅថ្ងៃទី១៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ថា បុគ្គលិកយោធាដែលបានចូលរួម ករណីវាយប្រហារតាមអាកាស ដោយយន្តហោះគ្មានមនុស្សបើក នៅក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យជនស៊ីវិល ១០ នាក់ស្លាប់បាត់បង់ជីវិត នោះនឹងមិនទទួលរងការដាក់ ទណ្ឌកម្មណាមួយឡើយ ។

អ្នកនាំពាក្យវិមាន បញ្ចកោណអាមេរិកបានថ្លែងថា រឿងនេះគ្រាន់តែជា បញ្ហាតាមរបៀបវារៈប៉ុណ្ណោះ តែមិនមែនជាលទ្ធផលនៃ ការធ្វេសប្រហែសនោះទេ ។

លោកអ្នកមិនបានស្តាប់ខុសទេ ក្នុងរឿងនេះ គ្មានបុគ្គលណានឹងទទួល ការដាក់ពីន័យនោះទេ ! ជនស៊ីវិល ១០ នាក់ ក្នុងនោះបូករួមទាំងកុមារ ៧ នាក់បានបាត់បង់ជីវិត ដ៏មានតម្លៃរបស់ខ្លួនគ្រាន់តែ សំអាងលើពាក្យសម្តីមួយមាត់គឺ “រឿងនេះគ្រាន់តែជាបញ្ហា តាមរបៀបវារៈប៉ុណ្ណោះ “។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំនេះ កងទ័ពអាមេរិកបានធ្វើការ វាយប្រហារតាមយន្តហោះគ្មានមនុស្សបើក ទៅលើរថយន្តមួយគ្រឿង នៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន ដោយបានអះអាងថា បានលុបចោលការគំរាមកំហែង ទៅលើព្រលានយន្តហោះអន្តរជាតិ ក្រុងកាប៊ុលពីសំណាក់បក្ខពួកអង្គការ “រដ្ឋអ៊ីស្លាម” នៅអាហ្វហ្កានីស្ថាន ។

ប្រឈមនឹងការចោទ ជាមន្ទិលសង្ស័យគ្រប់បែបយ៉ាង ពីសហគមន៍អន្តរជាតិ ទីបំផុត វិមានបញ្ចកោណអាមេរិក ទទួលស្គាល់ដោយខានពុំបានថា តាមពិតទៅ កងទ័ពអាមេរិកមិនបាន បាញ់សម្លាប់អ្នកដែលពួកគេហៅថា “ភេរវជន” ក្នុងការវាយប្រហារតាមអាកាស នៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី២៩ ខែសីហា នោះទេ ផ្ទុយទៅវិញ បែរជាបានសម្លាប់ជនស៊ីវិល ១០នាក់ដោយភាន់ច្រឡំ ក្នុងនោះបូករួមទាំងកុមារ ៧នាក់ ។

យ៉ាងណាមិញ នៅខែសីហានោះ បន្ទាប់ពីរងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះអន្តរជាតិ ក្រុងកាប៊ុលរួចមក កងទ័ពអាមេរិកក៏បានចាប់ផ្តើម បាញ់ប្រហារទៅកាន់ ជនស៊ីវិលដោយឥតប្រណី ។ អំពើហិង្សាយ៉ាងឃោរឃៅ ដែលសម្លាប់រង្គាលជនស៊ីវិល ឥតទោសពៃរ៍នៅអាហ្វហ្កានីស្ថានបែបនេះ គិតរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបាន ការជំនុំជម្រះនៅឡើយទេ ។

តាមការផ្សាយដំណឹង របស់ប្រព័ន្ធសារព័ត៌មាន អាមេរិកបានឱ្យដឹងថា ក្នុងសង្រ្គាមដែលបានអូសបន្លាយ អស់រយៈពេល ២០ឆ្នាំ ជាមួយអង្គការភេរវនិយម ដូចជា អង្គការអាល់កៃដា និងអង្គការ “រដ្ឋអ៊ីស្លាម” ជាដើម កទ័ពអាមេរិកបានសម្លាប់ ជនស៊ីវិលជាច្រើន នៅប្រទេសមួយចំនួន ដូចជា អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន ស៊ីរី និងសូម៉ាលីជាដើម ។ ពិតមែនតែភាគីយោធាអាមេរិក បានទទួលស្គាល់ជាញឹកញាប់ថា បានទទួលខុសត្រូវ ចំពោះជនស៊ីវិលដែលត្រូវសម្លាប់ ដោយសារការវាយប្រហារខុសឆ្គង នៅលើដែនអាកាសឬលើផ្ទៃដីក៏ដោយ ក៏ប៉ុន្តែ តាមពិតទៅ បែរជាកម្រមានអ្នកទទួលខុសត្រូវ ជាក់លាក់ណាម្នាក់ទទួល ការផ្តន្ទាទោសណាស់ ។

