ព័ត៌មានជាតិ

ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យពលរដ្ឋ ក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ ស្រាលជាង ១ពាន់សំណើ

ភ្នំពេញ ៖ ក្នុងរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០២១ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះសំណេះសំណាល ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំង សាងសង់តូចតាច ក្នុងគោលដៅទាំង៥ ស្រុក-ក្រុង ក្នុងតំបន់ឧទ្យាន អង្គរ រួមទាំង ក្រៅតំបន់ ឧទ្យានអង្គរ ចំនួនសំណើ២២១៨ ក្នុងនោះ អនុញ្ញាតឲ្យប្រជាពលរដ្ឋ ចំនួន១៣១៣សំណើ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា «ការចុះពិនិត្យ និងអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាន នៅស្រុកប្រាសាទបាគង ចំនួន២០១សំណើ ស្រុកអង្គរធំ ចំនួន២៨៣សំណើ ស្រុកពួក ចំនួន២២០សំណើ ក្រុងសៀមរាប ចំនួន៣១៥សំណើ ស្រុកបន្ទាយស្រី ចំនួន២៦៣សំណើ និងក្រៅឧទ្យានអង្គរ ចំនួន៣២សំណើ សរុបចំនួន១៣១៣សំណើ»។

ជាងនេះទៅទៀត ក្រុមការងារសហគមន៍ ក៏បានចូលរួមក្នុងកិច្ចការមនុស្សធម៌ និងកិច្ចការសាសនា ឧបត្ថម្ភថវិកាដល់ចាស់ព្រឹទ្ធាចារ្យ ចាស់ជរា ជនពិកា ជនទីទ័លក្រ អ្នកជំងឺ កុមារពិកា។ ឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ និងកម្មវិធីផ្សេងៗ នៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាល ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងឧទ្យានអង្គរ។

អាជ្ញាធរជាតិអប្សរាបន្ដថា ឆ្នាំ២០២១ បញ្ហាប្រឈមពាក់ព័ន្ធ នឹងសំណើសុំជួសជុល និងសាងសង់តូចតាច នៅច្រើន (ក្នុងឧទ្យានអង្គរ) ក្រុមការងារគោលដៅមួយចំនួន បានផ្អាកចុះពិនិត្យ និងដោះស្រាយក្នុងខែខ្លះ ពី២ទៅ៣សប្តាហ៍ ដោយសារការរីករាលដាលខ្លាំង នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារនៅតែមាន។

អាជ្ញាធរជាតិអប្សរា បន្ថែមថា ការប្រកាសលក់ដី នៅក្នុងតំបន់ការពារ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងការដាក់ស្លាក (ដីលក់) ផ្ទាល់ក្នុងតំបន់ការពារ នៅតែមាន ។ គោលដៅបន្ត ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា នឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ច របស់អាជ្ញាធរជាតិ អប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ និងនីតិវិធី នៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ ផ្ទះក្នុងឧទ្យានអង្គរ ៕

To Top