ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានលើកឡើងថាអង្គភាពស៊ីម៉ាក់(CMAC) នឹងដោះស្រាយបញ្ហាតំបន់គ្រាប់មីននៅសេសសល់ដែលមានកំណត់ត្រាក្នុងទិន្នន័យជាតិបានប្រមាណជាង ៩០%ពោលគឺប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហេង រតនា បានឱ្យដឹងថា តាមផែនការអង្គភាពស៊ីម៉ាក់(CMAC) ក្នុងឆ្នាំ២០២២នេះ មានគោលដៅបោសសំអាតរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន តំបន់គ្រាប់បែកចង្កោម និងតំបន់សំណល់គ្រាប់យុទ្ធភណ្ឌសង្រ្គាមនានាចំនួនជិត ២០០គីឡូម៉ែត្រក្រឡា កើនឡើងជិត ៩០%ប្រៀបធៀបនឹងផែនការឆ្នាំ២០២១។
លោក ហេង រតនាបន្តថា ចំនួននេះជារបត់ថ្មីនៃយុទ្ធសាស្រ្ដដើម្បីគាំទ្រផែនការយុទ្ធសាស្រ្ដ និងការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលគឺ “ចុងឆ្នាំ២០២៥ កម្ពុជាគ្មានការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស” ដែលការប្ដេជ្ញាចិត្ដនេះស្របតាមស្មារតីអនុសញ្ញាអន្តរជាតិអូតាវ៉ានៃការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។
លោកបញ្ជាក់ថា ដើម្បីសំរេចផែនការឆ្នាំ ២០២២នេះ និងឆ្នាំទៅមុខបន្តទៀតអង្គភាពស៊ីម៉ាក់(CMAC) បានទទួលនូវការគាំទ្រទាំងថវិកា សំភារៈបច្ចេកទេស និងការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុនផ្ទាល់ រាជរដ្ឋាភិបាលជប៉ុនតាមរយៈJICA និងតាមរយៈអង្គការJMAS រដ្ឋាភិបាលចិន រដ្ឋាភិបាលអាមេរិកតាមរយៈអង្គការNPA រដ្ឋាភិបាលណ័រវេស្សតាមរយៈអង្គការAPOPO រដ្ឋាភិបាលអូស្រ្ដាលី កូរ៉េខាងត្បូង និងរដ្ឋាភិបាលកាណាដាតាមរយៈយន្ដការពហុភាគីUNDP/CMAA រួមទាំងដៃគូមួយចំនួនទៀត៕