ភ្នំពេញ ៖ ក្រោមហេតុផល ជាប់បំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ មករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងពីការអាក់ខាន ក្នុងការរៀបចំទិវាជ័យជំនះ៧ មករា ព្រោះបើធ្វើតូចពេកមិនសម តែបើធ្វើធំពេក ខ្លាចមានបញ្ហាកើតឡើង ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករថ្មី បានប្រកាសមិនរៀបចំទិវាជ័យជំនះ ៧មករានោះទេ សម្រាប់ឆ្នាំ២០២២ ។
ជាថ្មីម្ដងទៀត នៅចុងម៉ោង ក្នុងពីធីប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាស ពិភពលោក ពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំនៅតែមិនទាន់ដាច់ចិត្ត ធ្វើកម្មវិធី៧មករា ព្រោះធ្វើតូចពេកវាមិនសាកសម តែបើធ្វើធំពេកក្រែងវាមានបញ្ហា ចឹងទេបាន ថ្ងៃ៧មករា ខ្ញុំឆ្លៀតទៅ មីយ៉ាន់ម៉ា» ។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ក៏នឹងមានសារខ្លី ជូនប្រជាពលរដ្ឋ សម្រាប់យល់ដឹងពីថ្ងៃ៧មករា នេះផងដែរ៕