ដូចរៀងរាល់ឆ្នាំដែរមុននឹងបិទបញ្ចប់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីឆ្នាំ២០២២មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមសង្ខេបជូនព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំឡើងវិញជូនមិត្តអ្នកអានដែលរួមមាន៖ រឿងរ៉ាវនយោបាយ ទំនាក់ទំនងការបរទេស សេដ្ឋកិច្ចសង្គម ការអូសបន្លាយនៃវិបត្តិកូវីដ១៩ និងដំណើរការចាក់វ៉ាក់សាំង ជាដើម។
ការបន្តអូសបន្លាយនៃវិបត្តិកូវីដ១៩ នៅទូទាំងពិភពលោករួមទាំងកម្ពុជាបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បណ្ដោះអាសន្នរយៈពេលខ្លីនៅរវាងខែមេសានិងឧសភានៅក្នុងឆ្នាំ២០២១ ហើយបានកំណត់ជាតំបន់ក្រហម តំបន់លឿង តំបន់លឿងទុំ។ ពេលនោះរដ្ឋាភិបាលតម្រូវឲ្យប្រជាជននៅតែក្នុងផ្ទះដើម្បីទប់ស្កាត់ឆ្លងកូវីដ១៩ទ្រង់ទ្រាយធំ លើកលែងតែចំពោះតែបុគ្គលមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាត្តឲ្យចេញក្រៅបានដូចជាៈបុគ្គលិកសុខាភិបាល បុគ្គលដឹកជញ្ជូនសេវាម្ហូបអាហារនិងអ្នកសារព័ត៌មានជាដើម។
បន្ទាប់មករដ្ឋាភិបាលកម្ពុជាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្រេចបិទខ្ទប់អ្នកដំណើរឆ្លងមកពីប្រទេសថៃតាមច្រកព្រំដែនផ្លូវគោកជាបណ្តោះអាសន្ន និងផ្អាកការធ្វើដំណើរឆ្លងកាត់ខេត្តចំនួន៨ បន្ទាប់ពីរកឃើញវីរុសបំប្លែងខ្លួនថ្មីប្រភេទ “ដែលតា” ឆ្លងក្នុងសហគមន៍។ ខេត្តទាំង៨នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង ប៉ៃលិន សៀមរាប ព្រះវិហារ និងពោធិ៍សាត់។
-អំពីដំណើរការចាក់វ៉ាក់សាំង៖នៅចំពោះមុខបញ្ហានេះរដ្ឋាភិបាលដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំស្វែងវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ ថ្ងៃទី ១០ ខែកុម្ភៈ គឺជាថ្ងៃចាប់ផ្តើមដំបូងនៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ដែលមានពលរដ្ឋសរុបប្រមាណ ១៦ លាននាក់។ អ្នកអាទិភាពរួមមាន៖កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល អ្នកសារព័ត៌មាន មន្រ្តីរាជការស៊ីវិលជួរមុខ មន្រ្តីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អាជ្ញាធរមូលដ្ឋាន កម្មករកម្មការិនី បុគ្គលិកប្រមូលសំរាម សិស្សនិស្សិតទៅរៀននៅបរទេសក្រុមកីឡាករកីឡាការិនីគ្រូបង្វឹកមន្ដ្រីកីឡាពាក់ព័ន្ធសមាជិករដ្ឋសភា ព្រឹទ្ធសភា អង្គរក្ស អ្នកធ្វើការពាក់ព័ន្ធនឹងផ្នែកអាកាសចរស៊ីវិល មន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ បុគ្គលិករដ្ឋជួរមុខផ្សេងៗជាដើម។
បន្ទាប់ពីចាក់ជូនក្រុមគោលដៅអាទិភាពហើយនោះ រដ្ឋាភិបាលក៏ផ្ដើមចាក់ឲ្យពលរដ្ឋទូទៅរួមទាំងកុមារ និងក្មេងជំទង់ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ និងកុមារអាយុពី ៦ ទៅ ១២នៅថ្ងៃទី១៧កញ្ញាឆ្នាំ២០២១។
គិតជាសរុបកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន១០០,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨៥,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,២៥%។ គិតត្រឹមថ្ងៃទី២៥ខែវិច្ឆិកា អ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាកើនដល់ជាង១២ម៉ឺននាក់ និងអ្នកស្លាប់ជិត៣ពាន់នាក់។
លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខំប្រឹងប្រែង ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ចាក់ជូនទៅដល់ប្រជាពលរដ្ឋ ធ្វើឱ្យកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។
លោកស្រី លី អៃឡែន បានឱ្យដឹងថា លោកស្រីសង្កេតឃើញមានកត្តា ៣ សំខាន់ ដែលបានកំណត់ឱ្យដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាទទួលបានជោគជ័យ។ កត្តាទី១ គឺការដឹកនាំដ៏ខ្លាំងរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យមាននូវវ៉ាក់សាំងក្នុងប្រទេសគ្រប់គ្រាន់ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ។ សម្រាប់កត្តាទី២ គឺការចូលរួមរបស់ប្រជាពលរដ្ឋតែម្តង ដោយលោកស្រី លី អៃឡែន បានបញ្ជាក់ថា នៅប្រទេសមួយចំនួនប្រជាពលរដ្ឋមានការរារែកក្នុងការចាក់វ៉ាក់សាំង ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ប្រជាពលរដ្ឋមានការជឿជាក់ខ្ពស់ក្នុងកម្មវិធីទទួលវ៉ាក់សាំងកូវីដ ១៩ ហើយក៏បានចូលរួមយ៉ាងសស្រោកសស្រាំផងដែរ។ ចំណែកកត្តាទី៣ គឺការសហប្រតិបត្តិការ សម្របសម្រួលបានល្អ មិនថាតែក្នុងវិស័យរដ្ឋទេ តែរាជរដ្ឋាភិបាលកម្ពុជា ក៏មានការសហការល្អជាមួយនឹងដៃគូក្នុងវិស័យផ្សេងៗទៀតដែរ។ ដូចនេះកត្តាទាំង ៣ នេះគឺបានជំរុញឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ នេះ»។
-អំពីវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញនិងទទួលបាន៖
*វ៉ាក់សាំងចិន៖គឺជាប្រទេសដំបូងគេដែលបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ១៩សរុបចំនួន ៣៦,៨០០,០០០ ដូសដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨,៣០០,០០០ ដូស។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) បានអះអាងក្នុងនាមរដ្ឋាភិបាលចិន ដរាបណាប្រទេសកម្ពុជាមិនទាន់អស់មេរោគ និងជំងឺកូវីដ១៩ទេនោះ រដ្ឋាភិបាលចិនក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ជូនមកកម្ពុជាដែរ។ ការបង្ហាញទឹកចិត្តស្មោះសបែបនេះធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូត វ៉ាង វិនធាន រួមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិនចំនួន២លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រៅពីចិនកម្ពុជាក៏ទទួលបានវ៉ាក់សាំងពីប្រទេសធំៗផ្សេងៗទៀតដូចជាៈជប៉ុន អាមេរិក អង់គ្លេស ។
*វ៉ាក់សាំងអង់គ្លេស៖ជាក់ស្ដែងវ៉ាក់សាំង Oxford AstraZenecaចំនួន៤១៥.000ដូស ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអង់គ្លេសផ្ដល់ជូនកម្ពុជា បានដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ៥ សីហា ឆ្នាំ២០២១នេះ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំក្រុមការងារទៅទទួលវ៉ាក់សាំងប្រទេសអង់គ្លេសដោយផ្ទាល់។ ថ្លែងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្តាខេត្តនានា ដែលស្ថិត នៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និង រាលដាល ។
បើតាមសម្តេច ហ៊ុន សែន វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ ប្រជាជន និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ កម្ពុជានឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូដ-១៩ ដូសទី ៣ ឬ ដូសជំរុញនេះ។ សម្តេច ហ៊ុន សែន ក៏បានសូមស្នើចក្រភពអង់គ្លេសផ្តល់ជា ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញ វ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេសជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់កម្ពុជាជាមួយប្រទេសជាមិត្ត។ មិនមែនមានតែចិន ឬលំអៀងទៅរកចិន ដូចការចោទប្រកាន់មួយចំនួននោះឡើយ។ សម្រាប់សម្តេចចំពោះជំនួយវ៉ាក់សាំងទ្វេភាគី គឺសម្តេចនឹងចេញទទួលដោយផ្ទាល់នៅព្រលានយន្តហោះ។
*វ៉ាក់សាំងជប៉ុន៖វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ផលិតនៅជប៉ុន ចំនួន ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់កម្ពុជា នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា។
រដ្ឋាភិបាលជប៉ុនប្រកាសថា ជំនួយវ៉ាក់សាំង AstraZeneca នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា ដោយផ្អែកលើស្ថានភាពការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ បច្ចុប្បន្ននៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយជាវ៉ាក់សាំង១លានដូសនាពេលនេះសម្រាប់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ជាមួយគ្នានេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាឱ្យដឹងថា គិតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង ៥០ លានដុល្លារអាមេរិកដល់កម្ពុជា ក្នុងនោះ រួមមានបរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺកាចសាហាវនេះ នៅតាមព្រំដែន ព្រមទាំងផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។ ទន្ទឹមនេះ រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧ លានដុល្លារអាមេរិក សំរាប់ប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
*វ៉ាក់សាំងអាមេរិក៖សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំង ចនសាន់ & ចនសាន់ (Johnson & Johnson) ជាងមួយលានដូស ដែលជាវ៉ាក់សាំងចាក់តែមួយដូស បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០កក្កដា។ សម្រាប់ការមកដល់វ៉ាក់សាំងរបស់អាមេរិកសម្ដេច ហ៊ុន សែន បានចេញទៅទទួលឡើយជំនួសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង។
ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Benjamin Wohlauer បានមានប្រសាសន៍ថា “យើងមានមោទកភាពជាខ្លាំងដែលបានផ្តល់វ៉ាក់សាំង “ចនសាន់ & ចនសាន់” ចំនួន ១ លានដូសដល់ប្រជាជនកម្ពុជាដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់វ៉ាក់សាំងជាសកល។ លោក Benjamin បានបន្តថា “ការទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពគឺជាមធ្យោបាយចាំបាច់ រួមជាមួយការពាក់ម៉ាស់ រក្សាចម្ងាយពីគ្នា និងការលាងសម្អាតដៃ ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។យើងនឹងបន្តបរិច្ចាគវ៉ាក់សាំងជាច្រើនលានដូសបន្ថែមទៀតនៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នៅពេលដែលការផ្គត់ផ្គង់ដំណើរការ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក ដើម្បីបង្កើនលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ពិភពលោកទាំងមូលក៏ដូចជាបន្តសហការជាមួយដៃគូនានាដើម្បីពង្រីកសមត្ថភាពនៃផលិតកម្មវ៉ាក់សាំងជាសកលសំដៅកម្ចាត់ជំងឺរាតត្បាតនេះ។
បន្ទាប់ពីគ្រប់យ៉ាងល្អប្រសើរវ៉ាក់សាំងមានពេញដៃ ហើយចាក់ស្រោចស្រពលើប្រជាជនសឹងទាំងស្រុងក្នុងរង្វង់១៦លាននាក់មករដ្ឋាភិបាលមិនបង្អង់យូរឡើយដោយសម្រេចបើកប្រទេសភ្លាមភ្លេតកាលពីដើមខែវិច្ឆិកាជាមួយនឹងការប្រកាសទទួលយកទេសចរវ៉ាក់សាំងដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កអ្វីឡើងសម្រាប់អ្នកទេសចរណ៍ដែលចង់មកកំសាន្តនៅកម្ពុជាសម្រាប់គោលដៅ កោះរ៉ុង កោះកុង និងសៀមរាបជាដើម។
ចេញពីសំណុំរឿងកូវីដ១៩យើងមកចាប់អារម្មណ៍ទំនាក់ទំនងការបរទេសរបស់កម្ពុជានៅឆ្នាំ២០២១ម្ដងតាមរយៈដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ ចិន អូស្ត្រាលី និង អាមេរិក!
