ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញ ទៅទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំង ជាង៤១លានដូស។
ភាពជោគជ័យរបស់កម្ពុជា លើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយ លឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាច្រើន បង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយកំពុងបើកប្រទេសជាតិឡើងវិញគ្រប់វិស័យផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,២៤៤,១០៥នាក់៕