ភ្នំពេញ៖ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណ ចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបន្តឧបត្ថម្ភគាំទ្រ និងការអនុវត្ត ដោយគ្មានការរើសអើង ចំពោះប្រជាជន មានដើមកំណើតវៀតណាម រស់នៅប្រទេសកម្ពុជា នាពេលកន្លងមក ។
យោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសនៃដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ្វ៊ុក នៅកម្ពុជា ចាប់ពីថ្ងៃទី២១-២២ធ្នូ បានបញ្ជាក់ឲ្យដឹងថា «លោក ង្វៀន សួនហ៊្វុក បានសម្តែងនូវអំណរគុណ ចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបន្តឧបត្ថម្ភគាំទ្រ និងការអនុវត្តដោយគ្មានការរើសអើង ចំពោះប្រជាជនមានដើម កំណើតវៀតណាម រស់នៅប្រទេសកម្ពុជា នាពេលកន្លងមក» ។
សូមបញ្ជាក់ថា យោងតាមសារព័ត៌មាន បរទេសមួយឈ្មោះ Asia Sentinel បានចុះផ្សាយកាលពីកំឡុងឆ្នាំ២០១៦ថា ប្រជាជនវៀតណាមប្រមាណ ៧៥០,០០០នាក់ ត្រូវបានគេជឿថា កំពុងរស់នៅក្នុងប្រទេសកម្ពុជាដែលចំនួននេះប្រហែលនឹង ៥% នៃចំនួនប្រជាជនសរុបក្នុងប្រទេសនេះ ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់ អំពីរឿងនេះទេ ។ ប្រជាជនវៀតណាមទាំងនោះ ស្ទើរតែទាំងអស់ គឺមិនមានសញ្ជាតិទេ ហើយមានចំនួនតិចតួចប៉ុណ្ណោះ ដែលទទួលបានសញ្ជាតិ ជាពលរដ្ឋកម្ពុជា ៕