លោកស្រី វិនឌី រូត្ស ស៊ើមែន (Wendy Ruth Sherman) អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកមកបំពេញទស្សនៈកិច្ចមួយថ្ងៃនៅកម្ពុជានៅថ្ងៃទី១មិថុនាឆ្នាំ២០២១។ នៅក្នុងដំណើរទស្សនកិច្ចនោះលោកស្រីជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន និង លោក កឹម សុខា។
ជំនួបនេះជាមួយសម្ដេច ហ៊ុន សែន បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ អំឡុងពេលដែល លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានមកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបនោះ លោកស្រី ស៊ើមែន បានពាំនាំនូវសារលិខិតរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិកជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបង្ហាញអំពីបំណងប្រាថ្នារបស់ លោកប្រធានាធិបតី ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីបាន សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើទិដ្ឋភាពជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា (POW/MIA program) ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ជាពិសេស ការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែកម្ពុជា។
លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានជម្រាបជូន សម្តេចតេជោបន្ថែមទៀតអំពីកាលានុវត្តភាពជាច្រើនស្ថិតក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការដោះស្រាយបំណុល និងការវិនិយោគរបស់សហរដ្ឋអាមេរិកក្នុងវិស័យប្រេង និងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងវិស័យផ្សេងៗទៀត។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្តចំពោះការលើកឡើងរបស់ លោកស្រី ស៊ើមែន និងបានសម្ដែងនូវការកោតសរសើរចំពោះការចូលរួមចំណែករបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈអង្គការសុខភាពពិភពលោក (WHO)។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចតេជោ បានសម្ដែងនូវអំណរសាទរចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ដូចដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈការចុះថយគួរឱ្យកត់សម្គាល់នូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នាពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក។
ជាថ្មីម្តងទៀត សម្តេចតេជោ បានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបាន រំលឹកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារឯករាជ អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេស និង កិច្ចការបរទេស។
បើតាមសេចក្តីប្រកាស, ក្នុងជំនួបនោះសម្តេចតេជោ បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមាន ចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖
ទី១៖ អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ
ទី២៖ សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១ភាគរយ និង
ទី៣៖ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយ ដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម។
សម្ដេចតេជោ បានជម្រាបជូន លោកស្រី ស៊ើមែន ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលចំពោះកម្មវិធីមាតុភូមិនិវត្តពលរដ្ឋលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ដោយផ្អែកលើគោលការណ៍គោរពសិទ្ធិមនុស្ស លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណាធម៌។ ជាការឆ្លើយតប លោកស្រី បានថ្លែងអំណរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៅលើគ្រប់វិស័យ ហើយលោកជំទាវបានសន្យាថា នឹងយកសំណើនានាដែលបានលើកឡើងដោយ សម្ដេចតេជោ ទៅជម្រាបជូនលោកប្រធានាធិបតី ចូ បៃដិន។
ទោះជាមានដំណើរទស្សនកិច្ចរបស់លោកស្រី ស៊ើមែន មកកម្ពុជាក្ដីក៏ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកនៅឆ្នាំ២០២១នេះដែរតាមការអង្កេតរបស់អ្នកវិភាគនៅតែបាចសាចទឹកដាក់គ្នារវាងបញ្ហាសិទ្ធិមនុស្សនិងសំណុំកំពង់ផែរាម។
អាមេរិកបានលើកឡើងអំពីនយោបាយការបរទេសកម្ពុជា ចោទសួរអំពីមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ខណៈកម្ពុជាបានបដិសេធមិនអត្ថាធិប្បាយរឿងសិទ្ធិមនុស្សដែលអាមេរិកបានលើកឡើង។
អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិកដែលបានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានលើកឡើងអំពីតួនាទីសំខាន់របស់អាមេរិកនិងដៃគូផ្សេងទៀតក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងជំនួយរបស់អាមេរិកដែលបានផ្តល់ដល់កម្ពុជាប្រមាណ៣ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍប្រទេសនិងសេដ្ឋកិច្ចផងដែរ។
មន្រ្តីជាន់ខ្ពស់លំដាប់ទីពីរនៅក្រសួងការបរទេសអាមេរិករូបនេះ ក៏បានកត់សម្គាល់កិច្ចសហប្រតិបត្តិការដែលមានផ្លែផ្កាជាមួយកម្ពុជាក្នុងការអនុវត្តនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើង ការការពារកុមារ កិច្ចការពារសន្តិភាពរបស់អង្គការសហប្រជាជាតិ ការស្វែងរកអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា ការដោះមីន វិស័យសុខាភិបាលសាធារណៈនិងអប់រំ ក៏ដូចជាវិស័យផ្សេងទៀតដែលមានប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
បើតាមសេចក្តីថ្លែងការណ៍ អ្នកស្រីក៏នៅតែបង្ហាញការព្រួយបារម្ភខ្លាំងក្លាចំពោះវត្តមានទាហានរបស់ចិននៅកម្ពុជានិងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅសមុទ្ររាមក្នុងខេត្តព្រះសីហនុ។ អ្នកស្រីក៏បានស្វែងរកការបំភ្លឺទៅលើការវាយកម្ទេចសំណង់អគាររបស់អាមេរិកនៅសមុទ្ររាមដោយពុំមានការជូនដំណឹង ឬសេចក្តីពន្យល់ដល់អាមេរិក និងយល់ថាវត្តមានមូលដ្ឋានយោធារបស់ចិននៅកម្ពុជានឹងធ្វើឲ្យមានភាពទន់ខ្សោយនៃអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់ និងប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អនុរដ្ឋមន្រ្តីការបរទេសអាមេរិកក៏បានជំរុញឲ្យការដឹកនាំរបស់កម្ពុជា«ត្រូវរក្សានូវគោលនយោបាយការបរទេសដែលមានតុល្យភាពនិងឯករាជ្យមួយ ដើម្បីជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក។
អ្នកស្រី Sherman ក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសិទ្ធិមនុស្សនិងការការពារសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលមានសារសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី។ អ្នកស្រីក៏ជំរុញរដ្ឋាភិបាលកម្ពុជាឲ្យប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តជាលក្ខណៈសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងធានាការការពារសិទ្ធិកម្មករ។
អ្នកស្រីក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលជាបន្ទាន់នូវ«ការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ»ប្រឆាំងនឹងសមាជិកនៃគណបក្សនយោបាយប្រឆាំង អ្នកសារព័ត៌មាននិងសកម្មជន និងជំរុញយ៉ាងខ្លាំងឲ្យរដ្ឋាភិបាលបើកលម្ហសេរីភាពសម្រាប់ប្រជាជននិងនយោបាយឡើងវិញ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២និងការបោះឆ្នោតជាតិឆ្នាំ២០២៣។
*រំលងប្រមាណជា៥ខែក្រោយដំណើរទស្សនកិច្ចរបស់អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក
សហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែវិច្ឆិកា ប្រកាសដាក់ទណ្ឌកម្មមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូប ជុំវិញវិញអ្វីដែលអាមេរិកហៅថា ជាការប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងគម្រោងសាងសង់ និងកែលម្អកំពង់ផែកងទ័ពជើងទឹករាមនៅក្រុងព្រះសីហនុ។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទាំងពីររូបនោះ រួមមាន នាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។
