ព័ត៌មានជាតិ

ឡាវ អបអរសាទរ កម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍​ យ៉ាងឆាប់រហ័ស

ភ្នំពេញ ៖ លោក អ៊ឹមផាយ គីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតឡាវ បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលា សម្តេចតេជោនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ឹមផាយ គីនដាវង្ស បានថ្លែងអំណរគុណចំពោះ សម្ដេច និងថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ធ្វើឲ្យលោក បានបំពេញបេសកកម្មកាទូត នៅកម្ពុជា ទទួលជោគជ័យ ។

លោកបញ្ជាក់ថា «រយៈពេលជាង៣ទសវត្សមកនេះ បានឃើញកម្ពុជា មានការអភិវឌ្ឍជាលំដាប់ ។ ក្នុងន័យនេះ សូមគោរពសម្ដែងនូវការអបអរសាទរ ជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ដែលបានដឹកនាំកម្ពុជា ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស»។

ជាមួយគ្នានេះដែរ លោក គីនដាវង្ស បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានផ្ដល់ជាជំនួយដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ជាវ៉ាក់សាំង រថយន្ត និងជាថវិកា រួមទាំងគ្រឿងបរិក្ខាផងដែរ នាពេលកន្លងមកនេះ ។ លោកថា ប្រជាជន រដ្ឋាភិបាលឡាវ ពិតជាមានសេចក្ដីរីករាយ និងដឹងគុណជាអនេកប្បការផងដែរ។

លោក ក៏អបអរសាទរចំពោះចំណុចជោគជ័យ ដែលទទួលបានយ៉ាងត្រចះត្រចង់ពីកិច្ចប្រជុំអាស៊ានកន្លងមក និងជូនពរ សម្ដេចតេជោ ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។

ជាការឆ្លើយតប សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោក គីនដាវង្ស នៅកម្ពុជាដែលបានធ្វើការយ៉ាងច្រើន ជាពិសេសចូលរួមចំណែកក្នុងការពង្រីក-ពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ, ពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចំពោះជំនួយដែលកម្ពុជា បានជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវនោះ សម្ដេចតេជោ មានប្រសាសន៍ថា «នេះគឺជាជំនួយជួយដល់បងប្អូន នៅពេលដែលបងប្អូនកំពុងតែមានសេចក្ដីត្រូវការ” ៕

To Top