ភ្នំពេញ៖ ត្រឹមតែ ១ថ្ងៃក្រុមមន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF តាមបណ្ដារាជធានី ខេត្ដបានធ្វើការដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង ៦តោន និងដកហូតទំនិញ មានភាពមិនអនុលោម ពីអាជីវករយកមករក្សាទុកជាង ១រយគីឡូក្រាម ហើយបានរកឃើញដេប៉ូប្រេងឥន្ធនៈ ៩ទីតាំងមានភាពមិនប្រក្រតី។
តាមរយៈគេហទំព័រ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឱ្យដឹងថានាថ្ងៃទី២២ ខែធ្នូ ក្រុមមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្ដបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិកម្មខេត្ដ បានធ្វើការដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦ ៤០៥គីឡូក្រាមដែលដកហូតពីអាជីវករតាមទីផ្សារកាលពីកន្លងមក ។
នាថ្ងៃដដែល អគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្ដពោធិ៍សាត់ និងរាជធានីភ្នំពេញ សហការជាមួយមន្ត្រី នាយកដ្ឋានមន្ទីរពិសោធន៍រួម ជាមួយរថយន្ដចល័ត ផ្នែកម្ហូបអារហារ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើបណ្ដា ទីផ្សារឃ្លាំងស្តុក និងចែកចាយអំបិល ដើម្បីស្វែងរក និងទប់ស្កាត់នូវទំនិញម្ហូបអារហារដែលផ្ទុកនូវសារធាតុគីមី ហាមឃាត់ណាមួយ ដែលប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។ ក្រោយពីត្រួតពិនិត្យជាលិទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញដែលមិនមានភាពអនុលោមបានចំនួន ១០៩.៥គីឡូក្រាមមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធី។
ចំណែកអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្ដព្រះវិហារនាថ្ងៃជាមួយគ្នាបានចុះត្រួតពិនិត្យ តាមបណ្ដាស្ថានីយ៍ ដេប៉ូប្រេងឥន្ទនៈបានរកឃើញដេប៉ូចំនួន ៩ទីតាំងក្នុងចំណោម ១៣ទីតាំងមានភាពមិនអនុលោម មិនសុចរិតភាពក្នុងការផ្គត់ផ្គង់ជូនទៅអតិថិជន។ ក្រោយពីពិនិត្យរកឃើញថាមានភាពមិនអនុលោម មន្ត្រីជំនាញបានអប់រំណែនាំដេប៉ូ ៦ទីតាំងឱ្យធ្វើកិច្ចសន្យាកែតំរូវឡើងវិញ និងចំពោះដេប៉ូ ៣ទីតាំងទៀតត្រូវបានមន្ត្រីជំនាញ ពិន័យតាមនីតិវិធីច្បាប់ផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានអអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្ដបន្ទាយមានជ័យថ្លែងថា ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការពីអគ្គនាយកដ្ឋាន ក.ប.ប មន្រ្តីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្រ្កាប និងដកហូតទំនិញខូចគុណភាពរយៈពេល ៦ខែ នៃឆ្នាំ២០២១ បានចំនួន ៦ ៤០៥គីឡូក្រាម ។ លោកបន្តថា ក្រោយពីបង្រ្កាប និងដកហូតបានសុំគោលការណ៍ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ដើម្បីដុតកម្ទេចចោលផងដែរ។
លោកបញ្ជាក់ថា រាល់ទំនិញខូចគុណភាព ដែលមន្ត្រីជំនាញបង្រ្កាបដកហូត នាចុងឆ្នាំ២០២១នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្ដបន្ទាយមានជ័យ ចាត់ការតាមនីតិវីធីហើយ។
លោក សាន វិជ្ជាសារ៉ាវុធ បន្ថែមថាចំពោះករណីម្ចាស់ដេប៉ូប្រេង ដែលមន្ត្រីជំនាញរកឃើញថា មានលក់សាំងមិនគ្រប់លីត្រ ជាបទល្មើសមួយដែលត្រូវតែមានវិធានការ និងអ្នកលក់ទំនិញខូចគុណភាព មិនត្រូវដាក់លក់ កម្ទេចមីកញ្ចប់តូចៗ ដែលជាកាកសំណល់មីបោសប្រមូលយកមកវិចខ្ចប់ ដែលធ្វើឱ្យប៉ះពាល់សុខភាព អ្នកបរិភោគ ជាពិសេសកុមារតូចៗ ដែលនៅតាមសាលារៀនជាដើម៕