បើតាមក្រសួងការបរទេសអាមេរិក ក្រៅពីលោក ចៅ ភិរុណ និងលោក ទៀ វិញ សមាជិកក្រុមគ្រួសាររបស់ពួកគេ រួមមាន កូនប្រុសបង្កើតរបស់លោក ចៅ ភិរុណ គឺលោក ចៅ ភិរិទ្ធ និងលោក ចៅ ពលៈ។ ប្រពន្ធរបស់លោក ទៀ វិញ គឺអ្នកស្រី កាន់ ចន្ទ្រា កូនស្រីរបស់លោក ទៀ វិញ គឺអ្នកស្រី ទៀ លក្ខិណា និងកូនប្រុសរបស់លោក ទៀ វិញ គឺលោក ទៀ សុខា។ ពួកគេទាំងនេះត្រូវបានរឹតត្បិតទិដ្ឋាការមិនឱ្យធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកឡើយ។
ក្រសួងរតនាគារជាតិអាមេរិក គូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ គឺជាសារមួយបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជានិងនៅទូទាំងសាកលលោក។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីជាន់ខ្ពស់៥នាក់ហើយបានទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិក។ ក្រៅពីលោក ចៅ ភិរុណ និងលោក ទៀ វិញ, លោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន លោក គន់ គីម ដែលជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ទ្រី ភាព ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ UDG ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ខ្នាតយក្សនៅតំបន់តារាសាគរក្នុងខេត្តកោះកុង។
រដ្ឋាភិបាលកម្ពុជា នឹងមិនចំណាយពេល ដើម្បីបកស្រាយអ្វីទៀតនោះទេ ចំពោះការចោទប្រកាន់របស់បរទេសថា កម្ពុជា បើកដៃឲ្យមហាអំណាចចិន បង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម ខេត្តព្រះសីហនុ។ លើសពីនេះ បើមានគណៈប្រតិភូបរទេស ស្នើសុំទៅធ្វើទស្សនកិច្ចនៅកំពង់ផែរាមដូចលើកមុន ក៏រដ្ឋាភិបាលកម្ពុជា លែងអនុញ្ញាតដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៧ខ្សែ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា៖«ខ្ញុំ មិននិយាយតទៅទៀតទេ អារឿងកំពង់ផែរាម។ ខ្ញុំ បានប្រាប់ទៅ [សម្តេច] ទៀ បាញ់ [រដ្ឋមន្រ្តីក្រសួងការពារជាតិ] ហើយ ឈប់និយាយរឿងកំពង់ផែរាម។ មេដឹកនាំកម្ពុជារូបនេះ បន្តថា៖«អ្នកណា ចង់សុំទៅទស្សនកិច្ចអី មិនបាច់ឲ្យទៅទេ ព្រោះកំពង់ផែរាម មិនមែនជាកន្លែងចោរលួចចោរប្លន់ទេ។ អ្នកឯង ចង់ថាម៉េចថាទៅ ឲ្យទៅមើលហើយ នៅមិនអស់ចិត្ត»។
កម្ពុជា រងការចោទប្រកាន់ពីបរទេសយូរហើយ ពិសេសពីសំណាក់អាម៉េរិកថា អនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម។ អាម៉េរិក ថែមទាំងធ្លាប់បញ្ចេញរូបភាព ដែលខ្លួនថតជាប់ដោយប្រព័ន្ធសេថេលឡាយ (Satellite) ឬផ្កាយរណប ទៅក្នុងរបាយការណ៍ផងដែរ ដោយអះអាងថា រូបភាពនោះ គឺជាអគារ ដែលត្រូវបានសាងសង់នៅកំពង់ផែរាម សម្រាប់បម្រើឲ្យកងទ័ពជើងទឹកចិន។
មន្ដ្រីក្រសួងការបរទេសចិន លោក វ៉ាង យី បានដាក់ជើងជាន់កម្ពុជា នៅថ្ងៃអាទិត្យទី១២កញ្ញា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ។ នៅក្នុងថ្ងៃទី១នៃដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី បានចូលរួមជាអធិបតីជាមួយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងពិធីប្រគល់និងទទួលពហុកីឡដ្ឋានមរតកតេជោដល់កម្ពុជាជាផ្លូវការ។ លោកក៏បានជួបពិភាក្សាការងារជាមួយសមភាគីកម្ពុជា គឺលោករដ្ឋមន្ដ្រី ប្រាក់ សុខុនផងដែរ។ លោក ប្រាក់ សុខុន ដែលបានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតថា ប្រមុខការទូតចិនមកកម្ពុជានាពេលនេះមានភ្ជាប់មកជាមួយនូវជំនួយឧបត្ថម្ភឥតសំណងចំនួន២៧០លានដុល្លារសហរដ្ឋអាមេរិក និងជំនួយផ្សេងៗទៀតដល់កម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាន លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅកម្ពុជានេះ ថាជាការពង្រឹងមិត្តភាពដែកថែប រវាងចិននិងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខការទូតកម្ពុជា បានលើកឡើងអំពីផលប្រយោជន៍ដែលកម្ពុជាទទួលបានតាមរយៈគម្រោង «ខ្សែក្រវាត់និងផ្លូវ» ដែលផ្ដួចផ្ដើមឡើងដោយប្រទេសចិន។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា សមិទ្ធផលដែលកម្ពុជាទទួលបានពីគម្រោង «ខ្សែក្រវាត់និងផ្លូវ» របស់ចិននេះ នឹងមិនធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃបំណុលរបស់ចិនឡើយ។ សម្រាប់លោក ប្រាក់ សុខុន ហានិភ័យនៃបំណុលជាតិកើតឡើងនៅពេលដែលប្រទេសមួយមានបំណុលលើសពី៤០ភាគរយនៃ GDP ប៉ុន្តែសព្វថ្ងៃ បំណុលបរទេសរបស់កម្ពុជា មានមិនដល់៣០ភាគរយផង។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាជំពាក់បំណុលបរទេសនិងស្ថាប័នដទៃទៀតចំនួនសរុបជិត៩ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជាជំពាក់ចិនច្រើនជាងគេ គឺប្រមាណ៤៥ភាគរយនៃបំណុលសរុប ឬស្មើនឹងជិត៤ពាន់លានដុល្លារ។ ចំណែកបំណុលផ្សេងទៀត កម្ពុជាជំពាក់ស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិ ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងមូលនិធិរូបិយវត្ថុអន្ដរជាតិជាដើម។
ជាការកត់សម្គាល់ ក្រៅពីផ្ដល់កម្ចីច្រើនដល់កម្ពុជា ចិនក៏បន្តស្ថិតនៅក្នុងចំណោមប្រទេសដែលដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជាដែរ។ គិតត្រឹម៤ខែដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាចិន សម្រេចបានប្រមាណ៣ពាន់លានដុល្លារ។ ចំនួននេះ កើនឡើងជិត២០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ ជញ្ជីងពាណិជ្ជកម្មនេះផ្អៀងខ្លាំងទៅរកចិន ដោយការនាំចូលពីចិនមានទំហំទឹកប្រាក់ជាង២ពាន់៥រយលានដុល្លា ខណៈការនាំចេញពីកម្ពុជាទៅវិញ មានចំនួនត្រឹមតែ ៤២៤លានដុល្លារតែប៉ុណ្ណោះ។
តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ពីថ្ងៃទី៧ដល់ថ្ងៃទី៨វិច្ឆិកា។ បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី។ ចំណែកក្រសួងការបរទេសអូស្ត្រាលី អះអាងថា ខ្លួននឹងលើកឡើងពីការគាំទ្ររបស់អូស្ត្រាលីចំពោះតួនាទីរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ពីថ្ងៃទី៧ដល់ថ្ងៃទី៨វិច្ឆិកានេះ លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីការបរទេស និងកិច្ចការនារីរបស់អូស្ត្រាលី នឹងជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។ ក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា ភាគីទាំងពីរនឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍និងកង្វល់រួម ខណៈកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។ នេះបើតាមក្រសួងការបរទេសកម្ពុជា។ ចំណែកក្រសួងការបរទេសអូស្ត្រាលីអះអាងថា ខ្លួននឹងលើកឡើងពីការគាំទ្ររបស់អូស្ត្រាលីចំពោះតួនាទីរបស់ប្រទេសក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះដែរ។
សូមបញ្ជាក់ថា ក្រៅពីកម្ពុជា លោកស្រី ម៉ារីស ផែន ក៏ធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ។មុនឈានជើងជាន់ទឹកដីកម្ពុជា ប្រមុខការទូតអូស្ត្រាលីរូបនេះ ក៏ធ្លាប់ទូរសព្ទឆ្លើយឆ្លងជាមួយប្រមុខការទូតកម្ពុជាយ៉ាងតិចចំនួន២ដងនៅឆ្នាំ២០២១នេះ។ នៅថ្ងៃទី៨កក្កដា លោកស្រី ម៉ារីស ផេន បានទូរស័ព្ទមកនិយាយជាមួយ លោកប្រាក់ សុខុន អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងវិបត្តិនៅក្នុងប្រទេសភូមា។ បីខែក្រោយមក នៅថ្ងៃទី៨តុលា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីរូបនេះក៏មានជំនួបតាមទូរសព្ទជាមួយប្រមុខការទូតកម្ពុជាម្តងទៀត ដោយពិភាក្សាគ្នា ស្តីពីភាពជាដៃគូសន្តិសុខត្រីភាគី អូស្ត្រាលី-អង់គ្លេស-អាមេរិក ដែលហៅកាត់ថា «អឃឹស» (AUKUS) ដែលត្រូវបានបង្កើតឡើងកាលពីខែកញ្ញា២០២១ នាកិច្ចប្រជុំពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ។
ក្នុងជំនួបនោះ ប្រមុខការទូតកម្ពុជាបង្ហាញក្ដីសង្ឃឹមថា ដៃគូសន្តិសុខត្រីភាគីនេះនឹងមិនបន្ថែមសាំងទៅភ្លើង ដែលសំដៅដល់ការប្រកួតប្រជែងដែលកំពុងមានស្ថានភាពមិនល្អស្រាប់ និងបង្កើនភាពតានតឹងបន្ថែមទៀត។ ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមកកម្ពុជានៅពេលនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានរិះគន់អូស្ត្រាលីថា យឺតយ៉ាវក្នុងការបញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ១៩មកកម្ពុជា ខណៈប្រទេសនេះបានសន្យាផ្តល់ជូនតាំងពីឆ្នាំ២០២០៕
