កំពង់ចាម ៖ អភិបាលខេត្ត លោក អ៊ុន ចាន់ដា ថ្លែងថា ផ្ដើមចេញពីកត្តាភូមិសាស្រ្ត និង កត្តាវិទ្យាសាស្រ្ត ដែលធ្វើឲ្យ ខេត្តកំពង់ចាម ប្រៀបបានទៅ នឹងគ្រាប់ពេជ្រ មិនទាន់កែច្នៃ ហើយកំពុងរង់ចាំ អ្នកវិនិយោគជាច្រើន ចូលមកបណ្ដាក់ទុន ។

ក្នុងជំនួបសំណេះ សំណលជាមួយ ឯកអគ្គរដ្ឋទូត ឥណ្ឌូណេស៊ី ប្រចាំកម្ពុជា លោក SUDIRMAN HASENG ព្រឹក ថ្ងៃទី ២១ ខែធ្នូ អភិបាលខេត្ត កំពង់ចាមបន្តថា សម្រាប់សក្តានុពល ខេត្តកំពង់ចាម គឺមិនខុសគ្នានឹងបណ្ដា ខេត្តផ្សេងៗនោះទេ ខេត្តនេះ មានធនធានមនុស្សច្រើន និងមានភូមិសាស្ត្រជាប់ដងទន្លេមេគង្គ នៅជិតរាជធានីភ្នំពេញ ហើយក៏ជាតំបន់កណ្ដាល ផ្សារភ្ជាប់តំបន់ សេដ្ឋកិច្ចផ្សេងៗទៀត ដែលឆ្លងកាត់។ បច្ចុប្បន្នក្នុងខេត្ត មានរោងចក្រកាត់ដេរចំនួន ១៧ កន្លែង កំពុងផ្ដល់ការងារដល់ប្រជាពលរដ្ឋ ជាង ៣ម៉ឺននាក់ និងកំពុងដំណើរការយ៉ាងល្អ និងមានចំការកៅស៊ូ មានដី ដែលមានជីជាតិ និងប្រភពទឹកគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋ ធ្វើការដាំដុះដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផងដែរ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងជាលំដាប់។

ម្យ៉ាងទៀត ផ្ដើមចេញពីកត្តាភូមិសាស្រ្ត និងកត្តាវិទ្យាសាស្រ្ត ដែលធ្វើឲ្យខេត្តកំពង់ចាម ជាខេត្តមួយ ប្រៀបបានទៅនឹងគ្រាប់ពេជ្រដែលមិនទាន់ច្នៃ និងរង់ចាំអ្នកវិនិយោគជាច្រើន ចូលមកបណ្ដាក់ទុន ។ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានផ្ដល់នូវ លក្ខណៈងាយស្រួល ទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់ ការរក្សាឲ្យបាននូវរបៀបរបបធ្វើការងារ និងការផ្ដល់សេវា រដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគជាទីពេញចិត្តផងដែរ ៕

