កំពង់ចាម ៖ ក្នុងពិធីបូកសរុបលទ្ធផល ការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ចាម នារសៀលថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យសាមីអង្គភាព យកទៅអនុវត្ត ក្នុងឆ្នាំ២០២២នេះ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ទន្ទឹមនឹងសមិទ្ធិផលដែល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រេចបាន ក្នុងឆ្នាំ២០២១នោះ ខ្ញុំសូមផ្តល់នូវអនុសាសន៍ មួយចំនួនជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីយកទៅអនុវត្ត បន្តដូចខាងក្រោម ៖
ទី១ ៖ ជម្រុញការផ្សព្វផ្សាយបច្ចេកទេស កសិកម្មសមស្រប និងពិពិធកម្មកសិកម្ម
ទី២ ៖ ជម្រុញការិយាល័យជំនាញ បន្តចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប អោយបានទាន់ពេលវេលា
ទី៣ ៖ ត្រៀមលក្ខណៈ និងសម្ភារទុកជាមុនសម្រាប់ចុះអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេស គ្រោះខ្វះទឹក ត្រូវចេះសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វ
ផ្សាយដល់កសិករឲ្យចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ
ទី៤ ៖ សូមមន្ត្រីជំនាញរបស់មន្ទីរ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អបន្ថែមទៀត និងបន្តកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងអង្គការជាតិ-អន្តរជាតិដែលជួលឧបត្ថម្ភគាំទ្រលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទី៥ ៖ បន្តជម្រុញការអប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្មនិងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាពដល់កសិករ និងក្រុមហ៊ុនផ្សេងៗ
ទី៦ ៖ មជម្រុញការចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារដើម្បីជួយប្រជាកសិករ
ជៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល
ទី៧ ៖ ត្រៀមជម្រុញមន្ត្រីជំនាញ ឲ្យចុះធ្វើការផ្សព្វផ្សាយ និងសហការសម្របសម្រួលជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អនុវត្តប្រកាសស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ និងសេចក្តីណែនាំ របស់រដ្ឋបាលខេត្តកំពង់ចាម
ទី៨ ៖ ត្រូវត្រៀមវ៉ាក់សាំងដែលចាំបាច់ ជាពិសេសវ៉ាក់សាំងជំងឺអុតក្តាម(FMD) ពីគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់ការធ្វើយុទ្ធនាការនៅមូលដ្ឋាន
ទី៩ ៖ ត្រូវខិតខំបន្តអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលព្រៃឈើ និងបន្តអនុវត្តច្បាប់ បទបញ្ជា សារាចរ ប្រកាស របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងការគ្រប់គ្រងការពារវិស័យព្រៃឈើ
ទី១០ ៖ ត្រៀមការងារទប់ស្កាត់ និងការបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច និងជម្រុញការអនុវត្តច្បាប់ចំពោះសិប្បកម្មកែច្នៃ និងរោងសន្និធិ លក់ ចែកចាយផល អនុផលព្រៃឈើ
ទី១១ ៖ ខិតខំបណ្តុះកូនឈើសម្រាប់ដាំ និងចែកចាយជូនប្រជាពលរដ្ឋទៅដាំនៅតាមលំនៅដ្ឋាន និងផ្លូវសាធារណៈ និងថែទាំកូនឈើដែលមានក្នុងថ្នាល
ទី១២ ៖ ន្តផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើនិងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យព្រៃឈើ
ទី១៣ ៖ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍
ទី១៤ ៖ ត្រៀមការសហការក្នុងការចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទពិសេសនៅតំបន់អភិរក្សជលផល
ទី១៥ ៖ ចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មីដែលបានជ្រើសរើស។
ទី១៦ ៖ បន្តចុះផ្សព្វផ្សាយដល់វារីវប្បករទូទៅ ស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆៅ។
ទី១៧ ៖ មន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញ ដើម្បីកំណត់ផ្ទៃដីបឹង ដីរដ្ឋរក្សាទុក ត្រូវបោះបង្គោលព្រំ និងចុះបញ្ជីឱ្យបានត្រឹមត្រូវ។
ទី១៨ ៖ ពិនិត្យលទ្ធភាពក្នុងការសិក្សាប្រភេទដីជូនប្រជាពលរដ្ឋ
ទី១៩ ៖ បង្កើនការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ជូនដល់ប្រជាពលរដ្ឋ សំដៅឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់ស្របតាមតំរូវការទីផ្សារ៕