ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំឲ្យបង្ក្រាប បទល្មើសសម្អាតប្រាក់ សំដៅរក្សាស្ថិរភាព និង សុចរិតភាព ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធ មហាប្រល័យ (គ.ស.ហ) បានណែនាំក្រុមការងារ នៅតាមក្រសួង-ស្ថាប័ន ពាក់ព័ន្ធទប់ស្កាត់ បង្ក្រាបបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសពាក់ព័ន្ធ ឲ្យមានប្រសិទ្ធភាព សំដៅរក្សាស្ថិរភាព និងសុចរិតភាព នៃប្រព័ន្ធវត្ថុកម្ពុជា។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេចស្ដីពី គ.ស.ហ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសណ្ឋាគារ សុខាភ្នំពេញ សម្ដេច ស ខេង បានថ្លែងថា «សូមណែនាំបន្ថែមដល់ក្រុមការងារ នៅតាម ក្រសួង-ស្ថាប័ន ពាក់ព័ន្ធឲ្យពង្រឹង ស្មារតី សហប្រតិបត្តិការ ខ្ពស់ និងបំពេញ ភារកិច្ច ក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវ រៀងៗខ្លួន ដើម្បីធានាឲ្យបាននូវវឌ្ឍនភាព ជាគន្លឹះមួយចំនួន នៃការទប់ស្កាត់ ការបង្ការ និងការបង្ក្រាប បទល្មើសសម្អាតប្រាក់ និងបទល្មើសពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹង ប្រព័ន្ធប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយ អាវុធមហាប្រល័យ សំដៅរក្សាស្ថិរភាព និង សុចរិតភាព នៃប្រព័ន្ធវត្ថុកម្ពុជា»។

សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេចស្ដីពី គណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីក សាយភាយអាវុធ មហាប្រល័យ (គ.ស.ហ) មានគោលបំណង ពង្រឹងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការជាតិ និងអន្តរជាតិ របស់កម្ពុជាដែលក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តលើការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីក សាយភាយអាវុធមហាប្រល័យ ៕

To Top