នយោបាយ

កម្ពុជា-វៀតណាម ពន្លឿនកិច្ចពិភាក្សា លើលិខិតឆ្លងដែន និងវិញ្ញាប័នបត្រចាក់វ៉ាក់សាំង ដើម្បីសម្រួលការ ធ្វើពាណិជ្ជកម្ម (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម បានឯកភាពគ្នាពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ពាណិជ្ជកម្មតាមព្រំដែន ហើយក៏ពន្លឿនកិច្ចពិភាក្សាលើលិខិតឆ្លងដែន និងវិញ្ញាប័នបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នេះជាប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សារវាង សម្តេច និងលោក ង្វៀន សួនហ្វ៊ុក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្ដិភាព ។ លោកថា លោក ង្វៀន សួនហ្វ៊ុក សាទរ ចំពោះសមិទ្ធផល ជាប្រវត្តិសាស្ដ្រសំខាន់ៗ ដែលកម្ពុជា សម្រេចបាននាពេលនេះ ជាពិសេស ការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ សង្គម និងលើកកម្ពស់តួនាទី និងមុខមាត់កម្ពុជា ទាំងក្នុងតំបន់ និងឆាកអន្ដរជាតិ។ ភាគីទាំងពីរ ក៏បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើន ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងកាន់តែជិតស្និតថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៥៥ឆ្នាំ កន្លងមកនេះ ទោះបីស្ថិតក្នុងបរិបទការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។

ជាមួយគ្នានេះដែរ លោកឲ្យដឹងបន្តថា ភាគីទាំងពីរ ក៏បានអបអសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការពារវិនិយោគ និងកិច្ចព្រមព្រៀងជៀសវាង ការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់អភិវឌ្ឍន៍ ពាណិជ្ជកម្មតាមបែបថ្មី និងព្រមព្រៀងគ្នាជំរុញផែនការមេស្ដីពីការ តភ្ជាប់ឃើនសេដ្ឋកិច្ច កម្ពុជា-វៀតណាម ផងដែរ។

លោកបញ្ជាក់ថា “ភាគីទាំងពីរ ក៏បានឯកភាគ្នាពន្លឿន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ពាណិជ្ជកម្មតាមព្រំដែន ហើយភាគីទាំងពីរ ក៏បានឯកភាគ្នាថែមទៀត ក្នុងការពន្លឿន កិច្ចពិភាក្សាឆ្ពោះទៅកាន់ស្គាល់គ្នា ទៅវិញ ទៅមក លើលិខិតឆ្លងដែន និង វិញ្ញាប័នបត្រ ចាក់វ៉ាក់សាំង ដើម្បីសម្រួលដល់ការដំណើរ របស់ប្រជាជន ទាំងសង់ខាង ហើយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន ប្រទេសទាំងពីរ ។ លើសពីនេះទៀត ភាគីទាំងពីរ បានជំរុញបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យយុត្តិធម៌ ក្នុងការតភ្ជាប់គ្នារវាងប្រទេសពីរ”

ក្រោយបញ្ចប់កិច្ចពិភាក្សាគ្នា សម្តេចតេជោ និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារ ចំនួន៧ រួមមាន ៖ ទី១-ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម , ទី២-ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម , ទី៣-កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា , ទី៤-កំណត់ហេតុ នៃកិច្ចប្រជុំ រវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម , ទី៥-អនុស្សារណៈ នៃកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥ , ទី៦-អនុស្សារណៈ នៃការយោគយល់គ្នារវាងកម្ពុជា និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេស ទាំង២ និងទី៧-ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម

To Top