ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានក្រើនរំលឹក ដល់ អតីតអ្នកធ្លាប់ធ្វើធំ នៅខេត្តភាគពាយ័ព្យ ជាប់ព្រំដែនថៃ ដែលចង់អន្តរាគមន៏ លើបញ្ហាកាប់បំផ្លាញព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ឱ្យឆាប់ដកដៃជាបន្ទាន់។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា «មហាជនដែលកំពុងតាមដាន រដ្ឋាភិបាលបង្រ្កាប អ្នកបំផ្លាញព្រៃលិចទឹក ដើម្បីទន្រ្ទានយកដី នៅជុំវិញ បឹងទន្លេសាប បានក្រើនរំលឹក អតីតធ្លាប់ធ្វើធំ នៅខេត្តភាគពាយ័ព្យជាប់ព្រំដែនថៃ ឱ្យបញ្ឈប់សកម្មភាព អន្តរាគមន៏ ជួយអ្នកបំផ្លាញយុទ្ធសាស្ត្រ និង សេដ្ឋកិច្ចជាតិ ដែលខំទៅបញ្ចុះបញ្ចូល អាជ្ញាធម៌ខេត្ត ឱ្យជួយបិទបាំងអំពីបំផ្លាញជាតិ។

លោកបញ្ជាក់ថា «កន្លងមក អ្នកបំផ្លាញនោះ បានរាយការណ៏ថា ខ្លួនគាត់មានតែ១០០ហតទេ តែធាតុពិត គេបានរកឃើញចំនួនដី បានមកពីកាប់បំផ្លាញព្រៃលិចទឹក រាប់រយហិកតា ឯណោះ! ឆាប់ដកដៃជាបន្ទាន់»។

សូមរំលឹកថា កាលពីចុងខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយកមន្រ្តីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យ ចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។ បន្ទាប់ពីដាក់បទបញ្ជា ក្រុមការងារអន្តរក្រសួង បានរកឃើញអតីតអភិបាលខេត្ត មន្រ្តីប៉ូលីស ទាហាន មួយចំនួន ជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងកាប់ទន្ទ្រានដីព្រៃលិច ជុំវិញបឹងទន្លេសាបផងដែរ៕