-អំពីរឿងរ៉ាវនយោបាយក្នុងស្រុកនៅឆ្នាំ២០២១នេះ ផ្ដើមចេញពីការបង្កើតច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ
រដ្ឋសភាបានសម្រេចអនុម័តឱ្យកំណត់ថ្នាក់ដឹកនាំជាតិកំពូលៗត្រូវមានសញ្ជាតិខ្មែតែមួយហើយនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២១។ ការអនុម័តនេះ គឺធ្វើឡើងជាឯកច្ឆ័ន្ធតែម្តង ដោយសមាជិកសភាចូលរួមគាំទ្រចំនួន១១១លើ១១១សំឡេង។ អ្វីជាការកត់សម្គាល់ កិច្ចប្រជុំរដ្ឋសភានេះ ក៏មានចូលរួមពីសំណាក់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់របស់លោកមួយចំនួនទៀតផងដែរ។
លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានអះអាងថា ក្រោយពីរដ្ឋសភាអនុម័តហើយ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញបញ្ចូលកំណត់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិតែមួយនេះនឹងត្រូវបញ្ជូនភ្លាមតែម្តងទៅព្រឹទ្ធសភាដើម្បីពិនិត្យបន្ថែម។ ក្រោយព្រឹទ្ធសភាពិនិត្យរួចនឹងបញ្ជូនមកកាន់រដ្ឋសភាវិញ ហើយរដ្ឋសភានឹងបញ្ជូនមកកាន់រដ្ឋាភិបាល ឯរដ្ឋាភិបាលនឹងថ្វាយបន្តទៅកាន់ព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ជាការប្រញាប់។ ជាការប្រញាប់ គឺសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះ នឹងត្រូវអនុវត្តបានភ្លាមៗតែម្តង បន្ទាប់ពីម៉ោង០០ទៅ។
បន្ទាប់មកព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី តាមរយៈព្រះរាជក្រមចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ច្បាប់ធម្មនុញ្ញ «កំណត់សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំកំពូលរបស់ជាតិរួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន សែន ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗទាំង៤របស់ជាតិ រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន «សញ្ជាតិខ្មែរតែមួយគត់»។
កាលពីថ្ងៃទី៦ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់នេះ។ ការសម្រេចនេះ ធ្វើឡើងភ្លាមៗក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយឃើញការចុះផ្សាយរបស់កាសែតបរទេស The Guardian ថាប្រមុខរដ្ឋាភិបាលកម្ពុជាបានទិញសញ្ជាតិស៊ីប្រើស (Cyprus) ដែលជាដែនកោះមួយនៅក្នុងតំបន់អឺរ៉ុប។
យ៉ាងណាសារព័ត៌មាន The Guardian បានផ្ញើលិខិតសុំទោសជាសាធារណៈទៅក្រសួងការបរទេសកម្ពុជា ដោយបានបង្ហាញការសោកស្ដាយចំពោះកំហុសរបស់ខ្លួនដែលបានផ្សាយខុសការពិត ដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៊ីប្រើសនេះ។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយវិសោធនកម្មរួចរាល់ នឹងនៅតែបើកចំហសម្រាប់ពលរដ្ឋខ្មែរដែលមានសញ្ជាតិ២ ឬច្រើន ក្នុងការចូលមកបម្រើជាតិ លើកលែងតែតំណែងកំពូលទាំង៤ ជាពិសេសតំណែងនាយករដ្ឋមន្រ្តី៕
យើងបន្តចាប់អារម្មណ៍ពីសារនយោបាយសំខាន់ៗរបស់លោក កឹម សុខា លោក សម រង្ស៊ី និង សម្ដេច ហ៊ុន សែន ៖
*អំពីសម្ដេច ហ៊ុន សែន៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»នៅថ្ងៃទី២៣វិច្ឆិកា នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម សម្ដេច ហ៊ុន សែន បានថ្លែងរំលឹកជាថ្មីថា នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីតទៅមុខទៀត ស្រេចនឹងចិត្ត ឲ្យតែប្រជាជននៅបោះឆ្នោតឲ្យ។ ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសថា សម្ដេចនឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវូស ប្រទេសស្វីស នៅថ្ងៃទី១៧ ដល់ ២២ ខែធ្នូ ខាងមុខ ព្រមទាំងប្រាប់ឲ្យអ្នកប្រឆាំងនឹងលោកទៅធ្វើបាតុកម្មនៅទីនោះ និងថាឲ្យអ្នកប្រឆាំងលោក ប្រាប់ឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិទៅចាប់លោកនៅទីនោះផងដែរទៅ។
-នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»នៅថ្ងៃទី២៣វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា (CPP) រស់នៅសហរដ្ឋអាមេរិក ងើបឈរឡើង ធ្វើបាតុកម្ម ដើម្បីប្រឆាំងជំទាស់នឹងការប្រកាស ដកសញ្ជាតិអាមេរិក លើអ្នកគាំទ្ររដ្ឋាភិបាលខ្មែរ ។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ ៧១C សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «មើលខ្មែរយើងនៅអាមេរិក សមាជិក សមាជិកាគណបក្សប្រជាជន ងើបឈរឡើង នៅអាមេរិក ដើម្បីប្រឆាំងជំទាស់នឹងការប្រកាសនេះ ហើយទៅសួរសមាជិកសភា ហើយទៅឱ្យដល់កន្លែង វិមានកាពីតូល សួរអាមេរិកមើល នាំគ្នាធ្វើបាតុកម្ម សួរអាមេរិកមើលដកមែនឬអត់»។
ជុំវិញករណីនេះ សម្ដេចក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសាកសួរ ទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តើពិតជាមានការដកសញ្ជាតិពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិកមែនឬអត់ ព្រោះនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ក៏មានខ្មែរសញ្ញាតិអាមេរិក ផងដែរ។
ចំណែកលោក សម រង្ស៊ី ត្រូវបានសម្ដេចតេជោ ចំអកឱ្យថា មិនទាន់បានកាន់អំណាចផង ទៅគំរាមនឹងដកសញ្ជាតិគេ ជំនួសឱ្យរដ្ឋាភិបាលអាមេរិកទៅទៀត។ នាយករដ្ឋមន្រ្តីកម្ពុជា បន្តថា ការប្រកាសដកសញ្ជាតិនេះ ក្រោមលេសហេតុផលថា ចិនជាសត្រូវរបស់អាមេរិក ដូច្នេះបើខ្មែរណាទៅគាំទ្ររដ្ឋាភិបាល ហ៊ុន សែន ក៏ជាសត្រូវរបស់អាមេរិក ដូច្នេះអាមេរិកត្រូវតែដកសញ្ជាតិ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាក់ថា «ប៉ុន្តែអ្នកឯកស្គាល់មេដឹកនាំអាមេរិកនិងចិន តិចពេកហើយ ថ្ងៃមុន ស៊ី ជីនពីង និង ចូ បៃដិន ទើបជួបគ្នារួច គេមានវិធីសាស្រ្តគ្រប់គ្រង ទំនាក់ទំនងរវាង ចិន-អាមេរិក យ៉ាងច្បាស់លាស់ ។បើទោះបីប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ ភាគីទាំងពីរបាន ប្តូរផ្ដាច់គ្នា មិនឱ្យមានការប៉ះទង្គិចគ្នានោះទេ»។ សម្ដេចតេជោ សង្កត់ធ្ងន់ថា «បើអាមេរិកដកសញ្ជាតិ រាប់តាំងពីរឿងប៉ុណ្ណឹង អាមេរិកមិនមែនជា ប្រទេសប្រជាធិបតេយ្យនោះទេ»។
-នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានចេញមកអំពាវនាវឱ្យតុលាការកម្ពុជា ដកដីកាតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ។ ការសម្រេចធ្វើបែបនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជា គឺបន្ទាប់ពីរូបលោកស្វែងយល់ថា ការវិភាគរបស់លោកបណ្ឌិតសេង សារី នាពេលកន្លងមកមិនជាប់ពាក់ព័ន្ធនៅក្នុងការបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ឡើយ។
លោកបណ្ឌិត សេង សារី បានអះអាងថា ការលើកឡើងនូវបញ្ហា៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស គឺជាការវិភាគបែបសេណារីយ៉ូ។ គឺពាក្យនេះហើយដែលសម្ដេចហ៊ុន សែន បានលើកឡើងថា មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។ សម្ដេចថែមទាំង បានអះអាងថា លោកពិតជាយល់នូវអ្វីដែលហៅថា សេណារីយ៉ូ នេះ ព្រោះរូបលោកក៏តែងតែវិភាគដែលដាក់ចេញនូវសេណារីយ៉ូដែរ។
មិនតែប៉ុណ្ណោះ សម្ដេចថែមទាំងលើកទឹកចិត្តឱ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ជាមួយគ្នានេះ សម្ដេច ក៏បានប្រាប់ឱ្យកូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភ។
-នៅក្នុងថ្ងៃតែមួយនោះលោកបណ្ឌិត មាស នី ក៏រងការព្រមានដែរ សម្ដេច ហ៊ុន សែន ក៏បានព្រមានចំៗចំពោះអ្នកអត្ថាធិប្បាយនយោបាយ លោក មាស នី អំពីការថ្លែងរបស់លោកទាក់ទងនឹងប្រទេសចិន។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាអ្វីក៏ដោយឲ្យតែកម្ពុជាធ្វើជាមួយចិន គឺលោក មាស នី ថាខុសទាំងអស់។លោកបញ្ជាក់ថា៖ «អានេះខ្ញុំគ្រាន់តែដាស់តឿនចំពោះអ្នកវិភាគ កុំឲ្យវិភាគជ្រុលហើយ ហើយកុំថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនហ៊ានទៅវាយខ្នោះអស់លោក។ ឲ្យតែហ៊ានចូលទៅក្នុងហ្វេសប៊ុក ហើយមិនបានដកចេញហើយ វានៅហ្នឹងហើយ ចាត់ទុកបទល្មើសជាក់ស្តែង ម៉ោង១២យប់ ក៏ចាប់ដែរ»។
-សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២១ បានចេញមកបញ្ជាក់ថា ការចូលទៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយសមាជិកអតីតគណបក្សសង្គ្រោះជាតិ គឺមិនមែនជាការផ្តល់សញ្ញាសម្រាប់ការចរចាទេ តែចង់បង្ហាញពីមនុស្សរបស់លោក មានគ្រប់កន្លែង។ ប្រតិកម្មដូច្នេះ ធ្វើឡើងក្រោយមានការធ្វើអត្ថាធិប្បាយតបតគ្នារវាងគណនីហ្វេសប៊ុកមួយឈ្មោះ Bunchhay San ទៅក្នុងផេកហ្វេសប៊ុកផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហើយបានស្នើឲ្យមានការផ្សះផ្សាជាតិ។
«សុំកុំយល់ខុសថា ខ្ញុំចូលក្នុងZoom ជាមួយបងប្អូនថ្ងៃមុន ថាជាការផ្តល់សញ្ញាសម្រាប់ការចចារឲ្យសោះតែការចូលទៅនោះ គឺចង់ជូនសារទៅក្រុមឧទ្ទាមឲ្យ ភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែនដែរ សូមប្រុងប្រយ័ត្ន កុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ»។
សូមរំលឹកថា សម្ដេច ហ៊ុន សែន បានចេញមុខនៅក្នុងអង្គប្រជុំតាមZoom របស់មន្ត្រីបក្សប្រឆាំងដ៏គួរឲ្យភ្ញាក់ផ្អើល និងបានជជែកគ្នាយ៉ាងយូរជាមួយនឹងលោក ឡុង រី មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ជាពិសេសផ្តោតទៅលើគុណធម៌របស់អ្នកនយោបាយ បញ្ឈប់វប្បធម៌ជេរបញ្ចោ និងការរំលឹកអនុស្សាវរីយ៍ជាច្រើន ដែលសម្ដេច ហ៊ុន សែន បានធ្វើជាមួយលោក សម រង្ស៊ី ក្នុងន័យប្រាប់ទៅអង្គប្រជុំថាលោក សម រង្ស៊ី មិនគោរពតាមវប្បធម៌សន្ទនា និងគ្មានគុណធម៌ជាដើម។
-សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយខ្នោះអ្នកដែលរិះគន់ថា ការកែរដ្ឋធម្មនុញ្ញពី «២ភាគ៣» ទៅ «៥០+១» ជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយលោកថា ការលើកឡើងបែបនេះជាការប្រមាថស្ថាប័នជាតិ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារក្រសួងរៀបចំដែនដីថ្មី សម្ដេច ថ្លែងថា វាជារឿងគួរឱ្យអស់សំណើចដែលអ្នកអត្ថាធិប្បាយជាច្រើនលើកឡើងថា ការកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ ទៅ ៥០+១ ខុសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយចង់យកកិច្ចព្រមព្រៀងនេះទៅដោះស្រាយបញ្ហានៅភូមា។
សម្ដេចបានរម្លឹកថា នៅពេលនោះ បើរដ្ឋកម្ពុជាមិនព្រមអនុម័តរដ្ឋធម្មនុញ្ញទេ កម្លាំងអ៊ុនតាក់នឹងជាប់គាំងនៅកម្ពុជារហូតដល់បច្ចុប្បន្ន ហើយថា អ្នកដែលចង់សើរើកិច្ចព្រមព្រៀងនេះគឺជាអ្នកចង់ឱ្យបរទេសមកត្រួតត្រាកម្ពុជា ដែលការនេះ លោកថា ជាការប្រឈមនឹងផ្លូវច្បាប់៕
*អំពីលោក កឹម សុខា
-ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧-ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ គឺជាគម្រប់ខួប៤ឆ្នាំដែលលោកកឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាចុះទៅចាប់ខ្លួនទាំងយប់នៅគេហដ្ឋានរបស់លោក។ ៤ឆ្នាំមកនេះ លោកកឹម សុខា នៅក្នុងពន្ធនាគារផង និងនៅក្រៅពន្ធនាគារផង។ កាលពីដើមឆ្នាំ២០២០ សំណុំរឿងរបស់លោកត្រូវបានលើកទៅជំនុំជម្រះ ប៉ុន្តែត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ។
កាលពីយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា កាលពី៤ឆ្នាំមុន លោកកឹម សុខា ប្រធានអតីតបក្សសង្រ្គោះជាតិត្រូវបានកងកម្លាំងនគរបាលរបស់រដ្ឋាភិបាលកម្ពុជាពី១០០ទៅ២០០នាក់ចុះទៅឡោមព័ន្ធផ្ទះរបស់លោកនៅក្នុងខណ្ឌទួលគោក ដើម្បីចាប់ខ្លួនរូបលោក។ លោកកឹម សុខា ត្រូវបានក្រុមប៉ូលីសចាប់វាយខ្នោះ និងនាំទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម។
មូលហេតុនៃការចាប់ខ្លួននាពេលនោះ គឺរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់លោកកឹម សុខា ថាបានសហការជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ឬហៅថា ធ្វើបដិវត្តពណ៌ដោយផ្អែកទៅលើវីដេអូឃ្លីបដែលលោកនិយាយទៅកាន់អ្នកគាំទ្រនៅប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៣។ សម្រាប់រដ្ឋាភិបាលកម្ពុជា បទល្មើសនេះ គឺជាបទល្មើសជាក់ស្តែងដែលតម្រូវឱ្យមានការចាប់ខ្លួនទាំងយប់បែបនេះតែម្តង។
-មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់បណ្តឹងនៅតុលាការរាជធានីភ្នំពេញ ក្នុងសំណុំរឿងក្បត់ជាតិ បានអះអាងជាថ្មីថា លោក«មិនក្បត់ជាតិ» និង មិនក្បត់«ឆន្ទៈរបស់ប្រជាពលរដ្ឋ»នោះទេ ហើយលោកសង្ឃឹមថាយុត្តិធម៌នឹងមានសម្រាប់រូបលោក។
លោកបញ្ជាក់បែបនេះ នៅក្នុងសារមួយលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនាឆ្នាំ២០២១ ដែលជាឱកាសខួបកំណើត៦៩ឆ្នាំរបស់លោក។ នៅក្នុងសារនោះ លោក កឹម សុខា បានបង្ហាញការកោតសរសើរចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋដែលលោកថា«នៅតែផ្តល់នូវជំនឿទុកចិត្ត និងផ្តល់យុត្តិធម៌មកលើរូបខ្ញុំ ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ»។
-លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បានចេញមកទាត់ចោលរាល់ការយកឈ្មោះ និងរូបភាពរបស់លោកទៅភ្ជាប់នឹងសកម្មភាពនយោបាយរបស់បុគ្គល ក្រុម ឬគណបក្សនយោបាយនានា។ នៅក្នុងសំណេរលើបណ្ដាញសង្គមនាថ្ងៃអាទិត្យទី០៥កញ្ញាឆ្នាំ២០២១ លោកកឹម សុខា គូសបញ្ជាក់ថា គឺមានតែក្រុមមេធាវីរបស់លោកប៉ុណ្ណោះ ដែលមានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសតំណាងឱ្យរូបលោកបាន។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះ នៅតែយកឈ្មោះ និង រូបភាពរបស់លោកទៅភ្ជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ និង មហិច្ឆិតារបស់ពួកគេ។ ដូច្នេះហើយ លោកកឹម សុខា បានគូសបញ្ជាក់ជាថ្មីថា គឺទាល់តែសេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវីដែលជាតំណាងស្របច្បាប់របស់លោក ទើបធ្វើក្នុងនាមរូបលោក និងជាឆន្ទៈរបស់លោក។
សាររបស់លោកកឹម សុខា លើកនេះ ក៏មិនខុសគ្នានឹងរាល់ដងដែរ គឺលោកមិនបានចុចឱ្យចំឈ្មោះទៅលើបុគ្គល ក្រុម ឬគណបក្សនយោបាយណាមួយឡើយ។ ប៉ុន្តែកន្លងមក គេសង្កេតឃើញមានក្រុម និងគណបក្សនយោបាយដែលទើបបង្កើតថ្មីមួយចំនួន តែងតែលើកឡើងពីសារនយោបាយរបស់ពួកគេ ដោយភ្ជាប់ទៅនឹងលោកកឹម សុខា និងឆន្ទៈនយោបាយរបស់លោក ខណៈរូបលោកកំពុងជាប់រឿងក្តីក្តាំនៅតុលាការ និងកំពុងត្រូវបានតុលាការហាមមិនឱ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ។
*អំពីលោក សម រង្ស៊ី ៖
ការសាចទឹកដាក់គ្នារវាងលោក សម រង្ស៊ី និង សម្ដេច ហ៊ុន សែន នៅតែកើតមានក្នុងឆ្នាំ២០២១។ អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានចោទប្រកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បន្តធ្វើឲ្យបរិយាកាសនយោបាយកាន់តែតានតឹង ដើម្បីអាចបន្តកាន់អំណាច។ ប៉ុន្តែសារចោទប្រកាន់របស់មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាច្រានចោល។ លោក សម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងកំពុងប្រឈមនឹងការចោទប្រកាន់មួយចំនួនទៀតបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែកញ្ញា ដោយនិយាយពីបរិយាកាសនយោបាយតានតឹងក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការដែលលោកមិនអាចផ្ទេរតំណែងទៅកូនប្រុសរបស់លោកបាននៅពេលនេះ។ បន្ថែមពីនេះលោក សម រង្ស៊ីបានចោទប្រកាន់សម្ដេច ហ៊ុន សែន ថា ធ្វើឲ្យបរិយាកាសនយោបាយតានតឹង ដើម្បីលោកអាចនៅបន្តអំណាចរបស់លោកទៀត ដែលពេលនេះមានរយៈពេល៣៦ឆ្នាំមកហើយ ដែលលោកដឹកនាំប្រទេសកម្ពុជា។
–លោកសម រង្ស៊ី អតីតប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃចន្ទទី២០កញ្ញាឆ្នាំ២០២១ បានចេញមុខមកបរិហារទៅលើក្រុមមន្ត្រីនៃអតីតគណបក្សរបស់ខ្លួន ដែលបានបែកខ្លួនទៅបង្កើតគណបក្សនយោបាយរៀងៗខ្លួន ដើម្បីចូលរួមការបោះឆ្នោតនៅកម្ពុជា។ លោកសម រង្ស៊ី បានចាត់ទុកថារាល់គណបក្សដែលបែកចេញពីអតីតគណបក្សសង្រ្គោះជាតិ សុទ្ធសឹងតែជាគណបក្សគ្មានឆន្ទៈស្នេហាជាតិ និងគ្រាន់តែជាបន្លាយួន។ ជាការឆ្លើយតបពីក្រុមមន្ត្រីដែលបានបង្កើតគណបក្សថ្មី ពួកគេសម្តែងការសោកស្តាយ និងស្នើឲ្យអ្នកនយោបាយជើងចាស់គួរប្រកាន់ជំហរនយោបាយចាស់ទុំ។
