ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងធ្វើជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថាអាយឆា សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៤ ខណៈឆ្នាំ២០២២ កម្ពុជានឹងធ្វើជាប្រធានអាយឆាផងដែរ។
យោងតាមសេចក្តីសម្រេច របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights-AICHR) គឺជាយន្តការថ្នាក់តំបន់អាស៊ាន សំដៅលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដើម្បីឲ្យប្រជាជនគ្រប់រូបនៃ ប្រជាជាតិអាស៊ាន រស់នៅក្នុងសន្តិភាព កិត្យានុភាព និងភាពសុខដុម។
ក្នុងសេចក្តីសម្រេចនោះ ក្រៅពីរាជរដ្ឋាភិបាលយល់ ព្រម តែងតាំងលោក កែវ រ៉េមី ជាតំណាងកម្ពុជាប្រចាំអាយឆា ដោយហេតុថា នៅឆ្នាំ២០២២ខាងមុខ សម្រាប់កម្ពុជាធ្វើជាប្រធានអាយឆា ដែលអាចមានបញ្ហារស៊ើប ខាងនយោបាយជាច្រើននោះ ក៏បានប្រគល់តួនាទីឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបន្ទុក លើកិច្ចការអាយឆាដែលជា យន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ាន ដើម្បីគ្រប់គ្រងឲ្យមានសង្គតភាព នៃដំណើរការការងារសិទ្ធិមនុស្ស ទាំងថ្នាក់ជាតិថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការ សហប្រជាជាតិផងដែរ។
ជាមួយគ្នានេះក៏អនុញ្ញាតឲ្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែង និងដឹកនាំកិច្ចប្រជុំចំនួន៦ នៅពេលអាយឆាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមរួចហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លងមក ៕