នយោបាយ

លោក សេង សារី បង្ហាញសេណារីយ៉ូ ពីដំណើរជីវិតលោក កឹម សុខា ក្រោយសវនាការ១៩ មករា

ភ្នំពេញ៖ នៅសល់ប្រមាណជា ១ខែទៀតនឹងដល់ថ្ងៃ លោក កឹម សុខា បន្តឡើងតុលាការដើម្បីជំនុំជម្រះ សំណុំរឿងក្បត់ជាតិនោះ លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គមបានបង្ហាញពី ការសាកល្បងវិភាគសេណារីយ៉ូ ពីដំណើរជីវិតនយោបាយលោក កឹម សុខា ក្រោយសវនាការ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២។

សេណារីយ៉ូដែលលោកវិភាគមាន ៣ចំណុច ៖ សេណារីយ៉ូទី ១៖ តុលាការកាត់ទោសឲ្យលោក កឹម សុខា គ្មានទោស ហើយសង្គ្រោះជាតិរស់ឡើងវិញ ព្រោះការរំលាយសង្គ្រោះជាតិ គឺដោយសារតែតុលាការបានចោទលោក កឹម សុខា ដែលជាប្រធានបក្សថា មានសន្ទិដ្ឋិភាពជាមួយបរទេស ដូច្នេះបើលោក កឹម សុខាគ្មានទោស សង្គ្រោះជាតិក៏គ្មានកំហុសដែរ។

សេណារីយ៉ូទី ២៖ តុលាការកាត់ឲ្យលោក កឹម សុខា មានទោសហើយបញ្ចូនលោក កឹម សុខា ចូលពន្ធនាគារវិញមួយរយៈ បន្ទាប់មកមានសំណើរសុំឲ្យ ព្រះមហាក្សត្រលើកលែងទោស ពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី។

សេណារីយ៉ូទី ៣៖ តុលាការនឹងកាត់ទោសផ្តល់សេរីភាព និងនីតិសម្បទានយោបាយ ពេញលេញជូនលោក កឹម សុខា ឡើងវិញ តែរក្សាបទចោទឲ្យនៅដដែល។ នេះជាការបង្ហាញរបស់ក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ១៦ ធ្នូ ។

លោកបន្តទៀតថា ក្នុងចំណោមសេណារីយ៉ូទាំង៣នេះ ទោះចេញច្រកណាក៏ដោយ ក៏សង្គ្រោះជាតិមានលទ្ធភាព រស់ឡើងវិញតិចតួចបំផុត ក៏ប៉ុន្តែលោក កឹម សុខា នឹងមានសេរីភាព និងនីតិសម្បទានយោបាយឡើងវិញ ហើយលោក កឹម សុខា ក៏នឹងអាចត្រូវបានអញ្ជើញឲ្យទៅ ដឹកនាំសម្ព័ន្ធនៃគណបក្សតូចៗ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ ២០២២-២០២៣ ។ ចំណែកលោក សម រង្ស៊ី នឹងក្លាយជាអ្នកចាំបក្សបន្តតស៊ូរកយុត្តិធម៌ ជូនសង្រ្គោះជាតិតែម្នាក់ឯង។

លោកថា ដូច្នេះផែនការទាត់លោក សម រង្ស៊ី ចេញពីសង្គ្រោះជាតិ ដោយអ្នកនយោបាយត្រីក្រឹម និងផែនការចង់ក្លាយជា អ្នកនយោបាយមេម៉ាយស្តុក នឹងក្លាយជារឿងអត់អំពើ។ ក៏ប៉ុន្តែសម្ព័ន្ធនៃគណបក្សតូចៗ ដែលដឹកនាំដោយលោក កឹម សុខា ក្រោយពីចូលរួមការបោះឆ្នោត នឹងទទួលបានសំឡេងគាំទ្រខ្លះ ហើយនឹងអាចក្លាយជាដៃគូរ បង្កើតរដ្ឋាភិបាលទេ្វរភាគី ជាមួយគណបក្សប្រជាជនផងដែរ។ ពេលនោះគណបក្សភ្លើងទាន នឹងក្លាយជាគណបក្សប្រឆាំងធំជាង នៅកម្ពុជាក្រោយឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៤ ធ្នូ លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីខកខាន ក្នុងការឡើងសវនាការ អស់រយៈពេលជិត ២ឆ្នាំ ៕

To Top