ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ករណីបង្ក្រាបគ្រឿងញៀន ជាង២តោន នៅខេត្តកំពង់ស្ពឺ នាពេលកន្លងទៅនេះ បើសមត្ថកិច្ចបង្ក្រាប មិនទាន់ពេលវេលានោះ ហើយបណ្ដែតបណ្តោយ ឲ្យនាំចេញទៅក្រៅប្រទេស គឺពិតជាខុសច្បាប់អន្ដរជាតិ។
ការលើកឡើងរបស់ សម្ដេច ស ខេង បែបនេះក្រោយ ពីសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ជាលក្ខណៈទ្រង់ទ្រាយធំ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខាងក្រោយរោងចក្រផលិត ដំណាប់ស្វាយមួយកន្លែង បានរកឃើញគ្រឿងញៀន ជាង២តោន រួមទាំងធាតុផ្សំប្រមាណ ៨៤តោន និងឃាត់ខ្លួនជនសង្ស័យ ជាង ១០នាក់ និងស្លាប់ម្នាក់ ។
ក្នុងពិធីសម្ពោធអគារ មណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា ចំពោះបញ្ហាគ្រឿងញៀន មិនថមថយឡើយ ទាំងក្នុងតំបន់ និង សកលោក ជាពិសេស គ្រឿងសំយោគ គឺជាសាធាតុញៀនផ្សំឡើង ដោយសារ គីមី ផ្សេងៗ យកមកបូកបញ្ចូល ទើបសមត្ថកិច្ចពិបាក ក្នុងការត្រួតពិនិត្យ ដូច្នេះសមត្ថកិច្ចត្រូវព្យាយាម បង្ក្រាបបន្ថែមទៀត។
សម្ដេច មានប្រសាសន៍ថា «រោងចក្រធ្វើស្វាយ ខាងមុខបិទបាំង ប៉ុន្ដែខាងក្រោយផលិតគ្រឿងញៀន ទោះបីថា ដឹកចេញ អាគ្រឿងញៀន ផលិតហើយ ដឹកយកទៅលក់នៅកន្លែង ណាក៏ដោយ យើងក៏មិនត្រូវបណ្ដែតបណ្តោយ អនុញ្ញាតទេ ពីព្រោះខុសច្បាប់អន្ដរជាតិ ហើយធ្វើឲ្យកិត្យានុភាព មុខមាត់របស់យើងវាខូច ។ ចេញមកពីណា មកពីកម្ពុជា កាលពីមុនគេថា ប្រទេសកម្ពុជា គ្រាន់តែឆ្លងកាត់ ឥឡូវមិនមែនឆ្លងកាត់ផង ទៅផលិត»។
សម្ដេចបន្ដថា ចំពោះអ្នកជាប់ឃុំ នៅទូទាំងកម្ពុជា នាពេលបច្ចុប្បន្ន ជាង៣៨០០០នាក់ ក្នុងនោះ ៥១ភាគរយ គឺជាអ្នកទោសដោយគ្រឿងញៀន។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង ក៏បានបន្ដអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ជៀសជាងដោះស្រាយគ្នា នៅប្រព័ន្ធតុលាការ ។
សម្ដេចបញ្ជាក់ថា «ជួយដោះស្រាយប្រជាពលរដ្ឋនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ តុលាការ គឺយើងជៀសមិនផុតឡើយ ប៉ុន្ដែយើងចេះដោះស្រាយ និងសម្របសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការ ប្រហែលឆាប់ជាង នៅប្រព័ន្ធតុលាការ»។
សម្ដេចពន្យល់ថា ការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅប្រព័ន្ធតុលាការ ចំណាយថវិកាច្រើន ដូចជា ៖ ចំណាយលើធ្វើដំណើរ និងពេលហូបអាហារ ជាដើម។ សម្ដេចបន្ដថា ដូច្នេះ ការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺជាវិធីសាស្ដ្រល្អ សម្រាប់ប្រជាពលរដ្ឋ៕