ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធអំពើ ឃាតកម្ម វាយសម្លាប់បុរសរងគ្រោះម្នាក់ ដោយសារជម្លោះពាក្យសម្តី

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសពិការភ្នែកម្ខាងម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ សវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណី ឃាតកម្ម ដោយយកដំបងវាយ ទៅលើបុរសរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់នៅនឹង កន្លែងកើតហេតុ ប្រព្រឹត្ត ភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

អំពីឃាតកម្មនេះ កើតឡើង កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជាង ៥ និង ៣០នាទី ល្ងាច នៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

យោងតាមរបាយការណ៍ របស់មន្ត្រីនគរបាលយុត្តិធម៌ ខេត្តសៀមរាបឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ផាន់ សូយ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ជាកសិករ ។

ជនត្រូវចោទត្រូវបាន ជាប់ចោទពីបទ ឃាតកម្ម តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២២។

ចំណែកឯ ជនរងគ្រោះឈ្មោះ សឿយ អឿយ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ: កសិករ។

អ្នកទាំងពីរ មានទីលំនៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប នៅកន្លែងកើតហេតុខាងលើ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បាននៅចំណុចក្បែសាលាឆទាន ភូមិរលំ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។

មន្ត្រីនគរបាលបាននិយាយថា មូលហេតុ នៃ អំពើឃាតកម្ម ខាងលើនេះ គឺ បានកើតឡើង ដោយសារតែ ជម្លោះពាក្យសម្ដី រវាងជនជាប់ចោទ និង ជនរងគ្រោះ រឿងធ្វើម្ហូបអាហារហូប រួមគ្នា នៅសាលាឆទាន នៅក្នុងភូមិ៕

ដោយ រស្មី អាកាស

To Top