ព័ត៌មានជាតិ

រដ្ឋបាលជលផល ​ឱ្យពលរដ្ឋ រួសរាន់ធ្វើ ប្រហុក ផ្អក ឬត្រីឆ្អើរ

ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យប្រជាពលរដ្ឋ រួសរាន់ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ព្រោះ គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងភ្នំពេញ អាចបន្តនេសាទត្រីបានច្រើន នៅក្នុងខែបុស្សនេះ ។

យោងតាមសេចក្ដីជូនដំណឹង បន្ថែមរបស់ រដ្ឋបាលជលផល នាថ្ងៃទី៦ មករា បានឲ្យដឹងថា ក្នុងរដូវនេសាទ ឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដាន កំពស់ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចបន្តនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ ចាប់ពីថ្ងៃទី៩ ដល់១៤ ខែមករា ឆ្នាំ២០២២ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ ។

រដ្ឋបាលជលផល បញ្ជាក់ថា «យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែល មានបំណង ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំនោះ សូមមេត្តាអញ្ជើញមកទិញត្រី ឱ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចបាន ជម្រាបជូនខាងលើ» ។

ចំពោះករណីនេះ រដ្ឋបាលជលផល បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តា ជួយបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលផល នេសាទបាន ដោយរលូនតាមការគួរ ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផល ក៏សំណូមពរដល់ប្រជាពលរដ្ឋ មេត្ត អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល អំពីវិធានការការពារមេរោគកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួនផងដែរ ៕

To Top