ព័ត៌មានជាតិ

លោក អ៊ុក សមវិទ្យា៖ គណបក្សប្រជាជនកម្ពុជា តែងតែរួមរស់​ជាមួយប្រជាពលរដ្ឋ មិនរត់ចោល និងកសាងប្រទេសជាតិ ឱ្យរីកចម្រើន​លើគ្រប់វិស័យ

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺជាគណបក្សមួយ ដែលតែងតែនៅរួមរស់​ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិមាតុភូមិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។

នេះការលើកឡើងរបស់លោក អ៊ុក សមវិទ្យា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១២៤រូប ជាសមាជិក​គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការបក្សបឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកប្រធានក្រុមការងារ បានថ្លែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១២៤រូប ទើបបញ្ចូលថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ សុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជា នៅពេលនេះ និងបានផ្តាំផ្ញើដល់សមាជិក គណបក្សប្រជាជនកម្ពុជា ទើបបញ្ចូលថ្មីទាំងអស់ ត្រូវខិតខំប្រឹងប្រែង​ បម្រើគណបក្ស ឲ្យអស់ពីកម្លាំងកាយចិត្ត ត្រូវមានភាពស្មោះត្រង់ និងប្រតិបត្ដិតាម គោលនយោបាយ របស់គណបក្ស បន្ដគាំទ្រនូវលក្ខន្ដិកៈរបស់គណបក្ស ត្រូវសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នា ដោយស្មោះត្រង់បំផុត និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា នៅអាណតិ្តបន្តបន្ទាប់ ដើម្បីគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតទៅទៀត និងបន្តដឹកនាំ ប្រទេសជាតិមាតុភូមិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។

ទន្ទឹមជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណ និងដឹងគុណបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នូវយុទ្ធសាស្រ្តឈ្នះៗ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ក្នុងការគ្រប់គ្រង ទៅលើស្ថានភាពកូវីដ-១៩ ដែលបានកំពុងរីករាលដាល នៅកម្ពុជា និងបានខិតខំប្រឹងប្រែងរកវ៉ាក់សាំង ជាមួយនឹងការប្រើប្រាស់ យុទ្ធសាស្រ្តផ្ការីក បានចាក់ជូនប្រជាពលរដ្ឋ នៅក្នុងប្រទេស បានទាន់ពេលវេលា ដើម្បីសុខុមាលភាព ជូនសង្គមជាតិ ។

ក្នុងឱកាសជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋទាំង ១២៤រូប ដែលជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាចិត្ត និងស្ម័គ្រចិត្តចូលមក រួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គោរពក្រមសីលធម៌ ដែលគណបក្សប្រគល់ជូន និងបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតទៅទៀត៕

To Top