ព័ត៌មានជាតិ

អ្នកចុះបញ្ជី ប.ស.ស. រួចរាល់ ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នឹងក្លាយជាសមាជិក ផ្នែកប្រាក់សោធន ដោយស្វ័យប្រវត្តិ

ភ្នំពេញ៖​ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម ក្រោមការចាត់តាំងពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើបទបង្ហាញស្តីពី “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” ជូនដល់តំណាងអង្គការ ស្ថាប័នចំនួន ៣០ផ្សេងគ្នា ឆ្លើយតបតាមការស្នើសុំ ពីគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា (គ.ស.ក) កាលពីពេលកន្លងទៅ។

ក្នុងឱកាសធ្វើបទបង្ហាញ ខាងលើ លោក សុក បូរ៉ា បានបញ្ជាក់ឲ្យដឹងថា៖ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅ ប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នឹងក្លាយជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធនដោយស្វ័យប្រវត្តិ នៅពេលរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដាក់ឲ្យដំណើរការនាពេលខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

លោក សុក បូរ៉ា បានបញ្ជាក់ទៀតថា៖ ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតត្រូវបំពេញ លក្ខខណ្ឌដូចជា៖ (១). បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន (២). បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច ១២ខែ និង (៣). ត្រូវមានអាយុយ៉ាងតិច ៦០ឆ្នាំ។

សូមបញ្ជាក់ថា៖ បទបង្ហាញខាងលើនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលដាយកូនៀ រាជធានីភ្នំពេញ ដែលបានរៀបចំឡើង ដោយគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ដោយមានអ្នកចូលរួមសរុប ប្រមាណជាង ៥០នាក់ ដែលបានចូលរួមដោយផ្ទាល់ និងចូលរួម តាមរយ:ប្រព័ន្ធអនឡាញ (Zoom Meeting) ៕

To Top
×