យ៉ាងហោចណាស់មានគណបក្សចំនួន៦ត្រូវបានបង្កើតឡើងដែលបក្សទាំងនោះសុទ្ធសឹងជាមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិចេញមកបង្កើតដោយរួមមាន «គណបក្សឆន្ទៈខ្មែរ»របស់ក្រុមលោក គង់ គាំ «គណបក្សខ្មែរស្រឡាញ់ជាតិ»របស់ក្រុមលោក ជីវ កត្តា «គណបក្សខ្មែរអភិរក្សនិយម»របស់ក្រុមលោក រៀល ខេមរិន្ទ្រ «គណបក្សកែទម្រង់កម្ពុជា» របស់ក្រុមលោក ប៉ុល ហំ និងលោក អ៊ូ ច័ន្ទរ័ត្ន «គណបក្សបេះដូងជាតិ»របស់ក្រុមលោក សៀម ភ្លុក និងចុងក្រោយគឺ«គណបក្សកម្ពុជានិយម» របស់ក្រុមលោក យ៉ែម បុញ្ញឫទ្ធិ។ គណបក្សទាំង ៦នេះ មានខ្លះបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅក្រសួងមហាផ្ទៃរួចហើយ និងខ្លះទៀតកំពុងដំណើរការនីតិវិធីដើម្បីក្លាយជាបក្សនយោបាយពេញលេញ។
គណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ គណបក្សកែទម្រង់កម្ពុជានេះក៏បានសម្រេចតែងតាំងលោកប៉ុល ហំម ជាប្រធាន។ បើតាមលោកអ៊ូ ច័ន្ទរ័ត្ន ការសម្រេចជ្រើសរើសលោកប៉ុល ហំមនេះ គឺដោយសារតែលោកជាឥស្សរជននយោបាយលេចធ្លោរជាងគេ និងជាអ្នកនយោបាយស្អាតស្អំថែមទៀត។ ជាមួយគ្នានេះ លោកប៉ុល ហំម ក៏មានប្រវត្តិជាអ្នកតស៊ូក្នុងការបណ្តេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា និងបានចូលរួមជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។
សូមជម្រាបជូនថា គណបក្សកែទម្រង់កម្ពុជានេះ មិនមែនជាគណបក្សនយោបាយបង្កើតថ្មីចុងក្រោយនៅកម្ពុជានោះទេ ពោលគឺនៅក្រោយវត្តមានគណបក្សនេះបន្តិច ក៏មានការបង្កើតនូវគណបក្សថ្មីបេះដូងជាតិ ដែលតំណាងដោយលោកសៀម ភ្លុក ផងដែរ។ គណបក្សបេះដូងជាតិបានដាក់ឯកសារពាក់ព័ន្ធទៅក្រសួងមហាផ្ទៃរួចហើយ ប៉ុន្តែក្រសួងមហាផ្ទៃបានប្រាប់ឱ្យគណបក្សនេះ កែសម្រួលលើឯកសារមួយចំនួន ហើយដាក់ត្រឡប់មកក្រសួងវិញ។ ក្រសួងមហាផ្ទៃកម្ពុជាបានសម្រេចមិនចុះបញ្ជីជាគណបក្សនយោបាយផ្លូវការដល់គណបក្សបេះដូងជាតិឡើយ។ នេះបើតាមរបាយការណ៍របស់លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជម្រាបជូនសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ជាមួយនឹងការមិនចុះបញ្ជីឱ្យ ក្រសួងមហាផ្ទៃក៏គ្រោងនឹងប្តឹងតំណាងស្ថាបនិកគណបក្សនេះទៅកាន់តុលាការថែមទៀត ដោយសារតែបានក្លែងបន្លំស្នាមមេដៃ។ ប៉ុន្តែ ស្ថាបនិកបក្សនេះថា របាយការណ៍នេះមិនសមទំនងទាល់តែសោះ។
បន្ថែមពីលើគណបក្សបេះដូងជាតិ ក្រុមយុវជនអតីតគណបក្សសង្រ្គោះជាតិមួយចំនួនក៏បានរួមគ្នាបង្កើតនូវគណបក្សនយោបាយថ្មីមួយទៀត គឺគណបក្សកម្ពុជានិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ គណបក្សកម្ពុជានិយមត្រូវបានក្រសួងមហាផ្ទៃកម្ពុជា បើកភ្លើងខៀវឱ្យបង្កើតហើយ កាលពីថ្ងៃទី២៣ ខែកក្កដា ហើយលោក យ៉ែម ប៉ុញ្ញឫទ្ធិ ដែលជាមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្សស្និទ្ធនឹងលោកកឹម សុខាផង បានប្រកាសមកដឹកនាំគណបក្សថ្មីមួយនេះ។ គណបក្សនេះត្រូវបានក្រសួងមហាផ្ទៃទទួលចុះបញ្ជីជាផ្លូវការហើយនៅថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២១។
ចំណែកមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិពីររូបដែលសម្ដេចហ៊ុន សែន មិនយល់ព្រមផ្តល់សិទ្ធិនយោបាយតាមការស្នើសុំនោះ គឺលោកមេធាវី ជូង ជូងី និងលោក ញឹម គឹមញ៉ុល។ លោកទាំងពីរជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ កូតាខាងលោក សម រង្ស៊ី។
-លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគនយោបាយក្នុងស្រុកនិងក្រៅស្រុក រិះគន់ពីការអនុវត្តមិនបានក្នុងការយកថវិកាទិញស្បៀងជូនពលរដ្ឋក្រីក្រ ដែលកំពុងរងគ្រោះដោយជំងឺកូវីដ១៩ ក្រោយរៀបចំយុទ្ធនាការជាវនាឡិកាផ្ទាល់ខ្លួនរបស់លោកម៉ាកកាស្យូ (Casio) តម្លៃ ៥ដុល្លារ ។ កម្មវិធីរកប្រាក់ជួយពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ នេះ តម្រូវឱ្យអ្នកចាប់អារម្មណ៍ជាវប័ណ្ណ ដែលមានតម្លៃ ៥ដុល្លារក្នុងមួយសន្លឹក ហើយមនុស្សម្នាក់អាចទិញប័ណ្ណនេះបានច្រើនសន្លឹក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក គឹម សុខ ដែលជាអ្នកវិភាគស្ថានការណ៍ នយោបាយកម្ពុជាបានលើកឡើងស្រដៀងគ្នាថា យុទ្ធនាការនេះគឺល្អសម្រាប់តែលោក សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋទេ ។ លោក សុខ ឥសាន បានលើកឡើងតាមរយៈ បណ្តាញតេឡេក្រាមនាថ្ងៃ១៨ ឧសភាថា “ការទិញប័ណ្ណនាឡិកាទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ល្អសម្រាប់ទណ្ឌិតមេបោក តែអាក្រក់សម្រាប់អ្នកចាញ់បោក”។
ចំណែក លោក គឹម សុខ ពីក្រៅប្រទេសមកវិញបានថ្លែងដែរថា លោក សម រង្ស៊ី បើចង់លេងតទល់នឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាគួរលេងឲ្យធំ និងដោយពលីកម្មខ្ពស់ ទើបអាចរកប្រយោជន៍ជូនពលរដ្ឋ កុំលេងតូចតាចសកញ៉ក ។ លោកថា បើផ្សាយចោលឲ្យតែឮៗ គឺគ្មានប្រយោជន៍។ លោកសង្កត់ធ្ងន់ថា “ខ្ញុំគិតថា លោក សម រង្ស៊ី គួរបង្ហាញសមានចិត្តឲ្យទូលំទូលាយជាងនេះ លើសពីនិមិត្តរូបគំរូវិភាគទាន លក់នាឡិកាតម្លៃ៥ដុល្លារ ទើបវាទៅជាឥរិយាបថ ហួសពីការលេងសើចពេក ក្នុងនាមជាមេដឹកនាំនយោបាយកំពូលម្នាក់” ។
សូមបញ្ជាក់ថា លោក សម រង្ស៊ីបានប្រកាសបើកលក់ប័ណ្ណនាឡិកាក្នុងតម្លៃ ៥ ដុល្លារ១សន្លឹក ដើម្បីរួមចំណែកប្រមូលថវិកា ពីការលក់ប័ណ្ណនេះជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការលំបាកក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។
*ដោះលែងលោក រ៉ុង ឈុន លោក សួង សុភ័ណ្ឌ និងសកម្មជនបរិស្ថាននិងយោបាយ
តុលាការក្រុងភ្នំពេញបានដោះលែងលោក រ៉ុង ឈុន និងសកម្មជនសង្គម សកម្មជននយោបាយមួយចំនួនពីពន្ធនាគារនៅថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់ពីពួកគាត់ជាប់ពន្ធនាគារចន្លោះពីជាង១០ខែទៅជាង១៥ខែនៅក្នុងសំណុំរឿងព្រំដែន។
នៅក្នុងសំណុំរឿងជាមួយគ្នានេះដែរ កញ្ញា សរ កណិការ ដែលត្រូវបានចាប់ខ្លួនដោយសារតែការតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន ក៏ត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹមទោសមកនៅតែ១ឆ្នាំ៣ និង៥ថ្ងៃ ខណៈលោក តុន និមល ត្រូវកាត់ទោសមកនៅត្រឹមតែ១ឆ្នាំ២ខែនិង២៤ថ្ងៃ។ អ្នកទាំងពីរ ត្រូវបានសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន មេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំហើយបានជួបប្រជាពលរដ្ឋនៅទីនោះដែលអះអាងថាដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជា។
ការចាប់ខ្លួនលោក រ៉ុង ឈុន នាំឲ្យមានការតវ៉ាពីសកម្មជនមួយចំនួន ហើយក៏មានមនុស្សជាង១០នាក់ទៀត ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ផងដែរ។
នៅក្នុងថ្ងៃជាមួយគ្នា លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក៏ត្រូវបានដោះលែងដែរ នៅក្នុងសំណុំរឿងព្រំដែន។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ពាក់ព័ន្ធការញុះញង់នឹងបទល្មើសជាក់ស្តែងបំភ្លៃការពិតទាក់ទងបញ្ហាព្រំដែន។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះបានដឹកនាំសមាជិក របស់ខ្លួន ចុះទៅទីតាំងបង្គោលព្រំដែននៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ និងនិយាយញុះញង់បំភ្លៃការពិតទាក់ទងបញ្ហាព្រំដែនកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២០។
ដំណាលគ្នានេះ រាប់ចាប់តាំងពីចុងខែតុលារហូតមកមានសកម្មជនបរិស្ថាននិងយោបាយជាច្រើននាក់ត្រូវបានដោះលែង ត្រូវបានដោះលែងចេញពីពន្ធនាគារនៅក្នុងសំណុំរឿងញុះញង់។ ពួកគេទាំងនោះរួមមាន៖ កុមារា កាក់ សុវណ្ណច្ឆ័យ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវរស្មី ក្រុមយុវជនៃចលនាមាតាធម្មជាតិ ។ អតីតព្រះសង្ឃ កើត សារ៉ាយ, លោក ថា ឡាវី ដែលជាសមាជិករបស់ក្រុមខ្មែរថាវរៈ និង លោក មាន ព្រហ្មមុនី ជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមនឹងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ២នាក់ទៀត គឺលោក ជុំ ពុទ្ធី និងលោក ឈួរ ផេង។
អំពីសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នៅតែបន្តរកការវាយប្រហារពីវិបត្តិកូវីដ១៩!