អ្នកណាក៏មិនអាចដាស់ អ្នកធ្វើពុតជាដេកឱ្យភ្ញាក់បានដែរ តែស្តេចប្ដូរពាក់អាវថ្មីឬអត់ មនុស្សគ្រប់រូបក៏អាចមើលឃើញដែរ ។នាពេលថ្មីៗកន្លងទៅនេះ អ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ដែលរៀបចំធ្វើដោយអាមេរិកនោះ បានបិទបញ្ចប់ក្នុងសភាពស្ងប់ស្ងាត់ ។ សូមសួរថា បើសិនជាអាមេរិកពិតជាចង់ ពិភាក្សាពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នោះគួរតែអញ្ជើញក្រុមគ្រួសារ របស់ជនរងគ្រោះអាហ្វហ្កានីស្ថាន ឱ្យចូលរួមកិច្ចប្រជុំដើម្បី ឱ្យពិភពលោកទាំងមូល មើលឃើញឱ្យបានច្បាស់ថា អាមេរិកបង្ខំឱ្យអាហ្វហ្កានីស្ថានធ្វើ “កំណែទម្រង់ប្រជាធិបតេយ្យ” អស់រយៈពេល ២០ឆ្នាំមកនេះ តើបាននាំមកនូវអ្វីខ្លះ ដល់ប្រទេសអាហ្វហ្កានីស្ថាន !

យោងតាមទិន្នន័យស្ថិតិបានបង្ហាញថា ចាប់ពីឆ្នាំ ២០០១ មក សង្គ្រាមដែលកើតនៅអាហ្វហ្កានីស្ថាន បានបណ្តាលឱ្យមនុស្សសរុបប្រហែល ២ សែន ៤ ម៉ឺន ១ ពាន់នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះបូករួមទាំងជន សាមញ្ញប្រហែលជាង ៧ ម៉ឺន ១ ពាន់នាក់ ។ សម្បីតែនៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន ក៏តែងតែកើតមានរឿងបំផុះគ្រាប់បែក និងសកម្មភាពភេរវកម្មផងដែរ វាសឹងតែក្លាយជាទម្លាប់ទៅហើយ។

គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិកនិងអង្គការណាតូ បានដកទ័ពទាំងអស់ ចេញពីអាហ្វហ្កានីស្ថាន ។ ប្រការនេះមានន័យថា សង្គ្រាមដែលបាន អូសបន្លាយអស់រយៈពេល ២០ ឆ្នាំលើកនេះបានបញ្ចប់ ដោយទាន់ហន់ អ្វីដែលបានសន្យល់ទុកនៅអាហ្វហ្គានីស្ថាន គ្រាន់តែជាភាពខ្ទេចខ្ទាំប៉ុណ្ណោះ ។

ក្នុងគ្រានេះ ប្រជាជនអាហ្វហ្កានីស្ថាន ដែលបានរងអំណាចផ្តាច់មុខពីអាមេរិក និងរងសោកនាដកម្មពី ការជ្រៀតជ្រែកយោធា រំពឹងទុកយ៉ាងខ្លាំងនូវស្ថានការណ៍ សន្តិភាពដើម្បីស្តារប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ចជាតិទ្បើងវិញ ។ លោក Ghulam Jilani Zwak អ្នកវិភាគនយោបាយរបស់ អាហ្វហ្កានីស្ថានបានថ្លែងថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក អាហ្វហ្កានីស្ថានបានរងការឈ្លានពាន និងការជ្រៀតជ្រែកពីបរទេស ។ កងទ័ពអាមេរិកបានបោះប្រចាំ នៅអាហ្វហ្កានីស្ថានអស់រយៈពេល ២០ឆ្នាំ ធ្វើឱ្យប្រជាជនអាហ្វហ្កានីស្ថាន រងទុក្ខវេទនាក្នុងសង្គ្រាមរ៉ាំរ៉ៃ ។ បច្ចុប្បន្ននេះ ដោយសាររងការជ្រៀតជ្រែកពីបរទេស បានធ្វើឱ្យអាហ្វហ្កានីស្ថានក្លាយជា មជ្ឈមណ្ឌលធ្វើសង្រ្គាម និងបដិបក្ខគ្នាក្នុងតំបន់ ។ បើនិយាយចំពោះអាហ្វហ្កានីស្ថាន

