ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា ទោះសម្ដេចចេញពីតំណែង ក៏លោក អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដដែល និងប្រកាសពន្យារឲ្យលោក គុណ ញឹម បន្តកាន់តំណែងជាមេគយរហូត ដល់ឆ្នាំ២០២៥ ខណៈមានអ្នករត់ការចង់បាន តំណែងមេគយនេះ ។
ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំនិយាយឲ្យច្បាស់តែម្ដង ឧទាហរណ៍ទេ បើសិនជាខ្ញុំចេញពីតំណែង ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ក៏នៅតែកាន់ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដដែល ទុកឲ្យពួកគាត់នាំគ្នាចាត់ចែងទៅ» ។
សម្ដេចតេជោមានប្រសាស៍ថា ក្នុងរង្វង់ឆ្នាំ២០០៤ មានការប៉ុនប៉ងលក់គយ ។ មិត្តភក្ដិដៃគូបានផ្ដល់មតិ និងគូសរួចស្រេចនូវគំនូសបំព្រួញ អំពីការលក់គយ បានសេចក្ដីថាបបួល ឲ្យលក់អធិបតេយ្យជាតិតែម្ដង ។ សម្ដេចថា ពេលនោះដឹងទៀតថា មិនមែនអ្នកក្នុងស្រុកជាអ្នកចង់ទិញទេ គឺអ្នកមកពីបរទេស ។
សម្ដេចបន្តថា បើសិនជាពេលនោះសម្ដេច មិន ដាច់ខាតដើម្បី ការពារអធិបតេយ្យជាតិ តើមកដល់ពេលនេះប្រាក់ចំណូលគយ ដែលលោក អូន ព័ន្ធមុនីរ័ត្ន លើកឡើង មិនដឹងថាបាត់បង់ទៅណាទេ ជាពិសេសត្រូវចែកប្រាក់ចំណូល ៥០% ទៅឲ្យបរទេស ។ សម្ដេចថា រឿងនេះសម្ដេចជំទាស់ រហូតមានចំណាមួយថា អ្នកហ៊ានចូលប្រជុំជាមួយ អ្នកប៉ុន ប៉ងលក់គយ នឹងដកចេញពីតំណែងទាំងអស់ ។ សម្ដេចបញ្ជាក់ថា «ចឹងបានជាបរទេសខ្លះ មិនចូលចិត្តខ្ញុំដោយសារ ខ្ញុំក្បាលរឹងរឿងចឹង ក្បាលរឹងលើឯករាជ្យ អធិបតេយ្យរបស់ជាតិ» ។
ជាមួយគ្នានេះសម្ដេចតេជោ សង្កត់ធ្ងន់ដែរថា «សូមបញ្ជាក់កុំអាលទារឲ្យ គុណ ញឹម ចូលនិវត្តន៍ ខ្ញុំពន្យារឲ្យដល់ឆ្នាំ២០២៥ អាហ្នឹងជាឆន្ទានុសិទ្ធរបស់ខ្ញុំ ទុកឲ្យធ្វើទំនើបកម្មគយនេះ ថែមបន្តិចទៀត ហើយ គុណ ញឹម ក៏មិនទាន់ចាស់ប៉ុន្មានដែរ ។ ខ្ញុំដឹងមានអ្នកខ្លះប្រុងរត់ការ ដើម្បីសុំកន្លែងធ្វើគយ សុំទោសកន្លែងអត់ទេ ខ្ញុំត្រូវតែទុកធ្វើកិច្ចការងារនេះ ហើយក្នុងករណីមាននាយករដ្ឋមន្ត្រីថ្មី មកជំនួសមុនឆ្នាំ២០២៥ ទុកឲ្យនាយករដ្ឋមន្ត្រីថ្មី គេពិភាក្សាបញ្ហានេះចុះ» ។
សម្ដេចបន្ថែមថា បរទេសខ្លះគុំគួនសម្ដេចយូរហើយ មិនមែនទើបតែគុំឥឡូវនេះទេ ដោយសារការប៉ុនប៉ង របស់គេមិនបានសម្រេច ។ ហើយលុយដែលគេប៉ុនប៉ងឲ្យ យើងយកមកចាយ ដើម្បីកែទម្រង់គយ ប៉ុន្តែពេលនោះគ្មានពាក្យកែទម្រង់គយទេ គឺប្រើឲ្យយើងលក់គយពាក់កណ្ដាល ក៏ដូចស្មើនឹងលក់អធិបតេយ្យជាតិ ពាក់កណ្ដាលដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា ធ្វើអ្វីក៏ដោយត្រូវគ្រប់គ្រង ក្ដាប់ឲ្យជាប់នូវទស្សនៈ ស្ដីពីឯករាជ្យ និងអធិបតេយ្យជាតិ មិនត្រូវឱនក្បាល ឬយកក្បាលយើងទៅដោះដូរ ជាមួយជំនួយ ឬការអត់ឱនពីបរទេសណាទាំងអស់ ៕