នយោបាយ

លោក សយ សុភាព ឲ្យអតីតសកម្មជនប្រឆាំង ស្វែងយល់ប្រវត្តិខ្មែរឥស្សរៈ ដឹកនាំដោយ ប៉ុក ឃុន

ភ្នំពេញ ៖ ក្រោយពីអតីតសកម្មជនរបស់អតីតគណបក្សប្រឆាំង បានរត់ទៅប្រទេសថៃ ដើម្បីភៀសខ្លួនទៅប្រទេសទី៣បន្តទៀតនោះ លោក សយ សុភាព អ្នកតាមដានស្ថានការណ៍នយោបាយបានលើកជាមតិឲ្យពួកគេ គួររៀនស្វែងយល់ប្រវត្តិខ្មែរឥស្សរៈ ដឹកនាំដោយ ប៉ុក ឃុន ។ ប្រវត្តិខ្មែរឥស្សរៈ ដឹកនាំដោយ ប៉ុក ឃុននេះ គឺចុងក្រោយជួបគ្រោះថ្នាក់ មិនដូចក្តីស្រម៉ៃដែលខ្លួនប៉ង់នោះទេ។

លោកក៏បានដាក់ជាសំណួរថា តើពួកសកម្មជនអតីតបក្សប្រឆាំងដែលបានសិក្សាស្រាវជ្រាវពីប្រវត្តិខ្មែរឥស្សរៈដែរឬទេ? លោកថា បើមិនដឹងសូមស្វែងរកអានសៀវភៅដែលសរសេរដោយអ្នកប្រាជ្ញផ្នែកវិទ្យាសាស្ត្រនយោបាយ។ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ ដ៏ល្បីរបស់ខ្មែរ បានសរសេរច្បាស់ពីប្រវត្តិខ្មែរឥស្សរៈ ដឹកនាំដោយ ប៉ុក ឃុន នៅក្នុងសៀវភៅ «ដំណើរស្វែករកសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន» និងសៀវភៅរបស់លោក ឥន សុផល អ្នកការទូតខ្មែរប្រចាំនៅប្រទេសអង់គ្នេស ដែលមានចំណងជើងថា «កម្ពុជាក្នុងសង្រ្គាមវៀតណាមភាគ២»។

លោក សយ សុភាពឲ្យដឹងបន្តថា កន្លងមក ពួកអតីតសកម្មជនទាំងមិនដែលបានដឹង ហើយត្រឹមឮគេថា បានជាពួកអស់លោកជួបគ្រោះថ្នាក់ នៅពេលបច្ចុប្បន្ននេះ ។ ពួកអតីតសកម្មជនបក្សប្រឆំាងទាំងនេះ ប្រហែលគិតថា ពួកអស់លោកបានសុខហើយ ពេលបានទៅដល់ថៃ។ តែអ្វីៗបានប្រែប្រួលអស់ហើយមិនដូចពួកអស់លោកគិតទេ។

លោកបន្ថែមថា ពីមុនឲ្យតែរត់រួចដល់ថៃ និងបានសិទ្ធស្នាក់នៅពីឧត្តមស្នងការជាន់ខ្ពស់អង្កការសហប្រជាជាតិទទួលបន្ទុកជនភាសខ្លួន ហើយមិនយូរ មិនឆាប់នឹងបានចេញទៅប្រទេសទី៣ហើយ។ ឥឡូវអត់ដូចការគិតរបស់អ្នកទេ ព្រោះថៃដូរនយោបាយ និងយកលំនាំដើមដូចដែលថៃធ្លាប់អនុវត្តន៍លើក្រុមឥស្សរៈដឹកនាំដោយ ប៉ុក ឃុន។

លោក សយ សុភាព បានរៀបរាប់ពីដំណើររឿង កាលពីសម័យមុនហើយមកធៀបនឹងសម័យបច្ចុប្បន្ន របស់ក្រុមអតីតប្រឆាំងថា នៅក្នុងសម័យ កាលទសវត្សទី៤០ ពូជពងវង្សក្រកូលក្បត់ជនជាតិ កថា ថន ឈុំ កូនរបស់ជនក្បត់នេះ បានកាន់តំណែងជានាយករដ្ឋមន្ត្រី៣ដង ហើយរដ្ឋាភិបាលថៃគ្រានោះគាំទ្រមេចលនាខ្មែរឥស្សរៈដឹកនាំដោយ ប៉ុក ឃុន ដែលត្រូវជាឪពុកមារបស់អ្នកម្នាងរាជ្យវង្សខ្មែរ។ រដ្ឋាភិបាលថៃបានជួយឧបត្ថម្ភរួមមានទាំងអាវុធផង។ ក្រោយមករដ្ឋាភិបាលថៃបានឈប់ជួយ ហើយពួកឥស្សរៈចាក់រត់ចែកជើងគ្នា ខ្លះបានទៅពឹងយួន ហើយពួកគេក្លាយទៅជាខ្មែរ-វៀតមិញដែលដឹកនាំដោយយួនហាណូយ។ ប្រវត្តិសាស្ត្រខ្មែរ ម្តងពឹងយួនម្តងពឹងសៀម។ ចុងក្រោយ សូមគិតខ្លួនឯង។

លោកថា ដូច្នេះនៅមានទៀតដែលអតីតសកម្មជនបក្សប្រឆំាងនឹងត្រូវថៃចាប់បញ្ជូនត្រឡប់មកវិញដោយសារតែលោក សម រង្ស៊ី អត់មានប្រយោជន៍ដល់ថៃទៀត។ ម៉្យាង សហរដ្ឋអាមេរិកធិបសន្លឹកបៀរក្រុម លោកសម រង្ស៊ី ដោយប្រើ លោក កឹម សុខា ជំនួសវិញ។

លោកសំណូមពរថា អ្នកដែលចាញ់កលល្បិច លោក សម រង្ស៊ី លោក អេង ឆៃអៀង លោកស្រី មួរ សុខ ហួរ និងលោក ហូ វ៉ាន់ ពិចារណាវិលវិញដោយសារភាពចំពោះរាជរដ្ឋាភិបាល និងបន្តអាជីពនយោបាយតាមច្បាប់ខ្មែរ បើមិនអីចឹងទេពិតជាជួបគ្រោះថ្នាក់ បើបន្តរស់នៅជ្រកកោនលាក់ខ្លួនក្នុងប្រទេសថៃ៕

To Top