ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា វិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាល ដើរតួជាអ្នកសម្របសម្រួល មិនមែនជាចៅហ្វាយផ្នែកឯកជនឡើយ។
ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ រៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា (American Chamber of Commerce in Cambodia) ថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់វិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាដែលបានឋិតនៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកគូសបញ្ជាក់អំពីតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលដល់ការធ្វើអាជីវកម្មនៃវិស័យឯកជននៅកម្ពុជា។
លោកបញ្ជាក់ថា «វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលដើរតួជាអ្នកសម្របសម្រួល មិនមែនជាចៅហ្វាយផ្នែកឯកជនទេ ។ ក្នុងនាមជាអ្នកសម្របសម្រួល យើងធ្វើយ៉ាងណាឲ្យវិស័យឯកជនទទួលបានជោគជ័យ ។ ជោគជ័យរបស់វិស័យឯកជន គឺជាជោគជ័យរបស់យើងផងដែរ ដូច្នេះសូមបន្តរួមគ្នា ដើម្បីជាប្រយោជន៍ដល់វិស័យឯកជន និងដើម្បីជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ»។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើនគួរឲ្យកត់សម្គាល់របស់កម្ពុជាលើគ្រប់វិស័យដែលកើតចេញពីសុខសន្តិភាព និងការផ្សះផ្សាជាតិពេញលេញ គោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រេចបាន និងកំពុងអនុវត្តបន្ត រួមមាន៖ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ការចាក់កៅស៊ូផ្លូវជាតិផ្លូវខេត្ត និងផ្លូវជនបទបានប្រវែង១៥.០០០គីឡូម៉ែត្រ ការសាងសង់ស្ពានធំៗបានចំនួន២០ ការលើកកម្រិតព្រលានយន្តហោះចំនួន៣តាមស្តង់ដាអន្តរជាតិ អាកាសយានដ្ឋានថ្មីចំនួនពីរកំពុងសាងសង់ និងគម្រោងលើកកម្រិតគុណភាព និងពង្រីកបណ្តាញផ្លូវថ្នល់សំខាន់ៗ គម្រោងអភិវឌ្ឍន៍ផ្លូវដែក និងកំពង់ផែជាដើម។
លោក បានកត់សម្គាល់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរមកលេងកម្ពុជា ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៧% ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ៕