ភ្នំពេញ៖ ខណៈវេលាកាន់តែខិតជិតមកដល់ នៃការធ្វើដំណើរទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្រប សម្រួលលើវិបត្តិ ក្នុងប្រទេសដែលជាសមាជិកអាស៊ានមួយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទជាសំណួរទៅកាន់បណ្ដាប្រទេស និងអ្នកវិភាគ ដែលរិះគន់ពីតួនាទីរបស់កម្ពុជាថា តើប្រទេសខ្លួន បានដកស្ថានទូតចេញពីមីយ៉ាន់ម៉ា ហើយឬនៅ?។
សម្តេចតេជោ ប្រកាសយ៉ាងច្បាស់ម្តងទៀតថា នៅថ្ងៃ៧-៨មករា ឆ្នាំ២០២២សម្តេចនឹងធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបលោកឧត្តមសេនីយ៍ មៃ អ៊ុងឡាំង មេដឹកនាំយោធា ដើម្បីពិភាក្សាគ្នា ធ្វើយ៉ាងណាឲ្យគ្រប់អាស៊ានជើង១០។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ សម្ដេចនឹងធ្វើឲ្យអាស៊ានមិនស្រុះស្រួល មកជាអាស៊ានឯកភាពឡើងវិញ តាមរយៈធ្វើឲ្យវិលត្រឡប់ពីអាស៊ាន៩ មកជាអាស៊ាន១០ និងម្ខាងទៀតសម្របសម្រួល ជាមួយនឹងបញ្ហា នៅមីយ៉ាន់ម៉ា តាមគោលការណ៍ កូសង់ស៊ីស ៥ចំណុច ក្នុងនោះមានទាំងការទប់ស្កាត់ហិង្សាដែលជាចំណុចសំខាន់ នៅក្នុងរឿងនេះ។
តាមរយៈនៃតួនាទីរបស់កម្ពុជា លើវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ មានមនុស្សមួយចំនួនរាប់ចាប់តាំងពីលោក កាស៊ីត ភារម្យា អតីតរដ្ឋមន្រ្តីការបរទេសថៃ ដែលបច្ចុប្បន្នស្ថិតក្នុងភាគីប្រឆាំង បន្ទាប់ទៅតំណាងរាស្រ្តម្នាក់ នៅម៉ាឡេស៊ី រួមទាំងខ្លះទៀតបង្ហាញពីកង្វល់ ពីការធ្វើដំណើររបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា ហាក់ធ្វើការបំផ្លាញការខិតខំរបស់ពួកគេ ដែលឈានជិតដល់គោលដៅ។ នេះបើតាមសម្តេចតេជោឲ្យដឹងបន្ត។
ឆ្លើយតបទៅនឹងមតិរិះគន់ មិនសំចៃមាត់ពីសំណាក់ ក្រុមប្រឆាំងទាំងនេះ សម្ដេចតេជោ ចោទជាសំណួរថា «អ្វីទៅដែលជាគោលដៅ ឬត្រង់ដែលអ្នកឯងចង់ឈានដល់គោលដៅ តាមរយៈនៃការបំបែកមីយ៉ាន់ម៉ា ចេញពីអាស៊ាន។អ្នកឯងឆ្លើយអាកន្លែងនឹងឲ្យខ្ញុំបន្តិច! អ្វីទៅដែលជាគោលដៅរបស់អ្នកឯង»។
ម៉្យាងទៀត ចំពោះករណីលើកឡើងថា សម្ដេច ទៅមីយ៉ាន់ម៉ា ហាក់ដូចជាទទួលស្គាល់ នូវរដ្ឋបាលដែលកើតចេញពីរដ្ឋប្រហារយោធា នោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំគ្រាន់តែសួរបកទៅវិញថា ទៅពួកប្រទេសអ្នកឯងបានដកទូតចេញពីប្រទេសមីយ៉ាន់ម៉ា ហើយឬនៅ? នេះជាសំណួរសុំឲ្យឆ្លើយ! »។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា បើអ្នកឯងហ៊ានដក ទូតចេញពីមីយ៉ាន់ម៉ា ទើបអ្នកឯងចិត្តសឿង ប៉ុន្តែប្រទេសទាំងអស់ នៅលើពិភពលោក មិនទាន់មាន ប្រទេសណាមួយដកស្ថានទូតចេញពីមីយ៉ាន់ម៉ា នៅឡើយទេ។
សម្ដេច សង្កត់ធ្ងន់ថា «ហេតុអ្វី ហ៊ុន សែន មិនអាចធ្វើដំណើរទៅមីយ៉ាន់ម៉ាបាន កម្ពុជាមានទូតនៅទីនោះ ទូតមីយ៉ាន់ម៉ាមាននៅភ្នំពេញ ចឹងដំណើររបស់ខ្ញុំទៅមីយ៉ាន់ម៉ា គឺអត់មានអីខុស»។
ដោយឡែក ចំពោះមតិដែលលើកឡើងថា សម្ដេចទៅមីយ៉ាន់ម៉ា មិនតំណាងឲ្យកម្ពុជានោះ សម្ដេចតប ទៅវិញយ៉ាងដូច្នេះថា «នៅក្នុងប្រទសបញ្ជាទាំងអស់ លើកលែងតែ តុលាការនិងនិតិបញ្ញាតិ ក្រៅពីនោះស្ថានប័នរដ្ឋាភិបាលទាំងអស់ត្រូវត្រង់ជើងភ្លឹង»។
សម្ដេចគូសបញ្ជាក់ថា «ខ្ញុំទៅជិះឡានដាក់ទង់ជ័យ ហើយប្រើយន្ដហោះពិសេស ដែលមានទង់ជាតិកម្ពុជាទៅ ហេតុអ្វីថាខ្ញុំទៅមិនតំណាងឱ្យកម្ពុជា។ អ្នកណាមានសិទ្ធដកតំណែងខ្ញុំ ក្រៅពីរដ្ឋសភា។ បើមិនតំណាងឱ្យកម្ពុជា តើទៅធ្វើខ្មោចអី»។
ចំពោះ ប្រជាពលរដ្ឋមីយ៉ាន់ ដែលប្រឆាំងទៅនឹងវត្តមាន របស់សម្ដេចទៅកាន់ប្រទេសខ្លួន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំយល់ពីអារម្មណ៍របស់អ្នក អ្នកចង់ធ្វើអ្វីក៏ធ្វើចុះ ប៉ុន្តែអ្នកឯងនឹងទទួលផលប្រយោជន៍នៅពេលក្រោយ អំពីការវិលត្រឡប់នៃសន្តិភាព ក៏ដូចជាដំណើរការប្រជាធិតេយ្យ នៅមីយ៉ាន់ម៉ា»៕