ភ្នំពេញ៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្ដឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ខែមករា-កញ្ញា ឆ្នាំ២០២២ ខាងមុខ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមអធិតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក វង សូត បានឲ្យដឹងថា ការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និងមានតម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលបានផ្តល់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ។
លោក បន្ដថា ព្រមទាំងការផ្តល់នូវជំនួយឧបត្ថម្ភ ជាសាច់ប្រាក់ដល់ស្ត្រីសម្រាលកូន ក៏ដូចជា ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំនៃគ្រួសារក្រីក្រ និងការឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ដែលមកទល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៥២៤ លានដុល្លារអាមេរិក។
លោក បញ្ជាក់ថា «ខ្ញុំសូមជម្រាបជូន សម្ដេចក្រឡាហោម និងអង្គពិធីទាំងមូលថា ចុងក្រោយនេះ រាជរដ្ឋាភិបាល យើងនឹងបន្ដការឧបត្ថម្ភ សាច់ប្រាក់នេះខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២២ បន្ដទៀត»។
សូមរំលឹកថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជាយន្តការមួយដែលរដ្ឋាភិបាល បានដាក់ឲ្យអនុវត្ត កាលពីខែមិថុនាឆ្នាំ២០២០ ក្នុងគោលបំណងផ្គត់ផ្គង់ជីវភាព ពលរដ្ឋក្រីក្រអំឡុងពេលរាលដាលជំងឺកូវីដ-១៩ ដោយពលរដ្ឋអាចទទួលបានប្រាក់ពីចន្លោះ ២៤ ០០០រៀល ទៅ ១២០ ០០០រៀលក្នុងមួយខែ ទៅតាមប្រភេទប័ណ្ណក្រីក្រ ៕