សៀមរាប៖ ស្ត្រីម្នាក់ជាកូនបំណុលក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឲ្យឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយធ្វើអន្តរាគមន៍សម្របសម្រួលក្រៅប្រព័ន្ធតុលាការដើម្បីដោះស្រាយគោលនយោបាយមនុស្សធម៌ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងខណៈពេលដែលនាងនិងក្រុមគ្រួសារប្រឈមនឹងការបណ្តេញចេញពីផ្ទះដែលបានរស់នៅអស់រយះពេលជាង៣៥ឆ្នាំក្នុងគ្រាដែលនាងមិនមានលំនៅដ្ឋានណាផ្សេងពីនេះដើម្បីស្នាក់នៅនោះទេ ។ដូច្នេះតើឲ្យនាងនិងក្រុមគ្រួសារ៤នាក់ទៀតទៅរស់នៅទីណា? ។
ការស្នើសុំជួយធ្វើកិច្ចអន្តរាគមន៍នេះបានកើតឡើង ក្រោយពេលសម្តេចក្រឡាហោមស ខេង បានណែនាំដល់អាជ្ញាធរដែនដីមានអភិបាលរាជធានីខេត្ត ធ្វើការដោះស្រាយវិវាទប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ដែលបញ្ហានេះលោកម៉ៅ ធនិន អតីតអភិបាលខេត្តពោធិសាត់បច្ចុប្បន្នជាអភិបាលខេត្តកំពត បានដោះស្រាយវិវាទប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការទទួលបានជោគជ័យ ជាបន្តបន្ទាប់រួចហើយ។
ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានអះអាងថានាងមិនប្រឆាំងនឹងការសម្រេចរបស់តុលាការទេប៉ុន្តែ ដោយសារនាងរស់នៅលើផ្ទះទំនាស់នេះរយៈពេល៣៥ឆ្នាំ បង្កើតជាគ្រួសារមួយមានសមាជិកចំនួន៥នាក់ ទើបនាងស្នើសុំឱ្យមានការដោះស្រាយគោលនយោបាយ មនុស្សធម៌ស្របតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
ស្ត្រីរូបនេះបានរំលឹកថាដោយយោងតាមលិខិតសុំអន្តរាគមន៍ ស្នើសុំដោះស្រាយតាមគោលនយោបាយ មនុស្សធ៍មនោះឯកឧត្តម អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌បានចេញលិខិតលេខ២០០កយ អកអ១៧ ចុះថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅដោយជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាបពិនិត្យដោះស្រាយជាសមត្ថកិច្ច។ ដោយគ្មានដំណោះស្រាយទើបនៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៩ឯកឧត្តម អង្គ វង្សវឌ្ឍនា បានចារលើលិខិតរដ្ឋបាលលេខ២៦១ ដោយចាត់ឲ្យលោកប្រាក់ សាវុធ ទីប្រឹក្សាក្រសួងយុត្តិធ៍មទទួលបន្ទុកអាជ្ញាសាលាពិនិត្ យនិងចាត់ចែងលើការស្នើសុំដោះស្រាយតាមគោលនយោបាយ មនុស្សធ៍មរបស់ស្ត្រីឈ្មោះ សាម ចាន់នេះបន្តទៀតតែមិនមានដំណោះស្រាយ ដដែលបែរជាលេចចេញនូវការកំណត់ឲ្យរុះរើផ្ទះចេញទៅវិញធ្វើឲ្យនាង តក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង។
ក្នុងលិខិតចុះថ្ងៃទី៣ខែមករាឆ្នាំ២០២២ ឈ្មោះសាម ចាន់ បានជំរាបជូនឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជ្រាបថា កាលពីអាយុ៦ឆ្នាំនាងត្រូវបានលោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹមនិងរស់នៅជាមួយ ក្នុងនាមជាកូនចៅលើផ្ទះទំនាស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេលដែលទាហានខ្មែរក្រហម ឧស្សាហ៍ចេញចូលអុកឡុកក្នុងភូមិមកម៉្លេះ ដោយមានចាស់ទុំនិងអាជ្ញាធរមូលដ្ឋាន ធ្វើជាសាក្សី។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង បានរៀបការនាងជាមួយនឹងប្តីឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃ ដោយបានចុះស្ថិតិក្នុងសៀវភៅស្នាក់នៅត្រឹមត្រូវ ពិសេសយាយតាពុំទាន់បានចែកទ្រព្យសម្បត្តិឬដីធ្លីផ្ទះសំបែងឱ្យនោះទេ។ ចំណែកលោកយិត ខាវ ជាម្ចាស់បំណុលនិងកូនៗរបស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់នៅលើដីនិងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តងម្កាលពេលបុណ្យទានប៉ុណ្ណោះ ។ ដោយឡែកពួកគេទាំងអស់នេះសុទ្ឋសឹងមានផ្ទះសំបែងរស់នៅរៀងៗខ្លួនគឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិក។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់នៅសហរដ្ឋអាម៉េរិក ។
លិខិតដដែលបានអះអាងប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី បានដាក់ពាក្យ បណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ប្តឹងសុំកាន់កាប់និងគ្រប់គ្រងលើដីនិងផ្ទះទំនាស់នេះដោយយោងលើលិខិតគ្រប់គ្រងដីនិងផ្ទះ ដែលចុះហត្ថលេខាដោយលោកមេឃុំសំរោង តាំងពីសាលាដំបូងរហូតដល់តុលាការកំពូល។ ចុងក្រោយតុលាការកំពូលបានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រងតាមអំណាចសាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។ ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំរស់នៅលើដីនិងផ្ទះទំនាស់នេះ និងបានបម្រើលោកតាចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬផ្ទះសម្រាប់រស់នៅក្រៅ ពីដីនិងផ្ទះទំនាស់ខាងលើនេះទេ ទើបនាងខ្ញុំបានស្នើសុំការដោះស្រាយតាមគោលការណ៍មនុស្សធម៌ជាច្រើនលើកច្រើនសារតាមរយៈឯកឧត្តម អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំឲ្យឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយធ្វើអន្តរាគមន៍សម្របសម្រួល ក្រៅប្រព័ន្ធតុលាការដើម្បីដោះស្រាយគោលនយោបាយមនុស្សធម៌ស្របតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដោយក្តីអនុគ្រោះ៕