ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ខែម ភារម្យ ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី ក្រុមមន្រ្តីបច្ចេកទេស នៅទី៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន អនុវត្តគម្រោងទំនប់អូរទេ និងការដ្ឋានស្តារ កែលម្អឡើងវិញ អាងទំនប់លើ និងទំនប់ក្រោម ដើម្បីឆ្លើយតប ទៅនឹងតម្រូវការផ្គត់ផ្គង់ទឹកដ៏ចាំបាច់ និងបន្ទាន់បំផុត សម្រាប់ក្រុងសែន មនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ។

ក្រោមការដឹកនាំប្រកប ដោយកិតិបណ្ឌិតដ៏ខ្ពស់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើយុទ្ធសាស្រ្តចតុកោណជំហានទីបួន ក្រសួងធនធានទឹក និង ឧតុនិយម បានចូលរួមអនុវត្តធ្វើកិច្ចអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពលើវិស័យធនធានទឹក និងឧតុនិយមជាមួយគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេសមានការសហការគាំទ្រ ដ៏ល្អប្រសើររបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺបានធ្វើការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ ជាក់ស្តែងថ្មីៗ នេះ ក្រសួងបានអនុវត្តការងារ សាងសង់ទំនប់ អូរទេ អាងទំនប់លើ និងអាងទំនប់ក្រោម ដោយទទួលថវិកា ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ ហើយមកទល់ពេលនេះ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកទាំងបី ទីតាំងក្នុងខេត្តមណ្ឌលគិរីនេះ សម្រេចបានប្រមាណជា ២០% ដែលនឹងគ្រោងនឹង បញ្ចប់នៅបំណាច់ឆ្នាំ ២០២២ ។

ក្នុងឱកាសចុះត្រួតពិនិត្យ លោករដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារ ដែលសម្រេចបានលឿនរហ័សទាន់ សភាពការណ៍ និងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ ក្រុមការងារបច្ចេកទេស ឲ្យបន្តរសហការបានល្អប្រសើរ ជាមួយអាជ្ញាធរដែនដី គ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណា ឲ្យឆាប់សម្រេចការងារគម្រោងនេះ ប្រកបទៅដោយគុណភាពខ្ពស់ ប្រើប្រាស់ បានយូរអង្វែង និងជាពហុប្រយោជន៍ បម្រើដល់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ ។

ក្រោយការអភិវឌ្ឍន៍ទំនប់អូរទេ និងអាងទំនប់លើនិងអាង ទំនប់ក្រោម នឹងឆ្លើយតបទៅនឹងភាពចាំបាច់ និង បន្ទាន់បំផុត ចំពោះតម្រូវការផ្គត់ផ្គង់ទឹកស្អាត ដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ។ លើសពីនេះទៅទៀត អាងទឹកទាំងបីខាងលើ នឹងដើរតួជាប្រភពទឹកសំខាន់បំផុត សម្រាប់ការស្រោចស្រពដំណាំកសិ-ឧស្សាហកម្មដូចជា ដំណាំម្រេច ធុរេន អាវ៉ូកាដូ ម្នាស់ និងដំណាំរួមផ្សំផ្សេងទៀត លើផ្ទៃដីចំនួន ១៥០០ហិកតា ព្រមទាំងចូលរួមចំណែក ក្នុងអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ពិសេសទេសចរណ៍ ធម្មជាតិ និងអេកូទេសចរណ៍ ដែលមានលក្ខណៈពិសេសដោយឡែក នៅភូមិភាគឥសាននេះ ដោយស្របទៅនឹង “ផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី” ដែលរាជរដ្ឋាភិបាលទើបសម្រេច អនុម័តដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ៕



















