ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស.៖ ប្រសិនបើស្ថានភាព​ ក្នុងប្រទេស ល្អ​ប្រសើរឡើង ប.ស.ស. នឹងពង្រឹងបន្ថែម អំពីសកម្មភាព ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានថ្លែងថា៖ ជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈម ដែលយើងគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ ប៉ុន្ដែទន្ទឹមនឹងនេះបញ្ហាគ្រោះថា្នក់ចរាចរណ៍ គឺជាបញ្ហាប្រឈមសំខាន់ ដែលគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ក្នុងនោះ លោក ក៏បានលើកឡើងផងដែរ នូវការបង្កើនការបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ អំពីច្បាប់ស្តីពីសុវត្ថិភា​ព ចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិត ដើម្បីឲ្យពួកគាត់បានយល់ដឹង​ កាន់តែច្បាស់បន្ថែមទៀត អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញឲ្យមានការចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវ ដើម្បីអនុវត្តឲ្យបានជោគជ័យ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលធ្លាក់មកលើកម្មករនិយោជិត ឲ្យស្ថិតនៅកម្រិតទាបបំផុត ។

ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល លោក អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើរបាយការណ៍ លទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ២០២១ និងទិសដៅការងារអនុវត្ដបន្ត ឆ្នាំ២០២២ របស់ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិ សន្ដិសុខសង្គម (ប.ស.ស.) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះ ស្ថិតនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីសំណាក់ លោក លោកស្រី អនុប្រធាន សមាជិក នៃក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ​ កម្មករនិយោជិត សរុបប្រមាណជាង ២០រូប។

ឯកឧត្តមអគ្គនាយក ក៏បានធ្វើការអំពាវនាវ និងស្នើដល់បងប្អូន​ អ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចណ៍​ ឱ្យបានត្រឹមត្រូវ និងចេះយោគយល់អធ្យាស្រ័យគ្នា ក្នុងពេលធ្វើដំណើរលើដងផ្លូវ ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ មិនត្រូវផ្ទុកចំនួនកម្មករលើសចំណុះ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នករួមដំណើរ។

ឯកឧត្តមអគ្គនាយក បានថ្លែងបញ្ជាក់ទៀតថា៖ បើទោះបីជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានបិទបញ្ចប់ជោគជ័យទាំងស្រុងក៏ពិតមែន ប៉ុន្ដែជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមចំពោះមុខ ដែលយើងទាំងអស់គ្នា ត្រូវបន្តចូលរួមអនុវត្ត និងគោរពតាមវិធានសុខាភិបាល តាមការដាក់ចេញនូវវិធានការ ដ៏ម៉ត់ចត់បំផុតរបស់ ប្រមុខដឹកនាំកម្ពុជា ៣ការពារ និង៣កុំ ដើម្បីរួមចំណែក និងចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមជាមួយគ្នានេះ លោកអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំង ជាមួយនឹងការប្រើប្រាស់យុទ្ធសាស្រ្តផ្ការីក បានចាក់ជូនប្រជាពលរដ្ឋ នៅក្នុងប្រទេសបានទាន់ពេលវេលា ដើម្បីសុខុមាលភាពជូនសង្គមជាតិ៕

To Top