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាខាតបង់ថវិកាស្មើនឹងការសាងសង់ស្ពានចំនួន២០ ដែលវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២ ៣០០ លានដុល្លារ។
រដ្ឋាភិបាលកម្ពុជាបានព្យាករពីចរន្តសេដ្ឋកិច្ចអាចនឹងមានកំណើនមកវិញត្រឹម៤.២%ប៉ុណ្ណោះនៅឆ្នាំ២០២២ ខណៈដែលស្ថាប័នសេដ្ឋកិច្ចអន្តរជាតិរំពឹងថា កម្ពុជានឹងមានកំណើនប្រមាណដល់៦.៨%។ ក៏ប៉ុន្តែនៅថ្ងៃអង្គារនេះ ប្រមុខរដ្ឋាភិបាល បានចេញមកដាក់ក្តីរំពឹងថ្មីថា កម្ពុជានឹងអាចមានកំណើនសេដ្ឋកិច្ចលើស៥%នៅឆ្នាំ២០២២ ដោយសារការនាំចេញផលិតផលកសិកម្ម។
មូលហេតុចម្បងដែល នាយករដ្ឋមន្ត្រីរំពឹងដូច្នេះ គឺដោយផ្អែកសំខាន់ទៅលើវិស័យកសិកម្ម ដែលលោកអះអាងថាការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតែបន្តប្រព្រឹត្តិទៅជាប្រក្រតី ដោយមិនមានភាពរាំងស្ទះ។ លើសពីនេះលោកនាយករដ្ឋមន្ត្រីបានអះអាងទៀតថា ការនាំចេញទំនិញកសិកម្មនៅឆ្នាំនេះ សម្រេចបានលើសពីផែនការដែលរដ្ឋាភិបាលបានដាក់ចេញ។
បើតាមសម្ដេចហ៊ុន សែន កម្ពុជា-ចិន បាននិងកំពុងសិក្សាពីលទ្ធភាពក្នុងការនាំចេញទំនិញកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនដោយផ្ទាល់ ដោយមិនចាំបាច់ត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបីទៀតឡើយ។ តាមលោកហ៊ុន សែន នៅក្នុងជំនួបជាមួយភាគីចិន កាលពីថ្ងៃ១៥វិច្ឆិកា លោកលី ខៃឈាង ដែលជានាយករដ្ឋមន្ត្រីចិន បានលើកឡើងពីការខិតខំធ្វើយ៉ាងណាទិញយកទំនិញកសិកម្មកម្ពុជាដោយផ្ទាល់តែម្តង។ ឯដោយឡែកសម្រាប់បញ្ហាស្តង់ដារ និងភូតគាមអនាម័យ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ភាគីចិននឹងត្រួតពិនិត្យទំនិញកសិកម្មកម្ពុជា តាមប្រព័ន្ធអនឡាញ។
ក្រៅតែពីការពឹងផ្អែកលើទំនិញកសិកម្ម ប្រមុខរដ្ឋាភិបាលបានថ្លែងបន្ថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន រួមនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលនឹងចូលជាធរមាននៅថ្ងៃទី០១មករាឆ្នាំ២០២២ខាងមុខនេះ។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងទាំងពីរនេះ នឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើន ក្នុងការពង្រឹងវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។
-នៅក្នុងសមាជលើកទី២៣របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ានតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥វិច្ឆិកា លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរំពឹងថាការវិនិយោគលើវិស័យអចលនវត្ថុកម្ពុជា នឹងមានកំណើនឡើងវិញក្នុងអត្រា ៤.៨%នៅឆ្នាំ២០២២ខាងមុខ។ ការរំពឹងនេះធ្វើឡើង ដោយផ្អែកលើកត្តាសំខាន់ជាងគេគឺ កម្ពុជាបានស្រោចវ៉ាក់សាំងកូវីដ-១៩ រហូតដល់៨៨% រួមនឹងការចាប់ផ្តើមបើកដំណើរការបើកប្រទេសឡើងវិញជាបណ្តើរៗ។
ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» លោកអូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជារំពឹងបានកំណើនលើវិស័យអចលនវត្ថុក្នុងអត្រា៤.៨% បើទោះបីអ្នកវិនិយោគបរទេសនៅមានអត្រាទាបនៅឡើយ។
បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ អត្រាកើនឡើង៤.៨%នេះ ដោយសម្អាងលើការវិនិយោគក្នុងស្រុក និងតម្រូវការលំនៅដ្ឋាននៅតែបន្តមានសន្ទុះ។ ហើយបើនិយាយបរិបទតំបន់ វិស័យអចលនវត្ថុកម្ពុជានៅតែមានសក្តានុពលខ្ពស់ និងតម្លៃសមរម្យ ក្នុងការវិនិយោគ។
នៅក្នុងរបត់នៃការរាលដាលជំងឺកូវីដ១៩ជាសកល ការទិញលក់អចលនវត្ថុមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ សម្រាប់កម្ពុជា បើតាមលោកសន សៀប អនុប្រធានសមាគមអ្នកវាយតម្លៃនិងទីភ្នាក់ងារអចលនវត្ថុកម្ពុជា ការផ្គត់ផ្គង់អចលនវត្ថុនៅកម្ពុជានៅតែបន្តមាន ក៏ប៉ុន្តែតម្រូវការមានការធ្លាក់ចុះ។
និយាយដោយឡែកនៅទីក្រុងភ្នំពេញ សម្រាប់ការិយាល័យធ្វើការ កាលពីឆ្នាំ២០២០កន្លងទៅ ការផ្គត់ផ្គង់មានរហូតដល់ ៦០០,០០០ម៉ែត្រការ៉េ ខណៈដែលតម្រូវការជួលបានធ្លាក់ចុះដោយសារការរាលដាលជំងឺកូវីដ-១៩ និងការចាប់ផ្តើមធ្វើការពីផ្ទះ។ រីឯតម្រូវការខុនដូសម្រាប់ជួលវិញ មានសញ្ញាណអវិជ្ជមានខ្លាំង ដោយការផ្គត់ផ្គង់មានរហូតដល់២០,០០០ម៉ែត្រការ៉េ ខណៈដែលតម្រូវការមានការថមថយ ដោយសារការធ្លាក់ចុះនៃភ្ញៀវបរទេសចូលមកកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកសន សៀប។
ទោះជាយ៉ាងណាសម្រាប់លោកអូន ព័ន្ធមុនីរ័ត្ន នៅតែមានភាពវិជ្ជមានទៅលើកំណើននៃវិស័យអចលនវត្ថុនៅឆ្នាំ២០២២ខាងមុខ។ ក៏ប៉ុន្តែដើម្បីឲ្យកំណើននៃវិស័យអចលនវត្ថុអាចសម្រេចបាន លោកស្នើឲ្យបណ្តាប្រទេសជាដៃគូក្នុងតំបន់ធ្វើយ៉ាងណាបង្កើតភាពជាស្តង់ដាររួមមួយសម្រាប់អ្នកវាយតម្លៃអចលនវត្ថុ ហើយសម្រាប់កម្ពុជាដែលមិនទាន់មាននោះ ត្រូវធ្វើយ៉ាងសម្រេចឲ្យបានឆាប់រហ័ស។
លើសពីនេះ លោកស្នើឲ្យអ្នកវាយតម្លៃអចលនវត្ថុទាំងអស់ ត្រូវខិតខំបង្កើនវិជ្ជាជីវៈ រួមនឹងពង្រឹងការសហការរវាងវិស័យឯកជននិងឯកជន វិស័យឯកជននិងនិយតករ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងទាក់ទាញការវិនិយោគបន្ថែមទៀត។
-ដោយឡែកប្រមាណ៦០ថ្ងៃ នៃថ្ងៃធ្វើការ អគ្គនាយកដ្ឋានគយ និងរដ្ឋករ បានទទួលម្ចាស់រថយន្តអត់ពន្ធ ទាំងចង្កូតស្តាំ និងចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗចំនួន ១ ៦៤០គ្រឿង ចូលទៅបង់ពន្ធ និងប្រកាសបង់ពន្ធអាករ។ ការនាំយករថយន្តគ្មានពន្ធ ទៅបង់ពន្ធពេលនេះ ធ្វើឡើងក្រោយពីគយ និងរដ្ឋករ បានផ្តល់ការអនុគ្រោះពន្ធចំនួន១០% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ និងនៅសល់ពេលប្រមាណជា៧ខែទៀតប៉ុណ្ណោះ ដែលអង្គភាពគយ និងរដ្ឋករ នឹងចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ទៅលើរថយន្តដែលគ្មានពន្ធ។
គិតចាប់តាំពីរដ្ឋាភិបាលបើកភ្លើងខៀវកាលពីខែកញ្ញា ឲ្យអង្គភាពគយ និងរដ្ឋករចាត់វិធានការប្រមូលរថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខកងទ័ព(ខម) ផ្លាកលេខនគរបាល(នប) ឬផ្លាកលេខស្ថាប័ន្ធរដ្ឋផ្សេងៗទៀត ឲ្យមកបង់ពន្ធ រហូតមកទល់ថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញនេះ មានរថយន្តចំនួន១ ៦៤០គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រកាសបង់ពន្ធអាករ។
ក្នុងចំណោមរថយន្តដែលម្ចាស់នាំយកមកបង់ពន្ធ និងប្រកាសតំកល់ប្រាក់ពន្ធទាំង១ ៦៤០គ្រឿងនេះ មានរថយន្តចង្កូតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កូតស្តាំចំនួន៨៣២គ្រឿង ក្នុងនោះ៨៥គ្រឿងបានកែចង្កូតពីស្តាំមកឆ្វេងរួចហើយ។ ដោយឡែក ប្រាក់ពន្ធ និងអាករ ដែលប្រមូលបានពីការបង់ពន្ធនៃរថយន្តទាំងចង្កូតឆ្វេង និងចង្កូតស្តាំនេះ មានចំនួនសរុប ១៧,៣លានដុល្លារ។
កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២និងកិច្ចប្រជុំអាស៊ីអឺរ៉ុបឆ្នាំ២០២១
នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២១ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ បានបញ្ចប់ជាស្ថាពរ ខណៈប្រទេសប្រុយណេ គឺជាប្រធាននៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ នេះ បានប្រារព្ធធ្វើឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ២០២១។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៣៨ និងលើកទី៣៩ នៅឆ្នាំបន្ទាប់ប្រទេសកម្ពុជា នឹងក្លាយជាអ្នកបន្តវេន ពីប្រទេសប្រុយណេ ដែលត្រូវធ្វើជាប្រធាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០នៅឆ្នាំ២០២២ ខាងមុខ។ ក្នុងនាមជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តមួយចំនួនផងដែររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយនេះ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំក្រោយ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀតផង។ សម្តេច តេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រុយណេត្រូវបានបញ្ចប់ថា ការប្រជុំលើកទី៣៨និងលើកទី៣៩ត្រូវបានបិទបញ្ចប់ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាមួយរូប សម្តេចបានកាន់ញញួរប្រធានអាស៊ានរហូត៣ដងហើយ។
*អំពីមរណភាពរបស់មន្ត្រីជាន់ខ្ពស់នៅកម្ពុជា
-រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ជាអនុប្រធានទី១នៃរដ្ឋសភាជាផ្លូវការក្នុងសំឡេងឯកច្ឆន្ទ ១០៧លើ១០៧សំឡេង។ យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានសម្រេចបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអនុប្រធានទី១នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលទទួលមរណភាព កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ជាម យៀប បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ ជាតំណាងរាស្ត្រខេត្តព្រៃវែង នៃគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចូលទិវង្គតនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងប្រទេសបារាំង ក្នុងព្រះជន្ម ៧៧ ព្រះវស្សា។ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិបានដឹកនាំគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចតាំងពីឆ្នាំ១៩៩២មកនិងបានឆ្លងកាត់ទំនាស់ផ្ទៃក្នុងបក្សជាច្រើនសារដោយមានការទម្លាក់ពីបក្សនិងរស់នៅនិរទេសព្រះកាយក្រៅប្រទេសចំនួនពីរដងមុនពេលដែលព្រះអង្គត្រូវបានថ្វាយតួនាទីជាប្រធានគណបក្សវិញនៅឆ្នាំ២០១៥។
កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ ព្រះអង្គបានរងរបួសធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តព្រះសីហនុ។ បន្ទាប់មក ព្រះអង្គបានយាងទៅព្យាបាលព្រះរោគនៅប្រទេសបារាំង រហូតដល់ពេលដែលព្រះអង្គចូលទិវង្គតនេះ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីទីមួយពីឆ្នាំ ១៩៩៣ រហូតដល់ពេលដែលព្រះអង្គត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារនៅឆ្នាំ ១៩៩៧។ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានថ្លែងនៅក្នុងសារថា លោកមានក្តីក្តុកក្តួលដែលបានទទួលដំណឹងពីការសោយទិវង្គតនេះ។
*យើងបញ្ចប់ការសរុបព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំជាមួយនឹងស្ថានការណ៍នយោបាយ វិវត្តន៍ចុងក្រោយ៖
ទីបំផុតសម្ព័ន្ធមេត្រីភាពរវាងលោក កឹម សុខា និង លោក សម រង្ស៊ី ដើរមកផ្លូវបំបែកត្រឹមការប្រកាសរបស់លោក កឹម សុខា នៅថ្ងៃទី២៨វិច្ឆកាថា រូបលោក និង សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតឡើយហើយ ព្រមទាំងព្រមាន លោក សម រង្ស៊ី និង បក្ខពួកឱ្យឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតលោក ទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។
លោក កឹម សុខា បានលើកឡើងក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងដូច្នេះថា ” ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយ នឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ”។
លោកលើកឡើងទៀតថា “លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ីនិងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយយទៅបង្កើតចលនា នយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯងជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ”។
លោកបានបញ្ជាក់ថា “អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះនិងរូបថតខ្ញុំទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ”៕
ចំណែកកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា បានចេញមុខមកការពារឪពុករបស់ខ្លួនក្រោយលោក សម រង្ស៊ីបានវាយប្រហារថា លោក កឹម សុខា មានអ្នកនៅពីក្រោយឲ្យនិយាយថា “កឹម សុខា-សម រង្ស៊ីមិនមែនជាមនុស្សតែមួយ” ។ កញ្ញាថ្លែងថា “ឪពុកខ្ញុំមានសិទ្ធិបញ្ចេញមតិហៅដៃគូបោកប្រាស់ឲ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន”។ នេះជាសាររបស់កញ្ញា កឹម មនោវិទ្យា ដែលបានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីឆ្លើយតបចំពោះលោក សម រង្ស៉ី។
កញ្ញាបញ្ជាក់បន្តថា “ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវឲ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាការពោរពេញដោយបោកប្រាស់»។
ជុំវិញការបែកបាក់គ្នានេះសម្ដេច ហ៊ុន សែន ប្រកាសបដិសេធមិនបាននៅពីក្រោយរឿងនេះឡើយ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អាគេបែកបាក់គ្នានៅឯណាណោះ មកបន្ទោសឯងដែរ ។ វិភាគចុះ វិភាគឡើង អាគេបែកបាក់គ្នា មកបន្ទោស ហ៊ុន សែន មិនយល់រឿងកន្លែងហ្នឹង»។
សម្ដេចតេជោបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលគេបំបែកតាំងពីឆ្នាំ១៩៨០ តែគណបក្សប្រជាជនមិនព្រមបែក គឺមានភាពរឹងមាំបន្ថែមទៀត។ សម្ដេចតេជោ បញ្ជាក់ទៀតថា «ពួកអ្នកឯង វាបែកខ្លួនឯង ហើយម៉េចបន្ទោសគេ។ ឥឡូវយើងនិយាយរឿង ប្ដី-ប្រពន្ធ ទៅចុះ ទោះបីអ្នកណាថាអីក៏ដោយ ម្ដាយក្មេក ឪពុកក្មេក បងថ្លៃ ប្អូនថ្លៃ ធ្វើម៉េចក៏ដោយ បើ ប្ដី-ប្រពន្ធ យើងស្រលាញ់គ្នា យើងនៅតែយកគ្នាបាន។ ម៉េច ចាំបាច់មកបន្ទោសគេ ចឹងពួកហែងខ្សោយណាស់ ធ្វើឲ្យគេបំបែកបាន ចឹង ហ៊ុន សែន ខ្លាំងជាងតោ»។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ នា នៅខេត្តព្រះសីហនុដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោក តាមរយៈការបោះឆ្នោត។
ភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោក តែត្រូវឆ្លងកាត់ការបោះឆ្នោត ស្ថាប័នសាធារណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សកម្មជនដែលស្រលាញ់គណបក្សកាន់អំណាចបានបង្ហោះសារព្រោងព្រាធ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្រការប្រកាសរបស់សម្ដេច ហ៊ុន សែន។ អ្នកវិភាគ និងអង្គការសង្គមស៊ីវិលទទួលស្គាល់ថា វាជារឿងធម្មតា និងជាគោលការណ៍ផ្ទៃក្នុងគណបក្ស ដែលមេដឹកនាំកាន់ ត្រូវតែត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាន់ក្រោយ ខណៈការសម្រេចចុងក្រោយស្ថិតនៅលើការជ្រើសរើសរបស់ប្រជាពលរដ្ឋ។
សារគាំទ្រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានរំលេចនូវខ្លឹមសារដូចៗគ្នាផង និងខ្លឹមសារផ្សេងៗគ្នាផង នៅក្នុងន័យរួមថា ជាការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។
អ្នកគាំទ្របក្សកាន់អំណាចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ដែលទទួលបានការកោតសរសើរ ការគោរព ស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅថ្ងៃទី៦ខែធ្នូនេះក្នុងពិធីសម្ពោធប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យយុវជនគណបក្សប្រជាជនកម្ពុជាឈរឈ្មោះប្រកួតប្រជែងជាបេក្ខភាពនាយករដ្ឋមន្ត្រីដូចលោក ហ៊ុន ម៉ាណែត។ ក្រៅពីលោក ហ៊ុន ម៉ាណែត សម្ដេចប្រកាសត្រៀមយុវជន៤នាក់ផ្សេងទៀតឲ្យឈរឈ្មោះជាបេក្ខភាពជានាយករដ្ឋមន្ត្រីដែរ តែសម្ដេចមិនបានបង្ហើបឡើយថា ពួកគេទាំង៤នាក់នោះជាអ្នកណាទេ។ ប៉ុន្តែសម្ដេចកត់សម្គាល់ក្នុងចិត្តថា ពួកគេទាំងនោះក៏ចេញមកប្រកាសគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែរ។
នៅទីបំផុត អង្គសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១ បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។ក្នុងនោះ ក៏បានតែងតាំង សម្ដេច ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន ស៊ីណូហ្វាម (Sinovam) បាននិងកំពុងធ្វើការសិក្សាជាមួយក្រសួងពាក់ព័ន្ធកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះលោក វ៉ាង វិនធាន បានមានប្រសាសន៍ថា «ចាប់ពីឆ្នាំក្រោយទៅ ប្រជាជនកម្ពុជា នឹងអាចប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន»។
ក្នុងឱកាសនេះ លោក ឯកអគ្គរដ្ឋទូត ក៏បានឱ្យដឹងផងដែរថា ភាគីចិនបានកំពុងធ្វើការសិក្សា ក្នុងការពិនិត្យលទ្ធភាព នាំផ្លែមៀន និងត្រីប្រា ចូលទៅកាន់ប្រទេសចិនផងដែរ។
*អំពីការអភិរក្សធនធានធម្មជាតិ៖
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានឲ្យដឹងថាបើតាមរបាយការណ៍របស់ រាជបណ្ឌិត្យសភាកម្ពុជា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអ្នកពាក់ព័ន្ធ ត្រូវដកហូតដីព្រៃលិចទឹកទាំងនោះ យកមកវិញជាបន្ទាន់។
សម្ដេចតេជោ បានថ្លែងថា «ខ្ញុំចេញបញ្ជាឲ្យដកត្រឡប់យកមកវិញទាំងអស់ នូវដីទាំងឡាយដែលបានកាប់រួចមកហើយ ដូចជា នៅខេត្តកំពង់ឆ្នាំង ប្រសិនបើរបាយការណ៍នេះខុស (របាយការណ៍របស់លោក សុខ ទូច) ក៏ខ្ញុំសូមអាធ្យាស្រ័យ លឺថា អតីត អភិបាលខេត្តដែលទើបចាកចេញពីដំណែង ក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាង ២ពាន់ហិកតា ឯណោះ ដូច្នេះខ្ញុំមិនគិតថា មិនខ្វល់ថា វាជាដីអតីតអភិបាលខេត្ត ទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវប្រមូលយកដីនេះវិញទាំងអស់ ហើយដីនោះជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ នៅពេលក្រោយ»។
សម្ដេចតេជោ បានបន្ដថា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ត្រូវធ្វើកិច្ចការងារទាំងនេះបន្ទាន់ ដើម្បីបែងចែកភារកិច្ចគ្នា ព្រោះថា ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរ បានបោះព្រំដី ដែលបានកំណត់តំបន់ត្រូវការពារ ដែលគ្មាននរណាមួយប៉ះពាល់បានឡើយ។ សម្ដេចថា ត្រូវដកហូតដីព្រៃខុសច្បាប់ មកវិញទាំងអស់ ទាំងមន្ដ្រី និងប្រជាជន។
សម្ដេចតេជោ ក៏បានបញ្ជាឲ្យ លោក សៅ សុខា ត្រូវដឹកនាំកម្លាំងជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាដីព្រៃលិចទឹក ក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់គ្រប់មធ្យាបាយ៕