ភ្នំពេញ៖ ស្របពេលដែល ប្រមុខដឹកនាំប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បំពេញទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌល សារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា កម្ពុជា បង្កើនការទុកចិត្តពី គម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន ដែលហៅកាត់ថា ប្រ៊ី (BRI)។
សូមរំលឹកថា ស្ថានការណ៍នយោបាយ នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា បាននឹងកំពុងមានភាពតានតឹងយ៉ាងខ្លាំង ក្រោយមេដឹកនាំរដ្ឋប្រហារ មីន អាំលាំង ធ្វើការចាប់ខ្លួនលោកស្រី អាំង សានសូជី កាលពីដើមឆ្នាំ២០២១ ហើយត្រូវសហគមអន្តរជាតិ ជាច្រើន ជាពិសេសពួកប្រទេសលោកខាងលិច ធ្វើការថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើ មេដឹកនាំរដ្ឋប្រហាររូបនេះ។
នៅលើគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានលើកឡើងថា «ព្រឹកថ្ងៃ៧មករាឆ្នាំ ២០២២ នេះមេដឹកនាំសន្តិភាពកម្ពុជាសម្តេចតេជោ ហ៊ុន សែន នឹងហោះទៅជួបមេដឹកនាំយោធាភូមា ដើម្បីពិភាក្សារកច្រកចេញ នៅក្នុងបញ្ហាវិបត្តិនយោបាយ របស់ភូមា ឆ្ពោះទៅរកសន្តិភាពនៃប្រទេសនេះ»។
លោកបន្ថែមថា «ម្យ៉ាង ភូមា ជា សមាជិកអាស៊ាន ដូច្នេះ កម្ពុជាដែលជាប្រធានអាស៊ាន ចង់ឱ្យភូមាបានចូលប្រជុំវិញ ដែលកម្ពុជាបាននិយាយថា អាស៊ានកន្លងមកអត់គ្រប់ទឹក ដោយសារតែអាស៊ានមិនឱ្យភូមាចូលប្រជុំ។
លោក សយ សុភាព បន្តថា «លើសពីនេះទៅទៀតកម្ពុជា និង ភូមា គឺជាប្រទេសដែលបានចូលរួមបង្កើតប្រ៊ី នៅការហ្សាក់ស្ថានជាមួយគ្នា កាលពីឆ្នាំ២០១៣ ដោយមានមហាយក្សចិនជាអ្នកផ្តួចផ្តើម។ ដូច្នេះប្រទេសយើងទាំង២នៅក្នុងកន្ត្រកតែមួយ។
លោកថា ពិតហើយកម្ពុជាមិនអាចដោះស្រាយ ម្តងដល់ទីបញ្ចប់ទេ តែអាចជាការចាប់ផ្តើមកាយប្រឡាយឱ្យទឹកហូរ លែងស្ទះលូដែរ។ ពោលកម្ពុជានឹងស្នើឱ្យភូមាអនុវត្តន៏ផែនទីចង្អុលផ្លូវ ៥ចំនុចដែលអាស៊ាន បានដាក់ចេញនៅឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២១ ដែលក្នុងនោះកម្ពុជា បានផ្តួចផ្តើម ៣ចំនុច និងសិង្ហបុរី២ចំនុច។
អ្នកកាសែតជីងចាស់រូបនេះ បានលើកឡើងថា កម្ពុជា រំពឹងថា ភូមា នឹង មិនបំបាក់មុខកម្ពុជាទេ ដោយសារ ប្រទេសទាំង២ មានយុទ្ធសាស្ត្ររួមគ្នា ពោលជាអ្នកចូលរួមស្ថាបនិកជាមួយចិនលើយុទ្ធសាស្ត្រ«ប្រ៊ី» ដែលមានប្រទេសឡាវ ជាសមាជិកស្ថាបនិកដូចគ្នា។
លោកបន្ថែមថា ក្រៅពីបញ្ហាភូមា ដែលពេលនេះកម្ពុជា បានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន។ កម្ពុជាពិតណាស់ នឹងទទួល បានការកោតសរសើរ និងជំនួយគ្រប់បែបយ៉ាងពីចិនដែលជាក្បាល រថភ្លើងល្បឿនលឿនបំផុតរបស់ចិន។ ជាពិសេស មេដឹកនាំបក្សកាន់អំណាចតែម្តង រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ហើយបានបង្ហាញយ៉ាងច្បាស់ផា កម្ពុជាពិតជាប្រទេស ឯករាជ្យ និង សន្តិភាព។