ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងរយៈពេល ២ថ្ងៃ ថ្ងៃទី២៥ ទី២៦ នាចុងសប្ដាហ៍នេះ ភ្ញៀវទេសចរផ្ទៃក្នុងជាង ២៥ម៉ឺននាក់ កើនឡើងប្រមាណ ២៤.៧% បានចេញដើរកម្សាន្ដ តាមរមណីដ្ឋាននានា ក្នុងប្រទេសកម្ពុជា ។

តាមរយៈគេរហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ បានទាញយកឱ្យកាស នៃការប្រារព្ធបុណ្យណូអែល ឬគ្រីស្មាក់ ដើម្បី ទាក់ទាញភ្ញៀវទេសចរ តាមរយៈការរៀបចំតុបតែងលំអរ មូលដ្ឋាន អាជីវកម្ម របស់ខ្លួន ក៏ដូចជាបង្កើត កម្មវិធីកម្សាន្ដសប្បាយផ្សេងៗ (Promotion) ។ ដោយឡែក សំរាប់ការប្រារព្ធពិធីឆ្លងឆ្នាំ សាកលចុងសប្ដាហ៍ក្រោយនេះ អត្រារការ កក់បន្ទប់ស្នាក់នៅ មានកម្រិតខ្ពស់ នៅតាមបណ្ដាខេត្ដសំខាន់ៗ ដូចជា កែប កំពត និងមណ្ឌលគីរី ដែលមានបន្ទប់ស្នាក់នៅជាង៨០% ត្រូវបានភ្ញៀវកក់ រួចស្រេច រហូតមកដល់ពេលនេះ ខណៈគោលដៅខេត្ដព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនៈគីរី ក៏មានការកក់បន្ទប់ស្នាក់នៅ មានអត្រាខ្ពស់ផងដែរ ។

លោកបញ្ជាក់ថា បណ្ដារដ្ឋបាលរាជធានី ខេត្ដ បានកំពុងរៀបចំតុបតែង លំអរទីក្រុង និងទីប្រជុំជន ដើម្បីត្រៀមទទួលឆ្នាំថ្មី និងទាក់ទាញភ្ញៀវទេសចរ ព្រមជាមួយការរៀបចំពិធី រាប់ថយក្រោយ នៅតាមទីតាំងសំខាន់ៗមួយចំនួនហើយ ។

ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ បានធ្វើការក្រើនរំលឹកដល់ប្រតិបត្តិករ ទេសចរណ៍ វិស័យឯកជន និងភ្ញៀវទេសចរ សូមចូលរួមអនុវត្ដឱ្យបានម្ម៉ត់ចត់ នួវវិធានការសុវត្ថិភាព ទេសចរណ៍ និង SOP ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាយថាហេតុណាមួយ ពិសេសក្នុង ឱកាសប្រារព្ធពិធីឆ្លងឆ្នាំសកលនេះ ។

គួរបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលបានដើរកម្សាន្ដ ២ថ្ងៃ នាចុងសប្ដាហ៍នេះមានចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៥៨៦នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង ១០ ៦៣៥នាក់៕





