កីឡា

លោក ហ៊ុន ម៉ានី៖ ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្ត ដ៏មហិមាដល់កីឡាករ

ភ្នំពេញ៖ ស្របពេលដែល ថ្ងៃនេះជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវពហុកីឡដ្ឋានជាតិ «មរតកតេជោ» លោក ហ៊ុន ម៉ានី បានសម្ដែងសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្ត ដ៏មហិមាដល់បងប្អូនកីឡាករ កីឡាការិនីទាំងអស់ក្នុងការ ប្រឹងប្រែងដើម្បីដណ្តើមជោគជ័យ ក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ធ្នូនេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សមិទ្ធផលដ៏ត្រចះត្រចង់មួយទៀត ក្នុងវិស័យកីឡាបានលេចត្រដែត រូបរាងជាផ្លូវការហើយនាថ្ងៃនេះ។

ស្ថិតក្នុងបរិយាកាស ដ៏សែនរំភើបរីករាយប្រកប ដោយក្តីមោទននេះ លោក ហ៊ុន ម៉ានី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផល ជាច្រើនជូនជាតិ មាតុភូមិ និងប្រជាជន ហើយដែលពហុកីឡដ្ឋានជាតិ «មរតកតេជោ» នេះជាតឹកតាងមួយ។

លោកបន្តថា ផ្អែកលើការដឹកនាំប្រកប ដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយ កម្ពុជាបានធ្វើដំណើរយ៉ាងស្វាហាប់ ឈានមកដល់ចំណុចនេះ ពោលគឺការឈោងចាប់ ឧត្តមភាពក្នុងវិស័យកីឡា ស្របពេលដែលសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជនមានការ កើនឡើងមកដល់កម្រិតមួយ ដែលអនុញ្ញាតឱ្យយើងអភិវឌ្ឍខ្លួន បន្ថែមក្នុងផ្នែកផ្សេងៗ រួមមានកីឡាផងដែរ។ ជាមួយនឹងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ ព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងហ្វឹកហាត់ ដុសខាត់ សម្រិតសម្រាំងសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ត្រៀមលក្ខណៈ ដើម្បីជ័យជំនះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ហ៊ុន ម៉ានី បញ្ជាក់ថា «ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ»នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់បងប្អូនកីឡាករ កីឡាការិនីទាំងអស់ ក្នុងការប្រឹងប្រែងដើម្បីដណ្តើម ជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។ បងប្អូនត្រូវមានជំនឿជាក់លើខ្លួនឯង ដូចដែលពួកយើងជឿជាក់ មកលើបងប្អូនដូច្នេះដែរ» ៕

To Top