ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ៖ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ រីកចម្រើនគ្រប់កាលៈទេសៈ

ភ្នំពេញ ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាព បានសង្កេតឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ឡាវ មានការរីកចម្រើន គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ ។

ក្នុងឱកាសអនុញ្ញាតឲ្យលោក អាំផៃ ឃីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេច សាយ ឈុំ បានថ្លែងថា «សូមសម្តែង នូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើន គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ»។

សម្ដេចបន្ដថា មុនពេលមានវិបត្តិជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួងមន្ទីរ និងប្រជាជននៃប្រទេសទាំងពីរ តែងតែបានផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគ្នាទៅវិញ ទៅមកជាបន្តបន្ទាប់ ហើយប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាជាច្រើន ក្នុងក្របខណ្ឌកិច្ចសហប្រតិបតិ្តការតំបន់ និងអន្តរជាតិ ។

នាឱកាសនោះ លោក អាំផៃ ឃីនដាវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា បើទោះបីជារយៈពេល ចុងក្រោយនេះ កម្ពុជាជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ។ លោកថា កម្ពុជា ក៏ជាប្រទេសសម្បូរបែបដោយសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌ ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ។

លោកកត់សម្គាល់ឃើញថា សភានៃប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា យ៉ាងល្អប្រសើរ ជាពិសេសទំនាក់ទំនង រវាងក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាឡាវ ៕

To Top