ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ បញ្ចប់ដោយរលូន យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំង គ្មានផ្ទុះជំងឺកូវីដ-១៩ ក្នុងមណ្ឌលប្រឡងឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបូកសរុបដំណើរការ សំណេរការប្រឡងបាក់ឌុប សម័យប្រឡង ២៧-២៨ ធ្នូ ២០២១ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ ចំពោះបេក្ខជនគ្រប់រូប ដែលបានមកចូលរួមប្រឡង និងបានគោរពយ៉ាងខ្ជាប់ខ្ជួន តាមបទប្បញ្ញត្តិជាធរមាន និងថ្លែងអំណរគុណចំពោះ មាតា-បិតា អ្នកអាណាព្យាបាលសិស្ស, វិស័យឯកជននិងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងការអនុគ្រោះ នៅក្នុង ដំណើរការនេះ ។
លោក បញ្ជាក់ថា «យើងឃើញថា ដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានរៀបចំឡើងតាមអនុសាស្ដ្រដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដំណើរការទៅប្រកបដោយជោគជ័យ ក្នុងរយៈពេល២ថ្ងៃនេះ ក្នុងសម័យប្រឡង ២៧ ធ្នូ ឆ្នាំ២០២១»។
លោក បន្ដថា ការប្រឡងនេះ គឺជាវិញ្ញាសាមួយ ក្នុងបោះជំហានមួយថ្មីរបស់កម្ពុជា ឆ្ពោះទៅរក ការគ្រប់គ្រងបានល្អប្រសើ នូវជំងឺកូវីដ-១៩ ឆ្ពោះទៅរកការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ។
លោករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា «ដូច្នេះការព្រួយបារម្ភកន្លងមកនេះដែលយើង ព្រួយបារម្ភដែលខ្លាចថា ការប្រឡងអាចបង្កើតឲ្យមានបញ្ហាផ្សេងៗ ជាពិសេស យើងខ្លាចថា ភាពរអាក់រអួលដោយសារជំងឺកូវីដនេះ គឺមិនមានកើតឡើងទេ ដូច្នេះហើយដោយសារតែការដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដ៏ត្រឹមត្រូវ សម្ដេចតេជោ បានដាក់ចេញ ជាពិសេសផ្ដោចទៅលើការចាក់វ៉ាក់សាំង»។
លើសពីនេះទៀត លោករដ្ឋមន្ដ្រី លើកឡើងថា តាមការគ្រោងទុក លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ចេញផ្សាយថ្ងៃទី២៨ ធ្នូ ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺ នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានមណ្ឌលប្រឡង ចំនួន ២០៤ ចែកចេញជា ៤ ៦១៦ បន្ទប់ និង មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់ ក្នុងនោះបេក្ខជនចំណេះទូទៅ ចំនួន ១០៤ ២៩៨ នាក់ ស្រី ៥៧ ១២៣ នាក់ និងបេក្ខជនបំពេញវិជ្ជានិងស្វៃរិនចំណេះទូទៅចំនួន ៩៨៨៧ នាក់ ស្រី ៣.២៧៤ នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៣៩ ៦១០នាក់ (ស្រី ២៣ ៦៨៣ នាក់) និងថ្នាក់ វិទ្យាសាស្ត្រសង្គមចំនួន ៧៤ ៥៧៥នាក់ (ស្រី ៣៧ ៧១៤នាក់)។
ក្រសួង បន្ដថា ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា ៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ បេក្ខជនមានបញ្ហាសុខភាព ចំនួន ៣៦ នាក់ ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់, បេក្ខជនមានកម្ដៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក ចំនួន ៣នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀត ចំនួន៣១នាក់។ រួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ៕