ព័ត៌មានជាតិ

សម្តេចតេជោ អនុញ្ញាតឲ្យកីឡាករ២រូប ដែលឆ្លងកូវីដ១៩ ក្រោយត្រឡប់ពីប្រកួត នៅក្រៅប្រទេស បានប្រឡងបាក់ឌុប នៅមណ្ឌលព្យាបាល

ភ្នំពេញ ៖ យោងតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យកីឡាករ ចំនួន២រូប ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។

យោងតាមសារតេឡេក្រាមរបស់ ក្រសួងអប់រំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា ថ្ងៃទី២៦ ធ្នូ បេក្ខជនប្រឡងបាក់ឌុប បានទៅពិនិត្យឈ្មោះ, លេខបន្ទប់, លេខតុ, ស្ទង់កំដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាពរលូនតាមការគ្រោងទុក។

លោក បន្ដថា ដោយឡែក បេក្ខជនប្រលងបាក់ឌុប ចំនួន២រូប ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាល បានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។

លោក បញ្ជាក់ថា «យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យកីឡាករ ២រូបនេះ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩ មួយកន្លែងក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ»។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ (បាក់ឌុប)នេះ មានរយៈ ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះតទៅ ហើយមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕

To Top