DAP News

ព័ត៌មានជាតិ

បទវិភាគ៖ ការចូលជាធរមាន នៃកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាងចិន​ និងកម្ពុជា នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់ការស្តារ សេដ្ឋកិច្ចកម្ពុជា ឡើងវិញ

ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (ហៅកាត់ RCEP)» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជា បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ ។ កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅលើពិភពលោក ដែលបានគ្របដណ្តប់ចំនួនប្រជាជន ច្រើនជាងគេ មានទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មធំជាងគេ និងមានសក្តានុពល អភិវឌ្ឍន៍ខ្លាំងជាងគេ រីឯកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជាវិញ បានតំណាងឱ្យកម្រិតខ្ពស់បំផុត នៃប្រទេសទាំងពីរចិន និងកម្ពុជា ក្នុងកិច្ចចរចាស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ។

ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលសម្រេចការអនុម័ត លើកិច្ចព្រមព្រៀង RECPមុនគេ រាជរដ្ឋាភិបាល និងមជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវ របស់កម្ពុជា មានក្ដីរំពឹងទុកជាខ្លាំង ចំពោះការចូលជាធរមាន របស់កិច្ចព្រមព្រៀង RECP ។
ចំពោះកិច្ចព្រមព្រៀងនេះ មន្ត្រីនិងអ្នកជំនាញរបស់កម្ពុជា បានថ្លែងថា នេះជានិមិត្តសញ្ញា ក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី របស់កម្ពុជានិងចិន ហើយនឹងក្លាយទៅជាម៉ាស៊ីន ជំរុញការនាំចេញរបស់កម្ពុជា ក៏ដូចជានឹងជួយកម្ពុជា ស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩ ។

នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា បន្ទាប់«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ »ចូលជាធរមានជាផ្លូវការ កាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ ទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម កាន់តែច្រើនរបស់ប្រទេសកម្ពុជា អាចទទួលបានការអនុគ្រោះពន្ធ ។

សេចកី្តប្រកាសព័ត៌មាន បានដកស្រង់លទ្ធផល នៃការសិក្សាស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើននាំចេញ ប្រចាំឆ្នាំចំនួន ៧.៣ភាគរយ និងវិនិយោគចំនួន២៣.៤ភាគរយ ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចព្រមព្រៀង RCEP គឺជាជ័យជំនះ នៃពហុភាគីនិយម និងពាណិជ្ជកម្មសេរី វានឹងក្លាយទៅជាមូលដ្ឋានគ្រឹះ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងតំបន់ ពង្រីកខ្សែសង្វាក់ផលិតកម្ម ក្នុងតំបន់ និងបង្កើតការងារ និងឱកាសទីផ្សារកាន់តែច្រើន សម្រាប់ប្រជាជន និងអាជីវកម្មក្នុងតំបន់ ។

ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។

យោងតាមទិន្នន័យ នៃធនាគារពិភពលោក បានឱ្យដឹងថា ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានថយចុះ៣.១ភាគរយ នៅឆ្នាំ២០២១ ល្បឿនកំណើនសេដ្ឋកិច្ច មានតែ២.២ភាគរយប៉ុណ្ណោះ ។ ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ អត្រាកំណើនសេដ្ឋកិច្ច គិតជាមធ្យមក្នុងមួយឆ្នាំៗ របស់កម្ពុជា បានកើនឡើងដល់ ៧.៧ភាគរយ ជាតួអង្គសេដ្ឋកិច្ចមួយ ក្នុងចំណោមតួអង្គសេដ្ឋកិច្ច ដែលមានកំណើនលឿនបំផុត ក្នុងពិភពលោក ។

ក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជា ថយថមចុះជាបន្តបន្ទាប់ ដោយសាររងឥទ្ធិពល ពីជំងឺកូវីដ១៩ ដៃគូពាណិជ្ជកម្មប្រពៃណីដូចជាអឺរ៉ុប និងអាមេរិកជាដើម មិនគ្រាន់តែមិនផ្តល់ការគាំទ្រប៉ុណ្ណោះទេ ថែមទាំងបែរជាទម្លាក់កំហុស ឱ្យកម្ពុជាទៀតផង ។

នៅខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា បានដកយកវិញនូវផ្នែកខ្លះ នៃភាពអនុគ្រោះពន្ធEBA របស់កម្ពុជា ដោយលើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្វើជាលេស រីឯអាមេរិកវិញក៏ដូចគ្នាដែរ ដែលបានដាក់សម្ពាធ ទៅលើកម្ពុជាជាបន្តបន្ទាប់ ដោយយកបញ្ហាពុករលួយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាដើម ធ្វើជាលេស ។

បើប្រៀបធៀបនឹងអឺរ៉ុប និងអាមេរិក ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោក ប្រទេសចិន បានប្រកាន់ខ្ជាប់ឥរិយាបទ នៃប្រទេសធំជាប់ជានិច្ច ក្នុងកិច្ចសហប្រតិបតិ្តការ និងការបែងចែកការងារ លើឆាកអន្តរជាតិ ។ ជាពិសេស គឺក្នុងរយៈពេលជំងឺកូវីដ១៩ រីករាលដាលយ៉ាងធ្ងន់ធ្ងរ ស្ថានភាពសេដ្ឋកិច្ចសកល មានភាពអាប់អួក្រៃលែង សង្គមនិងសេដ្ឋកិច្ច ត្រូវស្តារឡើងវិញជាបន្ទាន់ ជានិច្ចកាល ប្រទេសចិនបានសន្យាថា នឹងផ្តល់ផលប្រយោជន៍ និងការឈ្នះ-ឈ្នះ ដល់បណ្តាប្រទេសនានា ហើយរួមសុខរួមទុក្ខជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាជំនះលើឧបសគ្គ ។

ការចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ជាឧទាហរណ៍ដ៏ល្អមួយ ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងមានអំណោយផល ដល់កិច្ចសហប្រតិបតិ្តការ ក្នុងការផលិតរវាងប្រទេសទាំងពីរ និងបង្កើនកិច្ចកសាងខ្សែសង្វាក់ ឧស្សាហកម្មកម្ពុជា ដើម្បីកៀរគរសហគ្រាស នៃបណ្តាប្រទេសនានា មកបណ្តាក់ទុននៅកម្ពុជា ។

តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា នឹងជំរុញឱ្យកម្ពុជាសម្រេចបាន នូវពិពិធកម្មនៃការនាំចេញ និងផ្តល់ឱកាសទីផ្សារកាន់តែច្រើន ដល់កម្ពុជា សម្រាប់ការពង្រីកបង្កបង្កើតកសិកម្ម កែច្នៃកសិផល និងផលិតផលិតផល មិនមែនវាយនភណ្ឌ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងសកម្ម ជាមួយក្រសួងផ្សេងទៀត ខិតខំប្រឹងប្រែងពង្រីកការនាំចេញ ទំនិញទៅកាន់ដៃគូពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ។ ដោយឡែកក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលទិន្នន័យថ្មី ដើម្បីប្រមូលនិងធ្វើវិភាគ ចំពោះទិន្នន័យធំខាងពាណិជ្ជកម្ម ។

មិនថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ឬកិច្ចព្រមព្រៀង RCEP ក៏ដោយ និយាយចំពោះសហគ្រាស នៃប្រទេសទាំងពីរ ចិននិងកម្ពុជា សុទ្ធតែអាចកាត់បន្ថយ ចំណាយថ្លៃដើមនៃផលិតកម្ម ហើយចំពោះអ្នកប្រើប្រាស់ នៃប្រទេសទាំងពីរ ចិននិងកម្ពុជាវិញ គឺអាចទទួលផលិតផល មានគុណភាព និងតម្លៃថោក ។ ជាពិសេស ក្នុងបរិបទ ដែលជំងឺកូវីដ១៩ នៅតែរីករាលដាល កិច្ចព្រមព្រៀងទាំងពីរនេះ នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់កម្ពុជា ក្នុងការបង្កើន និងលើកកម្ពស់កម្រិតសេដ្ឋកិច្ច ក៏ដូចជាផ្តល់ជំនួយសម្រាប់ឱ្យកម្ពុជា សម្រេចបាននូវគោលដៅ រយៈពេលមធ្យម និងយូរអង្វែង នៃការអភិវឌ្ឍ របស់ប្រទេសជាតិផងដែរ៕

To Top