ប្រទេសធំៗគួរតែបញ្ឈប់ការជ្រៀតជ្រែក និងប្រើប្រាស់ប្រទេសនេះ ធ្វើជាឈ្នាន់ដើម្បីបម្រើ ផលប្រយោជន៍របស់ខ្លួន ។

ដូច្នេះ អ្នកផងទាំងពួង អាចមើលឃើញយ៉ាងច្បាស់ថា “ប្រជាធិបតេយ្យ” ដែលអាមេរិកបង្ខិតបង្ខំឱ្យ អនុវត្តនៅបរទេសនោះ គ្រាន់តែជាលេសសម្រាប់ ធ្វើអនុត្តរភាពប៉ុណ្ណោះ ។

នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍តាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែនមានភាព កាន់តែតានតឹងជាបន្តបន្ទាប់ ក្នុងនោះអាចមើលឃើញយ៉ាងច្បាស់ នូវស្រមោលរបស់អាមេរិក៖ មន្ត្រីក្រសួងការបរទេសអាមេរិក បានអះអាងថា សម្ភារៈជាជំនួយយោធាមួយ ចំនួនត្រូវបានដឹកជញ្ជូន ទៅដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី៩ ខែធ្នូ ។ នៅឆ្នាំនេះ អាមេរិកបានផ្តល់ជំនួយផ្នែក សន្តិសុខក្នុងតម្លៃប្រមាណ ៤៥០ លានដុល្លារអាមេរិកដល់ ប្រទេសអ៊ុយក្រែនរួចហើយ ។ល។ ដោយសារអាមេរិកបានលូតដៃ ចូលម្តងហើយម្តងទៀត ដូចនេះ អ៊ុយក្រែនកំពុងប្រឈមនឹង ហានិភ័យនៃការប៉ះទង្គិច ផ្នែកយោធាដោយទ្រង់ទ្រាយធំ ។ យ៉ាងណាមិញ ដោយយកបញ្ហា ប្រជាធិបតេយ្យធ្វើជាលេស អាមេរិកបានបង្កភាពវឹកវរ និងបំផ្លាញសន្តិភាពពិភពលោក នេះគ្រាន់តែជាមួយជ្រុងតូចតែប៉ុណ្ណោះ ។

ពីការបំផុសសង្គ្រាម នៅអាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ លីប៊ីនិងស៊ីរីជាដើម ដល់ការញុះញង់ឱ្យបង្ករលក បដិវត្តន៍ពណ៌ដែលហៅថា “រដូវផ្ការីកអារ៉ាប់” នៅតំបន់អាស៊ីនិងអាហ្រ្វិក ពីការញុះញង់ឱ្យបំផុស “បដិវត្តន៍ពណ៌” នៅបណ្តាប្រទេសអឺរ៉ាសៀន រហូតដល់ការប្រើប្រាស់ “អំណាចដៃវែង” នៅអ៊ីរ៉ង់ គុយបា វ៉េណេស៊ុយអេឡា និងចិនជាដើម អនុត្តរភាពរបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យប្រទេសជាច្រើន ធ្លាក់ចូលក្នុងភាពវឹកវរខាងនយោបាយ មានភាពជាប់គាំងខាង ការអភិវឌ្ឍនិងប្រជាជនមាន ជីវភាពក្រីក្រនិងអស្ថិរភាព ។

តាមពិតទៅ នៅគ្រាដំបូងដែលអាមេរិកចាត់ បញ្ជូនកងទ័ពទៅកាន់អាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់ជាដើម អាមេរិកក៏ប៉ុនប៉ងធ្វើឱ្យការ ប្រឆាំងភេរវកម្មផ្សារភ្ជាប់ជាមួយ នឹងគោលដៅស្តីពីការអនុវត្ត ភាពនិយមនិងការធ្វើវិទ្ធង្សនា រដ្ឋអំណាចប្រទេសដទៃ ។ ដូច្នេះ អ្វីដែលហៅថា “ប្រឆាំងភេរវកម្ម” ដែលស្វែងរកផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន តាមពិតទៅ បានធ្វើឱ្យការប៉ះទង្គិច និងភាពច្របូកច្របល់ក្នុងតំបន់ និងប្រទេសពាក់ព័ន្ធ មានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ក៏ដូចជាបានបណ្តាលឱ្យកើត សកម្មភាពវាយប្រហារដោយ ភេរវកម្មជាបន្តបន្ទាប់ ផងដែរ ។

