ព័ត៌មានជាតិ

ចិន នឹងធ្វើម្ចាស់ផ្ទះកីឡា អូឡាំពិករដូវរងា ខណៈប្រទេសលោកខាងលិច បន្តនិយាយផ្ដេសផ្ដាស លើអ្វីដែលហៅថា រារាំងការទូត

ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា នៅសល់ ៤៨ថ្ងៃទៀត រដ្ឋធានីប៉េកាំងប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិករដូវរងា ហើយព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ អ្នកនយោបាយ ក្នុងប្រទេសលោកខាងលិចមួយចំនួន បន្តនិយាយផ្ដេសផ្ដាសលើអ្វីដែលគេហៅថា រារាំងការទូត។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ លោក Wang Wentian បានឲ្យដឹងថា នៅសល់តែ៥០០ថ្ងៃទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមលើកដំបូងនៅទីនេះ។ អត្តពលិក ដែលមកពីបណ្តាប្រទេស ក្នុងអាស៊ីអាគ្នេយ៍នឹងជួបជុំគ្នានៅទីនេះ បង្ហាញនិងស្វែងយល់ពីជំនាញនៃវិស័យកីឡា ពិភាក្សាអំពីសន្តិភាពនិងមិត្តភាព។ នៅពេលនោះ ទាំងតំបន់អាស៊ី និងពិភពលោកនឹងចោល ក្រសែភ្នែកមកលើកម្ពុជា ជឿជាក់ថា កម្ពុជានឹងអាចធ្វើឲ្យការប្រកួតកីឡានេះ ក្លាយជាព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ ដែលបង្ហាញពីមុខមាត់ជាតិ លើកកម្ពស់ការអភិវឌ្ឍន៍ជាតិ និងជំរុញស្មារតីប្រជាជាតិ។

លោក បន្ដថា នៅសល់តែ៤៨ថ្ងៃទៀត រដ្ឋធានីប៉េកាំងប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះនៃ កីឡាអូឡាំពិករដូវរងា។នឹងក្លាយជាព្រឹត្តិការណ៍ប្រកួត ដ៏អស្ចារ្យសម្រាប់អត្តពលិក អូឡាំពិករដូវរងា និងអ្នកចូលចិត្តកីឡាទឹកកក ដែលមកពីជុំវិញពិភពលោក។ នាពេលនោះ កម្ពុជានឹងបញ្ជូនអត្តពលិកចូលរួមផងដែរ។

លោក បន្ថែមថា បច្ចុប្បន្ន ក្រុមការងាររៀបចំការ ប្រកួតកីឡាកំពុងឈានចូល ដល់ការរាប់ថយក្រោយ រាប់បញ្ចូលទាំងសហគមន៍អន្តរជាតិ ដែលមានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិបានកោតសរសើរខ្ពស់ និងទទួលស្គាល់ចំពោះ ការងារត្រៀមលក្ខណៈលើកនេះ អត្តពលិកបណ្ដាប្រទេសមានការ រំពឹងទុកខ្លាំងសម្រាប់ការប្រកួត ក្នុងប្រទេសចិននាលើកនេះ។ លោក ជឿជាក់ថា ក្រោមការចង្អុលបង្ហាញពីស្មារតីអូឡាំពិក និងការខិតខំប្រឹងប្រែង រួមគ្នាពីបណ្ដាភាគី ប៉េកាំង ប្រាកដជាអាចបង្ហាញពីការ ប្រកួតកីឡាអូឡាំពិក ដែលមានលក្ខណៈសាមញ្ញ តែសុវត្ថិភាពនិងអស្ចារ្យទៅកាន់ពិភពលោក។

លោក បញ្ជាក់ថា «ចំពោះព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ អ្នកនយោបាយ ក្នុងប្រទេសលោកខាងលិចមួយចំនួន បន្តនិយាយផ្ដេសផ្ដាសលើអ្វីដែលគេហៅថា រារាំងការទូត លើកីឡាអូឡាំពិករដូវរងាប៉េកាំង នេះសុទ្ធតែជាការនិយាយបំផ្លើសបំផ្លៃ ប្រើល្បិចកលសម្រាប់នយោបាយ។ វាគឺជាការបំពុលយ៉ាងធ្ងន់ធ្ងរលើស្មារតីរបស់ រដ្ឋធម្មនុញ្ញនៃអូឡាំពិក គឺជានយោបាយញុះញង់។ ហើយក៏រឹតតែជាការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរលើដល់ប្រជាជនចិន ជាង១.៤ពាន់លាននាក់។ មានតែធ្វើឲ្យប្រជាជនចិន និងជុំវិញពិភពលោកមើលឃើញ កាន់តែច្បាស់អំពីគំនិត និងមុខមាត់លាក់ពុតរបស់ ក្រុមនយោបាយមួយចំនួន ដែលតែងប្រឆាំងនឹងចិន» ៕

To Top