ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា ករណីវីរុសបំប្លែងខ្លួនថ្មី Omicron បង្កជំងឺកូវីដ-១៩ បាននឹងកំពុងកើនឡើង ជាលំដាប់នៅក្នុងប្រទេសឥណ្ឌា ទោះបីជាចំនួននៃការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានការថយចុះ នៅក្នុងប្រទេសក្នុងរយៈ ពេលប៉ុន្មានថ្ងៃកន្លងមកនេះក្តី ។ កាលពីថ្ងៃអង្គារ ករណីថ្មីចំនួន ៥.៧៨៤នាក់ ត្រូវបានចុះក្នុងបញ្ជី នៅទូទាំងប្រទេសឥណ្ឌា ដែលជាចំនួនប្រចាំថ្ងៃទាបបំផុត ក្នុងរយៈពេល ៥៧១ថ្ងៃ ។
ចំនួនសរុបនៃអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើសពី ៦០ករណី ខណៈដែលមេរោគបានរីករាលដាល ដល់ជិត៨០ប្រទេស និងតំបន់នានា នេះបើយោងតាមអង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងដូច្នេះ ។
នៅទីក្រុងញ៉ូដេលី ករណី Omicron ថ្មីចំនួន៤ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ ដោយធ្វើឱ្យចំនួនករណីសរុបកើនឡើងដល់ ៦ករណី នៅក្នុងរដ្ឋធានីជាតិមួយនេះ ។
ទន្ទឹមនឹងនេះដែរ ករណី Omicron ថ្មីចំនួន៤ ត្រូវបានរកឃើញនៅរដ្ឋ Rajasthan ។ រដ្ឋមន្ត្រីសុខាភិបាលរដ្ឋ Rajasthan លោក Parsadi Lal Meena បានថ្លែងថា ស្ថានភាពសុខភាពរបស់អ្នកជំងឺ ទាំងនេះមានស្ថិរភាពជាធម្មតា ។
២៨នៃករណី Omicron ត្រូវបានរាយការណ៍ពីរដ្ឋ Maharashtra ភាគនិរតីនៃរដ្ឋឥណ្ឌា ដែលជារដ្ឋរងផលប៉ះពាល់ដោយ ជំងឺកូវីដ-១៩ ច្រើនជាងគេ បន្ទាប់មកគឺ ១៧ករណីនៅរដ្ឋ Rajasthan និង ៦ករណីនៅក្រុង ញ៉ូដេលី ។
ស្របពេលមានការភ័យខ្លាចពីវីរុស Omicron ដែលកំពុងកើនឡើងនៅក្នុងប្រទេស ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) បានរៀបចំឧបករណ៍ធ្វើតេស្ត ដែលនឹងអាចរកឃើញវីរុសបំប្លែងខ្លួន Omicron (B.1.1.529) ក្នុងរយៈពេល ២ម៉ោង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា