ភ្នំពេញ៖ លោក Le Quoc Doach អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាបាននាំចូលផលិតផលកសិកម្មទៅកាន់ប្រទេសវៀតណាមគិតជាថវិកាបានរហូតទៅដល់ ៣,៧៣ពាន់លានដុល្លាអាមេរិក ។

ក្នុងការជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា លោក Le Quoc Doach បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចស្វាគមន៍ ដ៏កក់ក្ដៅពីសំណាក់លោករដ្ឋមន្ត្រី ក្នុងការអនុញ្ញាត ឱ្យមានការជួបពិភាក្សាការងារ ក្នុងទស្សនកិច្ចផ្លូវការដ៏មានសារៈសំខាន់នាពេលនេះ ។

លោក Le Quoc Doach បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហកាប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេស និងក្រសួងទាំង២ ។

លោកបញ្ជាក់ថា សមិទ្ធិផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានបង្ហាញយ៉ាងច្បាស់លើទំហំ និងជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ នាំចូលផលិផលកសិកម្មនៃប្រទេសទាំង២ផងដែរ ។ លោកបន្តថា គិតត្រឹមរយៈពេល ១១ខែក្នុងឆ្នាំ២០២១ នេះ ប្រទេសវៀតណាមក៏បាននាំចូលផលិតផលកសិកម្មមកកាន់ប្រទេសកម្ពុជា គិតជាថវិកាសរុប ៣,៣២ពាន់លានដុល្លាអាមេរិកផងដែរ៕


