ព័ត៌មានជាតិ

បំពាក់ឧបករណ៍ វាស់ស្ទង់សេវា នៅតាមបុរី ដើម្បីពង្រឹងគុណភាព សេវាទូរសព្ទ និងអ៊ីនធឺណិត ឲ្យល្អប្រសើរ

ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រសួង បំពាក់ឧបករណ៍ វាស់ស្ទង់គុណភាព សេវានៅតាមបុរី ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាព សេវាទូរសព្ទចល័ត ព្រមទាំងសេវាអ៊ីនធឺណិត ឲ្យល្អប្រសើរ ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ ក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅតាមបុរី នាពេលថ្មីៗនេះ លោក ជា វ៉ាន់ដេត បានទទួលស្គាល់ថា ការជួបប្រទះបញ្ហាប្រឈម ទាក់ទងនឹងសេវាទូរសព្ទចល័ត បានឲ្យប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ដូចជា ការសិក្សាក្នុងអំឡុងពេលកូវីដ-១៩ ។ លោកថា បញ្ហាគុណភាពសេវានេះ មានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេល មានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ ។

លោក បញ្ជាក់ថា «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា បង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតឲ្យបានល្អប្រសើរ»។

លោក បន្ថែមថា ក្រុមការងារនឹងសាងសង់បង្គោលអង់តែន បន្ថែមជាច្រើនទៀត ហើយត្រូវមានប្រតិបត្តិករចំនួន ៣ប្រើប្រាស់រួមគ្នាលើបង្គោលមួយ ដែលមានទម្រង់ជាដើមឈើ ប្រកបដោយសោភ័ណភាព ។

នាឱកាសនោះ លោករដ្ឋមន្ដ្រី បានលើកឡើងពី វឌ្ឍនភាពសមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែទូលំទូលាយ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចំណាយពេលវេលា លើកជាសំណួរ ដូចជា ចម្ងល់ផ្សេងៗ ព្រមទាំង សន្យាថា នឹងត្រលប់មកទីតាំងដដែលនេះវិញ ក្នុងរយៈពេល ៣ខែក្រោយ ដើម្បីពិនិត្យមើលគុណភាព សេវាអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ ហើយប្រសិន បើពុំមានការកែលម្អគុណភាព សេវាទាំងអស់នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

To Top