ភ្នំពេញ ៖ អនុវត្តតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូងដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ចំនួន ៩,២០៥,៦៧៥នាក់ និងឈ្មោះអ្នកនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចំនួន ២២៤,៩៧០នាក់ ព្រមទាំងការិយាល័យបោះឆ្នោត ចំនួន២៣,៦០២ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៣ មករា ។

សេចក្តីប្រកាសបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនេះ មានគោលបំណងឲ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា និងប្តឹងជំទាស់។

គ.ជ.ប ឲ្យដឹងថា ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមពាក្យបណ្ដឹង (ទម្រង់បែបបទលេខ ១២០២) ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)៕