ក្នុងនាមជាប្រទេសមួយ ដែលមានប្រវត្តិសាស្ត្រតែជាង ២៤០ឆ្នាំ សង្គ្រាមដែលអាមេរិក បានបង្កឡើងនិងចូលរួម មានដល់ទៅជាង ២០០លើក ។ គ្រាន់តែបន្ទាប់ពីបញ្ចប់សង្គ្រាម លោកលើកទីពីរកាលពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ២០០១ ក្នុងចំណោមការប៉ះទង្គិច ដោយកម្លាំងអាវុធចំនួន ២៤៨ លើកក្នុងតំបន់ចំនួន ១៥៣ នៅលើពិភពលោក អាមេរិកក៏បានបំផុសចំនួន ២០១ លើក ត្រូវជា ៨១ ភាគរយនៃចំនួនសរុប ។ មិនបាច់សង្ស័យឡើយ អាមេរិកគឺជាប្រទេសញៀន នឹងសង្គ្រាមបំផុតនៅលើពិភពលោក ។

ក្រៅពីនេះ ការញៀននឹងសង្គ្រាមរបស់អាមេរិក ក៏មានការគិតគូរជាក់ស្តែង ខាងសេដ្ឋកិច្ចផងដែរ ។ កាលពីឆ្នាំ ២០១៩ លោក Duterte ប្រធានាធិបតីហ្វីលីពីន ធ្លាប់លើកឡើងក្នុងសុន្ទរកថា មួយលើកថា អាមេរិករំពឹងថា សង្គ្រាមអាចដំណើការជាបន្តបន្ទាប់ ពីព្រោះការធ្វើសង្គ្រាមនឹង ធ្វើឱ្យប្រទេសដទៃទៀតទិញយន្តហោះ នាវាចម្បាងនិងគ្រាប់កាំភ្លើងពីអាមេរិក ដរាបណាសង្គ្រាមបានបញ្ចប់ នោះអាមេរិកនឹងមនុស្ស ជាច្រើននាក់នឹងបាត់បង់ការងារ ។ អាចនិយាយបានថា ពាក្យសម្តីរបស់លោក Duterte ចំចំណុចល្អណាស់ ។

អាចមើលឃើញថា អាមេរិកដែលបានបំផុស សង្គ្រាមរហូតដល់បច្ចុប្បន្ននេះ ងប់ងល់នឹងកម្លាំងអាវុធ ព្រមទាំងឆ្លៀតឱកាសនេះទទួលបាន ផលកំរៃយ៉ាងច្រើនសន្ធឹក ហើយក៏បានប្រើប្រាក់កំរៃទាំងនេះ ទៅក្នុងសកម្មភាពយោធារបស់ខ្លួន ដែលគ្របដណ្ដប់ទូទាំងពិភពលោក បណ្តាលឱ្យការចំណាយ ថវិកាយោធារបស់អាមេរិកគួរឱ្យ អ្នកផងទាំងពួងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ តាមទិន្នន័យបានបង្ហាញឱ្យឃើញថា នៅឆ្នាំ ២០២០ ថវិកាយោធារបស់អាមេរិកមានដល់ទៅ ៧ សែន ៧ ម៉ឺន ៨ ពាន់លានដុល្លារអាមេរិក ត្រូវជា ៣៩ ភាគរយនៃថវិកាយោធា សរុបនៅទូទាំងពិភពលោក ។ ថវិកាយោធាដ៏ច្រើនសន្ធឹក បានផ្តល់ការទ្រទ្រង់ដល់អាមេរិក ក្នុងការធ្វើអនុត្តរភាពបែបអាមេរិក តាមទំនើងចិត្តនៅលើពិភពលោ ហើយបានបំផុសសង្គ្រាម និងបង្កភាពវឹកវរនៅទូទាំង ពិភពលោកឥតឈប់ឈរ ។

ទង្វើរបស់រដ្ឋាភិបាលអាមេរិក បែបនេះធ្វើឱ្យពិភពលោក អាចមើលឃើញយ៉ាងច្បាស់ថា៖ អ្វីដែលអាមេរិកនាំចេញមិនមែន ប្រជាធិបតេយ្យនោះទេ តែគឺសង្គ្រាមនិងភាពវឹកវរ ប្រសិនបើរំពឹងទុកថា អាមេរិកដែលជាប្រទេសមានហ្សែន ធ្វើអនុត្តរភាពតាំងពីកំណើតមក អាចគាំពារសិទ្ធិមនុស្ស របស់ប្រទេសដទៃទៀត នោះហាក់ដូចជាសុំយកស្បែកពីខ្លា ៕

To Top