ព័ត៌មានជាតិ

ការដាក់ឱ្យដំណើរការ “គោលនយោបាយ ធនធានមនុស្ស” គឺជាសក្ខីភាព ជួយអភិវឌ្ឍន៍ ធនធានមនុស្ស ក្នុងវិស័យកសិកម្ម

ភ្នំពេញ ៖ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងថា ការដាក់ឱ្យដំណើរ ការជាផ្លូវការនូវ “គោលនយោបាយ ធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការពង្រឹង ការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ ធនធាន មនុស្សក្នុងវិស័យកសិកម្ម ពិសេសការធានា និរន្តរភាព នៃតួនាទី និងដំណើរការ រដ្ឋបាលសាធារណៈឱ្យ បានល្អប្រសើរ ។ នេះបើយោង តាមគេហទំព័រ ហ្វេសប៊ុក ក្រសួងកសិកម្ម ។

ក្នុងពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោក វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយស្មារតី ទទួលខុសត្រូវ ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានបុគ្គលិក និង អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគណៈកម្មការប្រឹក្សា យោបល់ សម្រាប់រៀបចំ «គោលនយោបាយ ធនធានមនុស្ស» នេះ និងការចូលរួមសហការ ពីបណ្តាអង្គភាពក្រោមឱវាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងសហភាពអឺរ៉ុបជួយរៀបចំ ចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដែលជាយន្តការស្នូលក្នុងការគាំទ្រដល់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០២០-២០៣០ ដើម្បីធានាឱ្យបាននូវទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ ។

លោករដ្ឋមន្ត្រី បានជំរុញឱ្យគ្រប់ប្រធាន អង្គភាពក្រោមឱវាទក្រសួងត្រូវ បំពេញភារកិច្ចជួយជំរុញ បង្កើន លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យមន្រ្តីក្រោមឱវាទ បានចូលរួមសិក្សារៀនសូត្រ និងបណ្តុះបណ្តាល ដើម្បីពង្រឹង និងពង្រីកទាំងទ្រឹស្តី និងការអនុវត្ត មានសមត្ថភាពក្នុងការបំពេញ ការងារសាធារណ: ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕

To Top