នយោបាយ

មេធាវី ៖ នៅតែមានក្រុមនយោបាយ បញ្ឆោត និងបញ្ឆេះយកឈ្មោះលោក កឹម សុខា ទៅប្រើបោកប្រាស់ម្ចាស់ឆ្នោត គួរឲ្យអស់សំណើច

ភ្នំពេញ ៖ ទោះបីជាលោក កឹម សុខា បានចេញមកប្រកាសថា មិនជាប់ពាក់ព័ន្ធ នឹងក្រុមលោក សម រង្ស៊ី យ៉ាងណា ក៏ដោយ ក៏ក្រុមអ្នកនយោបាយ របស់ភាគីលោក សម រង្ស៊ី នៅតែបន្តផ្គើន ប្រើឈ្មោះលោក កឹម សុខា ដដែល ។ នេះបើតាមការឲ្យដឹង ពីលោក ចាន់ ចេន ដែលជាមេធាវីការពារក្តីឲ្យលោក កឹម សុខា ។

ជាក់ស្តែងនៅក្នុងហ្វេសប៊ុក នាថ្ងៃ២០ ធ្នូនេះ លោក ចាន់ ចេន បានលើកឡើងថា “មានក្រុមអ្នកនយោបាយ បញ្ឆោតក៏ដូចជាក្រុមបញ្ឆេះដែរ នៅតែយកឈ្មោះលោកប្រធាន កឹម សុខា ទៅប្រើ បោកប្រាសម្ចាស់ឆ្នោត គួរឲ្យអស់សំណើច” ។

លោកបានបរិយាយថា ម្តងថា គេធ្វើរងចាំ លោកកឹម សុខា គេស្វាគមន៍លោកកឹម សុខាមកចូលរួមឬដឹកនាំ គេមិនបែកពីលោកកឹម សុខាទេ គេព្យាយាមចង់ជួបអ្នកការទូត ដូចលោកកឹម សុខាដែរ ។ លោកថា ពួកទាំងពីរក្រុមនេះ (បញ្ឆោតនិងបញ្ឆេះ) និយាយមកហាក់បីដូចជា ដឹងនិងទទួលស្គាល់នូវគុណតម្លៃរបស់លោកកឹម សុខា ។

លោកឲ្យដឹងទៀតថា ទន្ទឹមគ្នានេះដែរ ក្រុមពីរនេះ ទាំងមេទាំងកូន វាយប្រហារ ជេរប្រមាថ មួលបង្កាច់ បន្តុះបង្អាប់ លោកកឹម សុខាថា ប្រជាពលរដ្ឋលែងគាំទ្រ គាត់ហើយ ជួបអ្នកការទូតតំណាងប្រទេសនានា ជាការងារអត់ប្រយោជន៍ អត់បានធ្វើអីសោះកុំរងចាំគាត់ ព្រោះជាអាយ៉ង។ ផ្ទុយពីចំណុចខាងលើ ពួកទាំងពីរក្រុមនេះ ហាក់បីដូចជាមិនឲ្យតម្លៃ ឬចង់កម្ទេចប្រជាប្រិយភាព លោកកឹម សុខា។

សូមបញ្ជាក់ថា ស្របពេលលោក កឹម សុខា ប្រកាសបែកពីលោក សម រង្ស៊ីបានជាង១០ថ្ងៃ ខាងតុលាការ ដែលមាន លោក ប្លង់ សុផល តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១៤ ធ្នូ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីខកខានក្នុងការឡើង សវនាការ អស់រយៈពេលជិត ២ឆ្នាំ ដោយសារកូវីដ ៕

To Top