ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីកម្ពុជាបញ្ចប់ព្រឹត្តការណ៍ ២០ កុម្ភៈ ក៏ដោយ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន មិនធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ជាពិសេសប្រភេទ មេរោគបំប្លែងថ្មីៗ អូមីក្រុង (Omicron variant) ដើម្បីធានានិរន្ដរភាព នៃការបើកប្រទេស និងសង្គម-សេដ្ឋកិច្ច ឡើងវិញ។
ក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការ «ក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ក្នុងរយៈពេលប្រមាណ ២ ឆ្នាំ នៃវិបត្តិជំងឺកូវីដ-១៩ កន្លងទៅ ទាំងអស់គ្នាអាចកត់សម្គាល់ឃើញយ៉ាងច្បាស់ នូវផលវិបាកអវិជ្ជមានដែលកើតចេញពីវិបត្តិនេះ មកលើស្ថានភាព សង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្រៅពីការគំរាមកំហែង និងការឆក់យកអាយុជីវិតប្រជាជន វិបត្តិនេះបានលាតត្រដាងឡើង នូវចំណុចផុយស្រួយមួយចំនួន នៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដែលងាយនឹងទទួលរង ផលប៉ះពាល់ពីកត្តាខាងក្រៅ។
លោក បញ្ជាក់ថា «ទោះបីជារាជរដ្ឋាភិបាល បានប្រកាសបញ្ចប់នូវ ព្រឹត្តការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១ កាលពីថ្ងៃទី ២០ ខែធ្នូ នេះហើយក៏ដោយ យើងទាំងអស់គ្នាមិនត្រូវមើលស្រាល និងមានការធ្វេសប្រហែស ចំពោះជំងឺកូវីដ-១៩ នេះឡើយ ជាពិសេស ប្រភេទមេរោគបំប្លែងថ្មីៗ ដូចជា អូមីក្រុង (Omicron variant) ជាដើម»។
លោក បន្ដថា «យើងទាំងអស់គា្នត្រូវបន្តត្រៀមខ្លួនជាប់ជានិច្ច ចំពោះសេណារីយ៉ូអាក្រក់ នៃការអូសបន្លាយយូរអង្វែងនៃវិបត្តិនៃជំងឺកូវីដ-១៩នេះ តាមរយៈ ការរៀនរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល ជាពិសេស វិធានការ ៣-ការពារ និង៣-កុំ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាការពារសុវត្ថិភាព និងសុខមាលភាពរបស់បុគ្គលនីមួយៗ ក៏ដូចជា ការពារសុវត្ថិភាព និងសុខមាលភាពរបស់ក្រុមគ្រួសារ និងរបស់សហគមន៍ ព្រមទាំងធានា នូវនិរន្តរភាពនៃការបើកប្រទេស និង សកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ មិនឲ្យមានការត្រឡប់ក្រោយ»។
លើសពីនេះទៀត លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា ស្របពេលដែលជំងឺកូវីដ-១៩ បានលាតត្រដាងឡើង នូវចំណុចផុយស្រួយមួយចំនួន របស់មូលដ្ឋាន សេដ្ឋកិច្ចកម្ពុជា វិបត្តិនេះក៏បានបង្ហាញឲ្យឃើញនូវចំណុចខ្លាំងជាច្រើនដែរ ជា ពិសេសការសម្រេចចិត្ត ដ៏ត្រឹមត្រូវ និងទាន់ពេល របស់រាជរដ្ឋាភិបាល នាពេលកន្លងទៅ នៅក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឧត្បាតនេះ និងក្នុងការគ្រប់គ្រងរក្សាលំនឹងសង្គម សេដ្ឋកិច្ច និង លំនឹងនៃជីវភាពរបស់ប្រជាជន។
លោក បន្ថែមថា ជាក់ស្តែង វិស័យកសិកម្មរបស់កម្ពុជា នៅតែអាចរក្សាបាននូវលំនឹង និងកំណើនរឹងមាំ ហើយបានជួយស្រូបយកកម្លាំងពលកម្មមួយចំនួន ដែលត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ពីវិស័យផ្សេងទៀត ។ ប្រការនេះបង្ហាញថា កសិកម្ម នៅតែជាវិស័យចន្ទល់ដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលត្រូវតែបន្តយកចិត្ត ទុកដាក់អភិវឌ្ឍ និងធ្វើឧស្សាហូបនីយកម្មបន្ថែមទៀត ដើម្បីសម្រេចបាននូវសក្តានុពល កំណើននៃវិស័យនេះ៕